Admin, 14 September 2026

             ក្រុមហ៊ុន Tesla បានដាក់លក់រថយន្ត Model Y ធ្វើបច្ចុប្បន្នភាព ប្រភេទPerformance AWD នៅក្នុងប្រទេសចិន ដោយបានពង្រីកស្រឡាយផលិតផលរបស់ខ្លួន ចំពេលដែលការលក់រថយន្តម៉ូដែលសំខាន់មួយនេះកំពុងជួបប្រទះសម្ពាធ។

Tesla បានប្រកាសពីការដាក់លក់នេះនៅលើបណ្តាញសង្គម Weibo កាលពីថ្ងៃសុក្រ ទី 11 ខែកញ្ញា។ គេហទំព័រផ្លូវការរបស់ខ្លួនប្រចាំប្រទេសចិន បានចុះបញ្ជីតម្លៃចាប់ផ្តើមប្រហែល 54,450 ដុល្លារអាមេរិក និងមានរយៈពេលរង់ចាំប្រគល់រថយន្តប្រហែលពី 2 ទៅ 6 សប្តាហ៍។

Model Y Performance អាចស្ទុះល្បឿនពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 3.5 វិនាទី ប៉ុណ្ណោះ ដោយរត់បានល្បឿនអតិបរមា 250 គីឡូម៉ែត្រ/ម៉ោង និងផ្តល់នូវចម្ងាយបើកបរ 659 គីឡូម៉ែត្រ តាមស្តង់ដារ CLTC។ វគ្គជម្រើសថ្មីនេះ បានក្លាយជាវគ្គជម្រើសទីប្រាំនៃ Model Y នៅក្នុងប្រទេសចិន និងជាវគ្គជម្រើសដែលមានតម្លៃថ្លៃបំផុតនៅក្នុងស្រឡាយរថយន្តនេះ ដោយមានតម្លៃថ្លៃជាងរថយន្ត Model Y L ប្រភេទ 6 កៅអី ចំនួន 4,473 ដុល្លាអាមេរិក។

វគ្គជម្រើស Tesla Model Y នៅក្នុងប្រទេសចិន

វគ្គជម្រើស (Variant)

តម្លៃចាប់ផ្តើម (USD)

ចម្ងាយបើកបរ (គម)

ល្បឿនអតិបរមា (គម/ម៉)

ស្ទុះ 0-100 គម/ម៉ (វិនាទី)

រយៈពេលប្រគល់ (សប្តាហ៍)

Model Y Rear-Wheel Drive

39,290

593

201

5.9

1-3

Model Y Long Range Rear-Wheel Drive

43,017

821

201

5.6

1-3

Model Y Long Range All-Wheel Drive

46,745

750

201

4.3

1-3

Model Y L

50,547

751

201

4.5

1-3

Model Y Performance All-Wheel Drive

55,021

659

250

3.5

2-6

វគ្គជម្រើស 3 ផ្សេងទៀត គឺ Rear-Wheel Drive (បើកបរកង់ក្រោយ), Long Range Rear-Wheel Drive (បើកបរកង់ក្រោយចម្ងាយឆ្ងាយ) និង Long Range All-Wheel Drive (បើកបរកង់ទាំង4ចម្ងាយឆ្ងាយ) ដែលមានតម្លៃចាប់ផ្តើម 39290 ដុល្លាអាមេរិក, 43,017 អាមេរិក និង 46,745 ដុល្លាអាមេរិក រៀងៗខ្លួន។

វគ្គជម្រើស Performance មានទម្រង់ប្លង់ 5 កៅអី ជាមួយនឹងរចនាបថរូបរាងខាងក្រៅដ៏លេចធ្លោ, កៅអីស្ព័រ និងលក្ខណៈពិសេសផ្នែកគ្រោងឆ្អឹង ដែលធ្វើឱ្យវាមានភាពខុសប្លែកពីវគ្គជម្រើសដទៃទៀត។

វាមានបំពាក់កាងមុខ និងកាងក្រោយសម្រួលខ្យល់, ស្លាបខ្យល់ធ្វើអំពីសរសៃកាបូន (carbon-fiber spoiler), យ៉ាន់កង់ស្តង់ដារទំហំ 21 អ៊ីញ ប្រភេទ Arachnid 2.0 និងដង្កៀបហ្វ្រាំងពណ៌ក្រហម។ កាប៊ីនខាងក្នុងមានដេគ័រស្បែកសរសៃកាបូន និងកៅអីស្ព័រខាងមុខមានប្រព័ន្ធខ្យល់បក់ ជាមួយប្រព័ន្ធទ្រជើងកែសម្រួលដោយអគ្គិសនី។ កៅអីជួរក្រោយមានផ្តល់ជូននូវប្រព័ន្ធកម្តៅ និងការបត់ដោយប្រព័ន្ធអគ្គិសនី។

មុខងារបើកបរ រួមមាន៖ ប្រព័ន្ធបឺតស្រូបរំញ័របត់បែនជាប្រចាំ (continuously variable dampers), ប្រព័ន្ធបូមបត់បែន (adaptive suspension), ប្រព័ន្ធជំនួយស្ថេរភាព និងរបៀបបើកបរទិន្នផលខ្ពស់ជាច្រើនជម្រើស។ វគ្គ Performance នេះ គាំទ្រការសាកភ្លើងល្បឿនលឿន រហូតដល់ 250 គីឡូវ៉ាត់ ដែលផ្តល់ចម្ងាយបើកបរប្រហែល 250 គីឡូម៉ែត្រ ក្នុងការសាករយៈពេល 15 នាទី។

តាមការប្រៀបធៀប ម៉ូដែលរថយន្តអគ្គិសនីចិនជាច្រើន អាចផ្តល់ចម្ងាយបើកបរបានដល់ទៅ 500 គីឡូម៉ែត្រ បន្ទាប់ពីការសាកភ្លើងត្រឹមតែ 10 នាទីប៉ុណ្ណោះ ខណៈដែលប្រព័ន្ធសាកភ្លើងល្បឿនលឿនខ្លាំង (flash charging) របស់ BYD កាន់តែមានល្បឿនលឿនជាងនេះទៅទៀត។

វគ្គជម្រើសដែលដំឡើងនៅក្នុងទីក្រុងស៊ាងហៃមួយនេះ បានលេចមុខនៅក្នុងបញ្ជីចុះបញ្ជីយានយន្តដែលចេញផ្សាយដោយក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) កាលពីខែកក្កដា។ បញ្ជីកាត់បន្ថយពន្ធទិញយានយន្តដែលបានចេញផ្សាយកាលពីខែសីហា បានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីអាគុយ និងចម្ងាយបើកបររបស់វា។

ការចុះបញ្ជីមុនៗបានបង្ហាញពីកញ្ចប់អាគុយទំហំ 78.4 kWh ជាមួយនឹងកោសិកាអាគុយផ្គត់ផ្គង់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធចិនរបស់ LG Energy Solution។ ម៉ូទ័រខាងមុខ និងខាងក្រោយ ត្រូវបានកំណត់កម្លាំងនៅ 176 kW និង 291 kW រៀងៗខ្លួន។

ការដាក់លក់នេះ ធ្វើឡើងចំពេលដែលការធ្លាក់ចុះនៃការលក់រថយន្ត Model Y នៅក្នុងប្រទេសចិនកាន់តែមានភាពធ្ងន់ធ្ងរ។ រថយន្ត SUV មួយនេះ នៅតែស្តុកទុកចំណែកលើសពី 70% នៃបរិមាណប្រគល់រថយន្តសរុបរបស់ Tesla នៅក្នុងប្រទេសនេះនាឆ្នាំនេះ។

យោងតាមទិន្នន័យពីសមាគមរថយន្តអ្នកដំណើរចិន (CPCA) ដែលប្រមូលក្រងដោយ CnEVPost ការប្រគល់រថយន្ត Model Y នៅក្នុងប្រទេសចិន មានចំនួនសរុប 29,260 គ្រឿង ក្នុងខែសីហា ដែលធ្លាក់ចុះ 25.76% ធៀបនឹងឆ្នាំមុន។ នោះគឺជាខែទីបីជាប់ៗគ្នា នៃការធ្លាក់ចុះធៀបនឹងឆ្នាំមុន ដោយការធ្លាក់ចុះបានរីកធំឡើងពី 13.81% ក្នុងខែមិថុនា និង 18.23% ក្នុងខែកក្កដា។

នៅក្នុងរយៈពេល 8 ខែដំបូងនៃឆ្នាំនេះ ការប្រគល់រថយន្ត Model Y នៅក្នុងប្រទេសចិន មានចំនួនសរុប 226,931 គ្រឿង ដែលធ្លាក់ចុះ 6.10% ធៀបនឹងឆ្នាំមុន។ ការប្រគល់រថយន្តសរុបរបស់ Tesla នៅក្នុងប្រទេសនេះ បានធ្លាក់ចុះ 12.44% មកត្រឹម 316,251 គ្រឿង ក្នុងអំឡុងពេលដូចគ្នានេះ។

Tesla ក៏កំពុងផ្តល់ជូននូវការបញ្ចុះតម្លៃលើស្តុកទំនិញ ដើម្បីបង្កើនការប្រគល់រថយន្ត មុនពេលបញ្ចប់ត្រីមាសទីបីផងដែរ។ ក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃទី 7 ខែកញ្ញាថា អតិថិជនចិនដែលទិញ និងទទួលយករថយន្ត Model Y ក្នុងស្តុកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រឹមថ្ងៃទី 30 ខែកញ្ញា អាចទទួលបានការបញ្ចុះតម្លៃរហូតដល់ 1,491 ដុល្លាអាមេរិក។




ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)