Admin, 18 November 2025

         ក្រុមហ៊ុន Tesla បាន​ឃើញ​អាគុយដុំទី​ 5 លាន​ របស់​ខ្លួន​ចេញពី​ខ្សែ​សង្វាក់​ផលិតកម្ម​នៅ Giga Shanghai ដែល​ជា​ការកត់​សម្គាល់​នូវ​សមិទ្ធផល​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី (EV) របស់​អាមេរិក​ដែល​ជា​ទីតាំង​ផលិតកម្ម​សកល​ដ៏​ធំ​បំផុត។

ក្រុមហ៊ុន Tesla បាន​ចែករំលែក​សមិទ្ធផល​នេះ​ដំបូង​នៅ​លើ គេហទំព័រ​ X នា​ថ្ងៃនេះ រួម​ជាមួយ​នឹង​រូបភាព​ជាច្រើន បន្ទាប់មក​ខ្លួនបាន​បង្ហោះ​វា ​នៅ​លើ គេហទំព័រWeibo ផង​ដែរ។

ក្រុមហ៊ុន​បាន​សរសេរ​នៅ​លើគេហទំព័រ Weibo ថា Tesla បានអភិវឌ្ឍលើ​គីមីវិទ្យា​កោសិកា (cell chemistry) និង​ការរចនា​លើរចនាសម្ព័ន្ធ​អាគុយ (battery pack structure) ដោយ​ឯករាជ្យ ដោយ​ផ្តល់​នូវ​សមត្ថភាព​ខ្ពស់លើ ដង់ស៊ីតេ​ថាមពល និង​ភាព​ធន់​នឹង​អាកាសធាតុ​ត្រជាក់​ដ៏​អស្ចារ្យបំផុត។ ក្រុមហ៊ុន Tesla បាន​និយាយ​ថា ប្រព័ន្ធ​អាគុយ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​គាំទ្រលើរយ:​ចម្ងាយ​នៃការបើកបរ​ដែល​លើស​ពី​អាយុកាល​របស់​យានយន្ត ជាមួយ​នឹង​ស្តង់ដារ​សុវត្ថិភាព​ដែល​លើស​ពី​បទដ្ឋាន​ឧស្សាហកម្ម​ច្រើន​ដង។


គួរ​អោយកត់សម្គាល់ផងដែរ​ថា ក្រុមហ៊ុន Tesla មិន​បានផលិត​កោសិកា​អាគុយ​ផ្ទាល់ខ្លួន​នៅក្នុង​ប្រទេស​ចិន​ទេ។ Giga Shanghai ភាគច្រើន​បានទិញ​កោសិកា​ពីក្រុមហ៊ុន CATL របស់​ចិន និងក្រុមហ៊ុន LG Energy Solution របស់ប្រទេស​កូរ៉េ​ខាងត្បូង។

ការ​សាងសង់​រោងចក្រ Tesla Shanghai បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី 7 ខែ​មករា ឆ្នាំ 2019 ហើយ​ប្រតិបត្តិការនេះក៏​ចាប់ផ្តើម​នៅ​ចុង​ឆ្នាំនោះ​ដដែល​ហើយវាក៏​ជា​គម្រោង​ផលិត​រថយន្ត​ដែល​គ្រប់គ្រង​ដោយ​ជនបរទេស​ទាំងស្រុង​ដំបូង​គេ​របស់​ប្រទេសចិន។

Giga Shanghai បាន​ចាប់ផ្តើម​នាំចេញរថយន្ត Model 3 ជាប្រភេទសេដាន់​ទៅ​ឲ្យ​អតិថិជន​ក្នុង​ស្រុក​ក្នុង​ខែ​មករា ឆ្នាំ2020 ហើយ​វាបាន​ចាប់ផ្តើម​នាំចេញ Model Y SUV ក្នុង​ខែ​មករា ឆ្នាំ 2021។ រោងចក្រ​នេះ​មាន​សមត្ថភាព​ផលិត​រថយន្តប្រចាំ​ឆ្នាំ​ប្រហែល 1 លាន​គ្រឿង ដើម្បីបម្រើ​ទាំង​អតិថិជន​ក្នុង​ស្រុក និង​ដើរតួ​ជា​មជ្ឈមណ្ឌល​នាំចេញទៅក្រៅទេសផងដែរ។

ក្នុង​ត្រីមាស​ទីបី ការ​លក់រថយន្ត Tesla China រួម​ទាំង​ការ​នាំចេញ​បាន​ឈាន​ដល់ចំនួន 241,890 គ្រឿង ដែល​ស្មើនឹង 48.66 ភាគរយ នៃ​ការ​នាំចេញ ​ជាសកល​របស់ក្រុមហ៊ុន Tesla នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ចងក្រង​ដោយគេហទំព័រ CnEVPost។ ក្នុងអំឡុងពេល​បី​ត្រីមាស​ដំបូង ការ​លក់ Tesla China រួម​ទាំង​ការ​នាំចេញ​មាន​ចំនួន​សរុប 606,364 គ្រឿង ដែល​ស្មើហ្នឹង 49.79 ភាគរយ នៃ​ការ​នាំចេញជា​សកល​របស់ Tesla ចំនួន 1,217,902 គ្រឿង​ក្នុង​រយៈពេល​ដូចគ្នា។




គួរ​កត់សម្គាល់​ថា សមត្ថភាព​ការលក់​ក្នុង​ស្រុក​របស់ Tesla នៅ​ប្រទេស​ចិន​មាន​ភាព​ធ្លាក់ចុះ​នៅ​ឆ្នាំនេះ។ ការ​លក់​រាយ​ក្នុង​ខែ​តុលា​របស់​ខ្លួន​នៅ​ប្រទេស​ចិន​មាន​ចំនួន 26,006 គ្រឿង ដែល​ជា​កម្រិត​ទាប​បំផុត​ចាប់តាំងពី​ខែ​វិច្ឆិកា ឆ្នាំ 2022 នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សមាគម​រថយន្តដឹក​អ្នកដំណើររបស់​ចិន (CPCA)។ នេះក៏​ជាទិន្នន័យឲ្យ​ការ​ធ្លាក់​ចុះរហូតដល់ 35.76 ភាគរយ បើធៀប​នឹង​ឆ្នាំ​មុន (40,485 គ្រឿង) និង​ការ​ធ្លាក់​ចុះ 63.64 ភាគរយ ធៀប​នឹង​ខែ​មុន (71,525 គ្រឿង)៕​

ប្រភព៖ China News

ប្រែសំរួល៖ Huot Soknal