Admin, 31 March 2026

         ក្រុមហ៊ុន Tesla បានបដិសេធចំពោះផែនការក្នុងការនាំយកនូវរថយន្តអគ្គិសនីប្រភេទ Sedan ម៉ូដែល Model 3 កំណែដែលមានតម្លៃថោកជាងមុន មកកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីមាន​ពាក្យចចាមអារ៉ាមរីករាលដាលយ៉ាងខ្លាំង។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក Caiwen កាលពីថ្ងៃព្រហស្បតិ៍ ដោយដក​ស្រង់សម្តីពីក្រុមហ៊ុន Tesla បានឱ្យដឹងថា ក្រុមហ៊ុនមិនមានផែនការណែនាំរថយន្ត Model 3 កម្រិតស្តង់ដារដែលមានតម្លៃទាបជាងមុន ចូលមកក្នុងទីផ្សារចិននោះទេ ហើយក៏មិនបាន​សាងសង់ខ្សែសង្វាក់ផលិតកម្មដែលពាក់ព័ន្ធសម្រាប់ម៉ូដែលនេះនៅក្នុងរោងចក្រ Giga Shanghai ដែរ។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះបានបញ្ជាក់ថា បច្ចុប្បន្នរោងចក្រ Giga Shanghai កំពុងផ្តោតខ្លាំងលើការផលិត និងការចែកចាយរថយន្ត Model 3 និង Model Y ដែលមានស្រាប់ ហើយកំពុងខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីបំពេញរាល់ការបញ្ជា​ទិញទាំងក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស។

A screenshot of the Model 3 page on Tesla's US website.)


ប្រភពនៃពាក្យចចាមអារ៉ាម

កាលពីដើមសប្តាហ៍នេះ មានពាក្យចចាមអារ៉ាមបានរីករាលដាលយ៉ាងខ្លាំងទាំងនៅលើ​បណ្តាញសង្គមចិន និងអន្តរជាតិថា Tesla កំពុងរៀបចំដាក់លក់ Model 3 តម្លៃទាបនៅក្នុង​ទីផ្សារ​ប្រទេសចិន។ អ្នកខ្លះបានប៉ាន់ស្មានថា ម៉ូដែលនេះនឹងធ្វើឱ្យតម្លៃចាប់ផ្តើមនៃរថយន្ត Model 3 ដែលផលិតក្នុងប្រទេសចិន ធ្លាក់ចុះមកនៅក្រោមប្រហែល 28,930 ដុល្លារអាមេរិក​ដើម្បីពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួន។​គួររំលឹកផងដែរថា Tesla បានដាក់លក់ Model 3 កម្រិតថវិកានៅក្នុងសហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំ 2025 ដែលក្លាយជាម៉ូដែលថោក បំផុតរបស់ខ្លួន ជាមួយនឹងតម្លៃចាប់ផ្តើម 36,990 ដុល្លារ។ ម៉ូដែលកម្រិតបឋម (Entry-level) នេះ ត្រូវបានគេកាត់បន្ថយមុខងារមិនចាំបាច់ប្រហែល 20 យ៉ាង រួមទាំងការប្តូរមកប្រើកៅអី ក្រណាត់ និងការដកមុខងារខ្យល់ចេញចូលកៅអីចេញជាដើម។ បច្ចុប្បន្ន រថយន្ត Model 3 មាន 4 កំណែសម្រាប់លក់នៅក្នុងប្រទេសចិន ដែលមានតម្លៃចាប់ផ្តើមពី 34,073​ដុល្លា ដល់ 49,121ដុល្លាអាមេរិក។ ប្រភេទបើកបរដោយកង់ក្រោយ (RWD) គឺជាម៉ូដែលចម្បងដែល​លក់ក្នុងប្រទេសចិន ដោយអាចរត់បានចម្ងាយ 634 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC)។

(A screenshot of the Model 3 page on Tesla's China website.)


ស្ថានភាពទីផ្សាររបស់ Tesla ក្នុងប្រទេសចិន

ការបដិសេធនេះបានធ្វើឡើងស្របពេលដែលការលក់រាយរបស់ Tesla នៅក្នុងប្រទេសចិន មានការងើបឡើងវិញយ៉ាងខ្លាំងក្នុងខែកុម្ភៈ។ទោះបីជាទីផ្សាររថយន្តចិនជារួមមានការធ្លាក់ចុះដោយសារកត្តារដូវកាលនៅដើមឆ្នាំក៏ដោយ ប៉ុន្តែចំណែកទីផ្សាររថយន្តអគ្គិសនី (BEV) របស់ Tesla នៅតែឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិតពីរឆ្នាំចុងក្រោយនេះ។

យោងតាមទិន្នន័យពី CnEVPost៖

  • Model Y: គឺជាកម្លាំងរុញច្រានការលក់នេះ ដោយការលក់រាយក្នុងប្រទេសចិនបាន កើនឡើង 215.84% ធៀបនឹងឆ្នាំមុន (ស្មើនឹង 25,286 គ្រឿងក្នុងខែកុម្ភៈ)។
  • Model 3: ការលក់រាយក្នុងប្រទេសចិនសម្រេចបាន 12,920គ្រឿងក្នុងខែកុម្ភៈ ដែលទោះបីជាធ្លាក់ចុះ 31.17% ធៀបនឹងឆ្នាំមុន ប៉ុន្តែវាបានកើនឡើងដល់ទៅ 687.80% បើធៀបនឹងខែមករា៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)