Admin, 10 June 2026
តំណាងម៉ាកយីហោបានចែករំលែកថា រថយន្ត SUV ប្រើប្រាស់ថាមពលកូនកាត់ប្រភេទដោតខ្សែ (Plug-in Hybrid) បែប Off-road ម៉ូដែល GAC Yue 7 នឹងឈានជើងចូលទីផ្សារប្រទេសចិននៅក្នុងត្រីមាសទី 3 ឆ្នាំ 2026 នេះ។ វាជារថយន្ត SUV ខ្នាតធំដែលមានប្រវែងតួខ្លួន 5ម៉ែត្រ បំពាក់កញ្ចប់អាគុយទំហំ 46 kWh និងអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 188 គីឡូម៉ែត្រ។ ម៉ូដែល Yue 7 នេះ នឹងចូលខ្លួនមកប្រជែងជាមួយ Denza B5 និងរថយន្ត Off-road ដ៏រឹងមាំផ្សេងទៀត។
កាលពីមុន រថយន្ត GAC Yue 7 ធ្លាប់ត្រូវបានបង្ហើបឱ្យឃើញនៅក្នុងប្រទេសចិនក្រោមឈ្មោះថា GAC Trumpchi T75 off-roader។ នៅក្នុងខែមេសា ឆ្នាំ 2026 ម៉ូដែលនេះបានបង្ហាញខ្លួនជាផ្លូវការនៅក្នុងពិព័រណ៍រថយន្ត Beijing Auto Show។ បន្ទាប់មក ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន បានលាតត្រដាងពីលក្ខណៈបច្ចេកទេសស្នូលរបស់រថយន្តនេះ ក្នុងកំឡុងពេលដំណើរការចុះបញ្ជីអនុម័តក្នុងស្រុក។ Yue 7 គឺជារថយន្តដែលប្រើប្រាស់គ្រោងឆ្អឹងជាប់តួខ្លួន (unibody) ប៉ុន្តែត្រូវបានពង្រឹងសមត្ថភាពបើកបរ Off-road ឱ្យកាន់តែខ្លាំងក្លា។
GAC Yue 7 គឺជារថយន្តខ្នាតធំដែលមានរចនាបថរូបរាងខាងក្រៅបែបប្រអប់ដុំៗ, ចង្កៀងមុខរាងចតុកោណកែង, រង្វង់កង់រីកធំទៅចំហៀង និងមានកាងឡានទំហំធំ។ វាមានបំពាក់ប្រព័ន្ធសេនស័រ LiDAR នៅលើដំបូល ដែលជាក់ស្តែងជាប្រភេទសេនស័រកម្រិត 896 ខ្សែ (896-line sensor) ផលិតដោយក្រុមហ៊ុន Huawei។ នៅផ្នែកខាងក្រោយ វាមានទ្វារឃ្លុបបែបបើកចំហៀង ជាមួយការដំឡើងកង់សម្រុងជាប់ទ្វារនោះ។ វិមាត្ររបស់រថយន្ត SUV នេះមាន ប្រវែង 5,045mm ទទឹង 2,030mm, កម្ពស់ 1,933mm និងមានប្រវែងចន្លោះកង់មុខក្រោយ 2,900mm ដោយផ្នែកខាងក្នុងមានចំនួន 5 កៅអី។
រថយន្ត Off-road នេះ បានរួមបញ្ចូលនូវប្រព័ន្ធ Plug-in Hybrid ជំនាន់ GMC 3.0 ជាមួយប្រព័ន្ធបើកបរ i-4WD (all-wheel drive)។ វាបំពាក់ម៉ាស៊ីនសាំងទើបូ ចំណុះ 1.5 លីត្រ កូដ 4A15J4 ដែលផលិតកម្លាំងបាន 125 kW (168 សេះ)។ ម៉ាស៊ីនចំហេះក្នុង (ICE) នេះ ត្រូវបានបំពេញបន្ថែមដោយម៉ូទ័រអគ្គិសនីចំនួនពីរ ដែលបង្កើតកម្លាំងសរុបចុងក្រោយបានរហូតដល់ 400kW (536 សេះ)។ វាមានជម្រើសកញ្ចប់អាគុយចំនួនពីរគឺ៖ ទំហំ 28.3kWh និងទំហំ 46 kWh ដែលផ្ដល់ចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធចន្លោះពី 116 ដល់ 188 គីឡូម៉ែត្រ។
ថ្នាក់ដឹកនាំម៉ាកយីហោនេះបានថ្លែងថា រថយន្ត Yue 7 អាចរក្សាការទាញរុញទៅមុខដោយប្រើកង់តែមួយបាន ទោះបីជាកង់បីផ្សេងទៀតផុតពីដីក៏ដោយ។ កម្លាំងរមួល (torque) របស់វាអាចត្រូវបានបង្កើនឡើងរហូតដល់ 5 ដង នៅពេលបើកបរវារយឺតៗក្នុងល្បឿនទាប (crawling)។ ជាលទ្ធផល Yue 7 ត្រូវបានកំណត់ទីតាំងជារថយន្ត Off-road ដ៏រឹងមាំមួយ។ វានឹងក្លាយជាគូប្រជែងជាមួយ Denza B5 (FCB Bao 5), Tank 400 និងរថយន្ត SUV ផលិតក្នុងស្រុកផ្សេងទៀតដែលដាក់លក់នៅក្នុងប្រទេសចិន។
ការបើកលក់នៅលើទីផ្សារជាផ្លូវការសម្រាប់ GAC Yue 7 ត្រូវបានកំណត់កាលវិភាគនៅក្នុងត្រីមាសទី 3 ឆ្នាំ 2026 នេះ។ វានឹងក្លាយជាផ្នែកមួយនៃម៉ាកយីហោ GAC Trumpchi ដែលជាម៉ាកលក់រថយន្តប្រភេទម៉ាស៊ីនសាំង (ICE) និងប្រភេទ Plug-in Hybrid (PHEV) នៅក្នុងប្រទេសចិន។ យោងតាមទិន្នន័យពី China EV DataTracker ម៉ាក GAC Trumpchi បានប្រគល់រថយន្តចំនួន 14,888 គ្រឿងក្នុងស្រុក កាលពីខែមេសា ឆ្នាំ 2026 ដែលការលក់នេះបានធ្លាក់ចុះ 25.8% ធៀបនឹងឆ្នាំមុន (Year-Over-Year)។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
