Admin, 05 October 2026

             ជាជាងការដើរតាមកាលវិភាគឆ្នាំម៉ូដែល (model-year) យ៉ាងតឹងរ៉ឹង ក្រុមហ៊ុន Tesla ចូលចិត្តដាក់ចេញនូវការធ្វើបច្ចុប្បន្នភាពចំពោះស្រឡាយរថយន្តរបស់ខ្លួននៅពេលណាដែលពួកវាត្រៀមខ្លួនរួចរាល់ ហើយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ បានប្រកាសកាលពីម្សិលមិញថា រថយន្ត Model 3 កំពុងទទួលបានការផ្លាស់ប្តូរជាច្រើននៅក្នុងតំបន់អាមេរិកខាងជើង។ Tesla មិនបានបញ្ជាក់ច្បាស់លាស់ថា តើមុខងារថ្មីៗទាំងនេះនឹងមកដល់នៅពេលណានោះទេ ប៉ុន្តែយើងត្រូវតែសន្មតថាពួកវានឹងមានប្រសិទ្ធភាពភ្លាមៗតែម្តង។

នៅផ្នែកខាងក្នុង រថយន្ត Model 3 ឥឡូវនេះនឹងមានបំពាក់អេក្រង់ Touchscreen ថ្មីទំហំ 16 អ៊ីញ ដោយជំនួសឱ្យអេក្រង់ទំហំ 15.4 អ៊ីញ បច្ចុប្បន្ន។ អេក្រង់បង្ហាញថ្មីនេះ តាមការរាយការណ៍ក៏មានភាពក្រាស់នៃភីកសែល (pixel density) ខ្ពស់ជាងមុនផងដែរ ហើយវាត្រូវ បានបំពាក់ជាស្តង់ដារនៅគ្រប់វគ្គជម្រើសនៃស្រឡាយរថយន្តនេះ។ វាទំនងជាអេក្រង់ទំហំ 16 អ៊ីញ ដូចគ្នានឹងអេក្រង់ដែល Tesla បានបំពាក់ចូលទៅក្នុងរថយន្ត Model Y កាលពីដើមឆ្នាំនេះ។

Tesla ក៏បានធ្វើអាប់ហ្គ្រេដរថយន្ត Model 3 Performance ផងដែរ ដោយកម្លាំងថាមពលកំពូលឥឡូវនេះត្រូវបានចុះបញ្ជីនៅ 528 សេះ (horsepower) ដែលកើនឡើងពីកម្រិត 510 សេះ កាលពីពេលដែលរថយន្ត Sedan ស្ព័រមួយនេះត្រូវ បានដាក់លក់ដំបូងក្នុងឆ្នាំ 2024។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលចម្លែកនោះគឺ Tesla នៅតែអះអាងដូចគ្នាអំពីសមត្ថភាពស្ទុះល្បឿនពី 0 ដល់ 60 ម៉ាយល៍/ម៉ោង (0-96 km/h) ក្នុងរយៈពេល 2.9 វិនាទី ដដែល។ វគ្គ Performance នៃរថយន្ត Sedan របស់ Tesla មួយនេះ ក៏ទទួលបាននូវក្រណាត់ដំបូលខាងក្នុង (headliner) ពណ៌ខ្មៅថ្មី ហើយចម្ងាយបើកបរបានកើនឡើងរហូតដល់ 508 គីឡូម៉ែត្រ។

ចំណុចចុងក្រោយ ប៉ុន្តែមិនតូចតាចនោះទេ Tesla ក៏បាននិយាយផងដែរថា ម៉ូដែល Model 3 Premium AWD មានល្បឿនស្ទុះលឿនជាងមុន ដោយឥឡូវនេះអាចស្ទុះដល់ 96km/h ក្នុងរយៈពេលដែលបានអះអាង 3.8វិនាទី បើធៀបនឹងកម្រិតចាស់ 4.2 វិនាទី។ Tesla មិនបានលាតត្រដាងថា តើអ្វីដែលនាំឱ្យមានលទ្ធផលប្រសើរឡើងនេះទេ ដូច្នេះយើងមិនដឹងថា តើម៉ូដែល Premium AWD មានថាមពលខ្លាំងជាងមុន ឬយ៉ាងណានោះទេ ហើយប្រសិនបើមាន តើកើនឡើងប៉ុន្មានថែមទៀត។ ចម្ងាយបើកបរហាក់ដូចជាមិនរងផលប៉ះពាល់ដោយសារការស្ទុះល្បឿនលឿនជាងមុននេះឡើយ ដោយនៅតែត្រូវ បានប៉ាន់ប្រមាណការបើកបរបានរយចម្ងាយប្រហែល 557 គីឡូម៉ែត្រប៉ុណ្ណោះ។

ការធ្វើអាប់ហ្គ្រេដទាំងនេះចំពោះ Model 3 សុទ្ធតែមិនមានការបូកបន្ថែមថ្លៃដើមនោះទេ ដោយ Tesla បានទុករក្សាតម្លៃនៅដដែល។ បច្ចុប្បន្ន Model 3 មានតម្លៃចាប់ផ្តើមពី $38,630 សម្រាប់ទម្រង់ RWD កម្រិតមូលដ្ឋាន ខណៈដែលម៉ូដែល Premium AWD គឺតម្លៃ $49,130។ ចំណែកឯ Model 3 Performance មានតម្លៃ $56,630។

ទោះជាយ៉ាងណាក៏ដោយ Model 3 នៅក្នុងតំបន់អាមេរិកខាងជើង បានបាត់បង់មុខងារមួយដែល Tesla បានបន្ថែមនៅឯបរទេស។ នៅក្នុងប្រទេសចិន, អូស្ត្រាលី, នូវែលសេឡង់ និងកូរ៉េខាងត្បូង Tesla ក៏បានបន្ថែមមុខងារបញ្ជូនថាមពលទៅខាងក្រៅ (Vehicle-to-load - V2L) ដែលអនុញ្ញាតឱ្យម្ចាស់រថយន្តអាចផ្តល់ថាមពលដល់ឧបករណ៍ខាងក្រៅ ដោយប្រើប្រាស់រថយន្តរបស់ពួកគេ។ វា មិនទាន់ច្បាស់លាស់ទេថា ហេតុអ្វីបានជាមុខងារនេះត្រូវ បានផាត់ចេញពី Model 3 នៅក្នុងសហរដ្ឋអាមេរិក។

ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)