Admin, 04 March 2026
ទោះបីជាមានការវែកញែកច្រើនជុំវិញរថយន្ត Tesla Cybertruck ក៏ដោយ ក៏នៅតែមាន មនុស្សជាច្រើនមានបំណងចង់ក្លាយជាម្ចាស់វានោះដែរ។ ប៉ុន្តែ មិនមែនគ្រប់គ្នាសុទ្ធតែចង់បង់ ប្រាក់ខ្ទង់ 80,000 ឬ 100,000 ដុល្លារអាមេរិក សម្រាប់ម៉ូដែល Premium AWD ឬ Cyberbeast នោះទេ។ នៅពេលដែល Tesla បង្ហាញខ្លួន Cybertruck ដំបូង ក្រុមហ៊ុនបានសន្យាថានឹងមានប្រភេទប៉ុងក្រោយ (RWD) ដែលមានតម្លៃធូរថ្លៃ ប៉ុន្តែមិនមានអ្នកចាប់អារម្មណ៍គ្រប់គ្រាន់ដើម្បីផលិតវាឡើយ។ ផ្ទុយទៅវិញ ឥឡូវនេះ Tesla បានបញ្ចេញម៉ូដែលថ្មីដែលមានតម្លៃក្រោម 65,000 ដុល្លារអាមេរិក ប៉ុន្តែបំពាក់មកជាមួយម៉ូទ័រពីរ និងប្រព័ន្ធប៉ុងពីរ (AWD)។
ការប្រៀបធៀបតម្លៃជាមួយរថយន្តប្រើសាំង និងរថយន្តអគ្គិសនីដទៃទៀត
ជាមួយនឹងតម្លៃចេញពីរោងចក្រ 62,235 ដុល្លារអាមេរិក ម៉ូដែល Cybertruck Dual Motor AWD ថ្មីនេះ មានតម្លៃប្រហាក់ប្រហែលបំផុតទៅនឹងរថយន្តភីកអាប់ប្រើម៉ាស៊ីនចំហេះក្នុង (ICE)។ ទោះជាយ៉ាងណា វាមិនមែនជាជម្រើសដែលថោកបំផុតក្នុងទីផ្សារឡើយ៖
- Ford F-150 XLT Hybrid 4WD ឆ្នាំ2026៖ មានតម្លៃ 60,655 ដុល្លារអាមេរិក។
- Ram 1500 Big Horn ឆ្នាំ2026 (ម៉ាស៊ីន Twin-turbo I-6)៖ មានតម្លៃត្រឹមតែ 59,165 ដុល្លារអាមេរិក។
- Chevrolet Silverado LT Trail Boss ឆ្នាំ 2026៖ មានតម្លៃ 62,795 ដុល្លារ (ប្រហាក់ប្រហែល Cybertruck)។
បើធៀបនឹងរថយន្តអគ្គិសនីដូចគ្នា Cybertruck ម៉ូដែលថ្មីនេះស្ថិតនៅកម្រិតកណ្តាល។ វាមានតម្លៃធូរជាង Rivian R1T ជិត 13,000 ដុល្លារអាមេរិក និងធូរជាង F-150 Lightning XLT ប្រហែល 4,000 ដុល្លារអាមេរិក។ ប៉ុន្តែវាមានតម្លៃថ្លៃជាង Silverado EV WT ជិត 7,000 ដុល្លារអាមេរិក (Silverado EV WT តម្លៃត្រឹមតែ 55,395 ដុល្លារអាមេរិក។
អ្វីខ្លះដែលត្រូវបានកាត់បន្ថយដើម្បីឱ្យតម្លៃធូរថ្លៃ?
ដើម្បីទទួលបានតម្លៃក្រោម 65,000 ដុល្លារអាមេរិក Tesla បានធ្វើការលះបង់នូវមុខងារមួយចំនួនដូចជា៖
- ប្រព័ន្ធបូម៖ បោះបង់ចោលប្រព័ន្ធបូមខ្យល់ (Air suspension) ដែលអាចសារ៉ែកម្ពស់បាន ហើយជំនួសមកវិញដោយបូមរឺស័រ (Coil-spring) ធម្មតាជាមួយបូមអាដាប់ទីវ (Adaptive dampers)។
- សមត្ថភាពការងារ៖ សមត្ថភាពអូសសណ្តោងធ្លាក់ចុះពី 4,989kg មកត្រឹម 3,401kg ហើយសមត្ថភាពដឹកឥវ៉ាន់លើទ្រុងធ្លាក់ចុះមកត្រឹម 1,000kg
- ការតុបតែងខាងក្រៅ៖ ដកចេញនូវភ្លើងលម្អក្នុងទ្រុង និងបន្ទះភ្លើង LED វែងនៅទ្វារក្រោយ។ គម្របទ្រុងអគ្គិសនីនៅតែមាន ប៉ុន្តែមិនមែនជាប្រភេទ "Vault" ឡើយ ហើយក៏បាត់បង់នូវរន្ធដែក L-tracks សម្រាប់ចងឥវ៉ាន់ផងដែរ។
- ផ្នែកខាងក្នុង៖ កាប៊ីនប្រើពណ៌ "Tactical Gray" ជាមួយកៅអីក្រណាត់។ កម្តៅកៅអីមានតែនៅជួរមុខ ចំណែកមុខងារខ្យល់ត្រជាក់កៅអីមុខ និងកម្តៅកៅអី ជួរក្រោយត្រូវបានដកចេញ។ អ្នកដំណើរជួរក្រោយក៏បាត់បង់អេក្រង់ទំហំ 9.4 អ៊ីញ ផងដែរ។
- ប្រព័ន្ធសំឡេង៖ កាត់បន្ថយមកត្រឹមឧបករណ៍បំពងសំឡេង 7 គ្រាប់ និងដកមុខងារ កាត់បន្ថយសំឡេងរំខាន (Active noise cancellation) ចេញ។
ចំណុចល្អដែលនៅរក្សាទុក
ទោះបីជាម៉ូដែលមូលដ្ឋាន (Base model) ក៏ដោយ អ្នកនៅតែទទួលបាននូវ៖
- ចម្ងាយបើកបររហូតដល់ 523 គីឡូម៉ែត្រ (ស្មើនឹងម៉ូដែល Premium)។
- ប្រព័ន្ធចាក់សោឌីផេរ៉ង់ស្យែល (Locking Differentials) ទាំងមុខ និងក្រោយ ដែលល្អសម្រាប់ Off-road។
- ប្រព័ន្ធបត់កង់ក្រោយ (Four-wheel steering) និងឃ្លប់ខាងមុខបើកដោយអគ្គិសនី (Powered frunk)។
- អាចប្រើប្រាស់មុខងារបើកបរដោយស្វ័យប្រវត្តិ (FSD) តាមរយៈការបង់ប្រាក់ប្រចាំខែ និងមុខងារផ្ដល់ថាមពលពីរថយន្តទៅផ្ទះ (Vehicle-to-home)។
ជារួម បើទោះបីជា Tesla បានកាត់បន្ថយមុខងារប្រណីតៗជាច្រើនចេញក៏ដោយ ប៉ុន្តែម៉ូដែល Dual Motor តម្លៃ 62,235 ដុល្លារអាមេរិក នេះ គឺជាកញ្ចប់ផលិតផលដ៏ល្អមួយសម្រាប់អ្នកដែលចង់បានរថយន្តភីកអាប់អគ្គិសនីដែលមានសមត្ថភាពការងារខ្ពស់ និងអាស្រ័យផលបានពិតប្រាកដ៕
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
