Admin, 03 August 2026
រថយន្តម៉ូដែល Stelato G9 ដែលជាផ្នែកមួយនៃសម្ព័ន្ធភាព Harmony Intelligent Mobility Alliance (HIMA) របស់ក្រុមហ៊ុន Huawei នឹងបើកទទួលការកក់ទុកមុន (pre-orders) នៅក្នុងប្រទេសចិននៅថ្ងៃទី 5 ខែសីហា ដោយក្លាយជារថយន្ត SUV បែបកាចរឹងមាំ (rugged SUV) ដំបូងបង្អស់របស់សម្ព័ន្ធភាពមួយនេះ។
ក្រុមហ៊ុន Stelato បានប្រកាសនៅលើបណ្តាញសង្គម Weibo កាលពីថ្ងៃអង្គារថា ម៉ូដែល G9 នឹងបើកការលក់មុន (pre-sales) នៅក្នុងព្រឹត្តិការណ៍មួយដែលចាប់ផ្តើមនៅម៉ោង 2:30 នាទីរសៀល (ម៉ោងនៅប៉េកាំង) នាថ្ងៃទី 5 ខែសីហា។ រថយន្ត SUV ខ្នាតធំមួយនេះ ត្រូវបានរំពឹងថានឹងដាក់លក់ជាផ្លូវការនៅក្នុងត្រីមាសទីបី។
កាលពីម្សិលមិញ ម៉ាក Maextro ដែលជាម៉ាកយីហោមួយផ្សេងទៀតក្រោមសម្ព័ន្ធ HIMA បាននិយាយថា ខ្លួននឹងដាក់លក់រថយន្តប្រភេទ MPV ប្រណីតប្រើប្រាស់ប្រព័ន្ធពង្រីកចម្ងាយ (EREV) ចំនួនពីរម៉ូដែលគឺ Maextro V800 និង V680 នៅក្នុងព្រឹត្តិការណ៍តែមួយនេះផងដែរ។
រថយន្ត Stelato G9 មានតួខ្លួនរាងប្រអប់ (boxy body) ជាមួយនឹងបន្ទះអាលុយមីញ៉ូមរត់កាត់ទទឹងមុខឡាន និងបណ្តុំភ្លើងមូលតម្រៀបជួរឈរនៅផ្នែកខាងមុខ រួមទាំងឡូហ្គោម៉ាកយីហោដែលមានភ្លើងបំភ្លឺ។
វាមានវិមាត្រ៖ វាមានបណ្តោយប្រវែង 5,206 មីឡីម៉ែត្រ, ទទឹងប្រវែង 2,050 មីឡីម៉ែត្រ និងកម្ពស់ 1,897 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ (wheelbase) 3,160 មីឡីម៉ែត្រ។ យោងតាមឯកសារចុះបញ្ជីបទដ្ឋានគតិយុត្ត ប្រវែងតួខ្លួនអាចឡើងដល់ 5,377 មីឡីម៉ែត្រ ប្រសិនបើបំពាក់បន្ថែមនូវប្រអប់ផ្ទុកឥវ៉ាន់ខាងក្រោយ (optional rear-mounted storage box)។
សម្រាប់សមត្ថភាពបើកបរផ្លូវលំបាក (off-road) យានយន្តនេះមានសមត្ថភាពចុះទឹកបានជម្រៅរហូតដល់ 900 មីឡីម៉ែត្រ។ វាមានទ្វារឃ្លុបក្រោយបែបបើកទៅចំហៀង ហើយជម្រើសបន្ថែមរួមមាន៖ ប្រអប់ផ្ទុកឥវ៉ាន់ខាងក្រៅ, ឈ្នាន់ជើងអគ្គិសនី, ស្នូរដំបូល និងទំពក់សម្រាប់អូសសណ្តោង។
រថយន្ត Stelato G9 ក៏នឹងមានផ្តល់ជូននូវកំណែទម្រង់បំពាក់តង់លើដំបូល (rooftop-tent version) ដែលដំបូលរថយន្តអាចលើកឡើងពីខាងចំហៀង និងពង្រីកចេញជាតង់ពីរផ្នែកផងដែរ។
ផ្នែកខាងក្នុងប្រើប្រាស់វិធីសាស្ត្ររចនាបែបកាចរឹងមាំ ជាមួយនឹងកុងទ័រកណ្តាលបំពាក់អេក្រង់ចំនួនបី (triple-screen center console)។ ទម្រង់កៅអីមានពីរជម្រើស គឺប្រភេទ 5 កៅអី (2+3) និងប្រភេទ 6 កៅអី (2+2+2) ដោយកំណែទម្រង់ 6 កៅអី មានបំពាក់កៅអីទោលឯករាជ្យ (captain's chairs) នៅជួរទីពីរ។
យានយន្តនេះទទួលបានការបញ្ជាក់វិញ្ញាបនបត្រពីរោងចក្រ សម្រាប់ការអូសសណ្តោងទម្ងន់រហូតដល់ 2,000 គីឡូក្រាម ដែលអនុញ្ញាតឱ្យវាអាចអូសសណ្តោងរថយន្តស្នាក់នៅ (travel trailers) និងបន្ទុកផ្សេងៗទៀតបានយ៉ាងងាយស្រួល។
លើផ្នែកប្រព័ន្ធថាមពល រាល់វគ្គជម្រើសទាំងអស់របស់ Stelato G9 ដំឡើងមកជាស្តង់ដារជាមួយស្ថាបត្យកម្មវ៉ុលខ្ពស់ 800V និងប្រព័ន្ធអាគុយ Giant Whale របស់ Huawei។
វាប្រើប្រាស់ម៉ូទ័រឌុបសម្រាប់ប្រព័ន្ធបើកបរវិលពេញកង់ (AWD) ដោយម៉ូទ័រខាងមុខបង្កើតកម្លាំងបាន 160 kW និងម៉ូទ័រខាងក្រោយ 277 kW ធ្វើឱ្យកម្លាំងទិន្នផលសរុបកើនឡើងដល់ 437 kW (586 សេះ)។
វគ្គជម្រើសអគ្គិសនីសុទ្ធ (BEV) បំពាក់កញ្ចប់អាគុយប្រភេទ Ternary Lithium ទំហំ 120 kWh សម្រាប់ចម្ងាយបើកបរលើសពី 700 គីឡូម៉ែត្រ តាមស្តង់ដារ CLTC។ ចំណែកឯវគ្គជម្រើស EREV ផ្គូរផ្គងម៉ាស៊ីនសាំងទើបូ 1.5 លីត្រ (1.5T) ដែលអាចបើកបរចម្ងាយ ជាមួយកញ្ចប់អាគុយទំហំ 75.4 kWh ដោយផ្តល់នូវចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធលើសពី 400 គីឡូម៉ែត្រ និងចម្ងាយបើកបរសរុបរួមគ្នាលើសពី 13,00 គីឡូម៉ែត្រ តាមស្តង់ដារ CLTC។
Stelato គឺជាកិច្ចសហការរួមគ្នារវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុន Beijing Automotive Group (BAIC Group) ហើយរហូតមកដល់ពេលនេះ មានផ្តល់ជូនត្រឹមតែម៉ូដែល Sedan 09/S9 និងរថយន្តទម្រង់ស្ព័រ S9T តែប៉ុណ្ណោះ។ ម៉ូដែល G9 នឹងនាំម៉ាកយីហោមួយនេះចូលទៅក្នុងផ្នែកទីផ្សាររថយន្ត SUV បើកបរផ្លូវលំបាកបែបកាចរឹងមាំ។
កាលពីខែកញ្ញា ឆ្នាំ 2025 ក្រុមហ៊ុន Huawei និង BAIC បានដំឡើងកម្រិតភាពជាដៃគូរបស់ពួកគេទៅជាគំរូ «សហគមន៍យុទ្ធសាស្ត្រ» (strategic community) ដោយបានប្តេជ្ញាចិត្តវិនិយោគទឹកប្រាក់ចំនួន ប្រហែល 2.94 ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលបីឆ្នាំខាងមុខ លើវិស័យនានារួមមាន៖ ការរចនា, ប្រព័ន្ធជំនួយការបើកបរ និងប្រព័ន្ធកាប៊ីនឆ្លាតវៃ។
Stelato គឺជាម៉ាកយីហោមួយក្នុងចំណោមម៉ាកយីហោទាំងប្រាំ ស្ថិតក្រោមឆ័ត្រ HIMA របស់ Huawei រួមជាមួយ៖ Aito (របស់ Seres), Luxeed (របស់ Chery), Maextro (របស់ JAC) និង Shangjie (របស់ SAIC Motor )។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
