Admin, 13 November 2026
ទោះបីជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla លោក Elon Musk ហៅរថយន្ត Cybertruck ថាជា «យានយន្តដ៏ល្អបំផុតដែល Tesla ធ្លាប់បានផលិត» ក៏ដោយ ក៏តួលេខនៃការលក់បានបង្ហាញពីសាច់រឿងខុសប្លែកគ្នាទាំងស្រុង។ ចេញពីការលក់ដែលមានការរំពឹងទុក 250,000 គ្រឿងក្នុងមួយឆ្នាំ តែTesla អាចលក់បានត្រឹមតែ 20,237 គ្រឿងប៉ុណ្ណោះក្នុងឆ្នាំនេះ ដែលជាការធ្លាក់ចុះ 48% បើធៀបនឹងឆ្នាំមុន។ ដូច្នេះ មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលលោក Elon Musk បានប្រកាសនៅលើបណ្តាញសង្គម X ថា ក្រុមហ៊ុននឹង «កាត់បន្ថយ/បញ្ឈប់ការផលិតជាបណ្តើរៗ (wind down production)» នាឆ្នាំមុខ។
ប្រហែលជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តរូបនេះ កំពុងព្យាយាមនិយាយឱ្យពិរោះស្តាប់ជាងមុន ប៉ុន្តែ «ការកាត់បន្ថយការផលិតជាបណ្តើរៗ» ទំនងជាមានន័យថា «បញ្ឈប់ (discontinue)»។ យើងបានឃើញសញ្ញាព្រមានកាលពីប្រហែលមួយឆ្នាំមុន នៅពេលដែលប្រធានផ្នែក Cybertruck បានចាកចេញពីក្រុមហ៊ុន ខណៈពេលដែលការលក់បានបន្តការធ្លាក់ចុះ។ ហើយនៅចុងខែតុលាឆ្នាំនេះ ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ បានចូលរួមពាក់ហិការកាន់តែច្រើនឡើង ចំពោះរថយន្ត Pickup រូបរាងប្រអប់មួយនេះ ត្រូវ បានហាមឃាត់មិនឱ្យមានការដាក់លក់ជាផ្លូវការ។ការរចនា និងទម្ងន់នៃយានយន្តនេះ គឺជាមូលហេតុចម្បងមួយដែលធ្វើឱ្យ Cybertruck មិនទទួលបានជោគជ័យដូចការរំពឹងទុក។ វា បានបង្កឱ្យមានការព្រួយបារម្ភផ្នែកសុវត្ថិភាពជាច្រើន ហើយនៅក្នុងប្រទេសមួយចំនួន អ្នកត្រូវការប័ណ្ណបើកបរពិសេសដើម្បីបើកបរ ដោយសារតែវាធ្ងន់ពេក ដែលមានន័យថា ដើមឡើយវាមានតែនៅក្នុងតែទីផ្សារសហរដ្ឋអាមេរិកប៉ុណ្ណោះ។
លោក Elon Musk បានបញ្ជាក់ច្បាស់ថា រោងចក្រ Texas Gigafactory នឹងបង្កើនការផលិតរថយន្ត Cybercab ដែលជាការភ្នាល់ដ៏ធំបន្ទាប់របស់ Tesla។ សេវាកម្ម Robotaxi កំពុងតែត្រូវបានដាក់ពង្រាយនៅក្នុងរដ្ឋតិចសាស់ រួចជាស្រេច ហើយនឹងឈានទៅដល់រដ្ឋដ៏ទៃទៀត និងប្រទេសផ្សេងៗទៀតនាពេលឆាប់ៗនេះ ដូច្នេះ Tesla នឹងត្រូវបង្កើនល្បឿនក្នុងការផលិតរថយន្តឱ្យបានគ្រប់គ្រាន់ ដើម្បីគាំទ្រដល់ក្បួនយានយន្តតាក់ស៊ីគ្មានមនុស្សបើកបររបស់ខ្លួន។
ទោះបីជា Tesla មិនបាននិយាយចំៗថា Cybertruck នឹងត្រូវបាត់មុខជារៀងរហូតនាឆ្នាំមុខក៏ដោយ ក៏រោងចក្រ Texas Gigafactory គឺជាទីតាំងតែមួយគត់នៅលើពិភពលោក ដែលមានបំពាក់បរិក្ខារសម្រាប់ផលិតរថយន្ត Pickup នេះ។ ហើយប្រសិនបើខ្សែសង្វាក់ផលិតកម្មទាំងនោះ រវល់តែដំឡើងរថយន្ត Cybercab នោះយើងមានការសង្ស័យថា តើនឹងមានរោងចក្រ Tesla Gigafactory ផ្សេងទៀតណាមួយ នឹងទទួលយកការងារនេះឬយ៉ាងណានោះទេ។
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
