Admin, 23 March 2026

            ក្រុមហ៊ុន Suzuki បានបង្ហាញនូវគ្រោងពណ៌ថ្មីសម្រាប់ម៉ូតូចំនួនពីរ នៅក្នុងស្រឡាយ ម៉ូតូ ប្រភេទ Naked ឆ្នាំ 2026 របស់ខ្លួន គឺម៉ូដែល Suzuki GSX-S1000 និង Suzuki GSX-8S។

ឈុតពណ៌ទាំងពីរនេះដើរតាមរចនាបថពណ៌ស្រដៀងគ្នាគឺ ក្រហម ខ្មៅ និងប្រាក់ ហើយមើល ទៅពិតជាលេចធ្លោខ្លាំង ជាពិសេសគឺកង់ពណ៌ក្រហមរបស់ពួកវា។ ទោះជាយ៉ាងណាក៏ដោយ ពួកវាមានចំណុចខុសគ្នាបន្តិចបន្តួច ដោយម៉ូដែល GSX-S1000 មានអក្សរ ‘Suzuki’ យ៉ាងធំនៅផ្នែកចំហៀង ខណៈដែល GSX-8S មានក្រាហ្វិកឈ្មោះម៉ូដែលនៅត្រង់ធុងសាំង។

ឈុតពណ៌ទាំងនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាឈុតក្រាហ្វិក (Graphic kits) ដែលមានន័យថា ពួកវាមិនត្រឹមតែមានសម្រាប់ម៉ូតូស៊េរីថ្មីប៉ុណ្ណោះទេ ប៉ុន្តែម្ចាស់ម៉ូតូ GSX-S1000 ឬ GSX-8S ដែលមានស្រាប់ ក៏អាចទិញយកទៅបិទលើម៉ូតូរបស់ពួកគេបានដែរ។ តម្លៃ (មិនរាប់បញ្ចូលថ្លៃឈ្នួលបិទ) គឺ 214​ដុល្លា សម្រាប់ឈុត GSX-8S និង 335 ​ដុល្លា សម្រាប់ឈុត GSX-S1000។

Suzuki GSX-S1000 2026 graphics kit. Credit: Suzuki.


លក្ខណៈបច្ចេកទេស និងតម្លៃ

1. Suzuki GSX-S1000

  • ម៉ាស៊ីន: 4 ស៊ីឡាំងជួរ ចំណុះ 999cc (ម៉ាស៊ីនតែមួយដែលប្រើលើ Superbike GSX-R1000R)។
  • កម្លាំង: 150 សេះ (bhp) និងកម្លាំងបង្វិល 105 N.m។
  • បច្ចេកវិទ្យា: ដំណើរការជាមួយប្រព័ន្ធបើកបរឆ្លាតវៃ (Suzuki Intelligent Ride System), ប្រព័ន្ធ Quickshifter ពីរប្លង់, ប្រព័ន្ធគ្រប់គ្រងការអូសទាញ និងប្រព័ន្ធជ្រើសរើសរបៀប បើកបរ។
  • តម្លៃ: ចាប់ផ្តើមពី 14,765​ ដុល្លាអាមេរិក (សម្រាប់ទីផ្សារក្រៅប្រទេស)

Suzuki GSX-8S 2026 graphics kit. Credit: Suzuki.


2. Suzuki GSX-8S

  • ម៉ាស៊ីន: 2 ស៊ីឡាំងជួរ (Parallel twin) ចំណុះ 776 cc (ម៉ាស៊ីនដូចគ្នាជាមួយម៉ូដែល GSX-8R)។
  • កម្លាំង: 82 សេះ (bhp) និងកម្លាំងបង្វិល 78N.m។
  • បច្ចេកវិទ្យា: បំពាក់ប្រព័ន្ធ Quickshifter ពីរប្លង់ និងកុងទ័រ TFT ទំហំ 5 អ៊ីញ។
  • តម្លៃ: លោកអ្នកអាចទិញបានក្នុងតម្លៃ 10,738 ដុល្លាអាមេរិក​(សម្រាប់ទីផ្សារក្រៅប្រទេស) ៕

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors