Admin, 29 July 2026
នៅក្នុងឆ្នាំ 2023 ក្រុមហ៊ុន Toyota បានជំនួសរថយន្ត Sedan ខ្នាតធំម៉ូដែល Avalon ដែលមានអាយុកាលយូរអង្វែង ជាមួយម៉ូដែល Crown ដែលស្ថិតនៅចន្លោះរវាងរថយន្ត Sedan និង SUV ជាមួយនឹងទម្រង់ដំបូលស្លាយទៅខាងក្រោយ និងកម្ពស់បាតឡានខ្ពស់ជាងមុន។ ឥឡូវនេះ វាដល់ពេលដែល Crown ត្រូវទទួលបានការធ្វើបច្ចុប្បន្នភាព ហើយខណៈពេលដែល Toyota បានរក្សារូបរាងខាងក្រៅស្ទើរតែទាំងស្រុងដដែល ប៉ុន្តែមានការបំពាក់នូវប្រព័ន្ធកូនកាត់ Hybrid ថ្មីនៅក្រោមគម្របម៉ាស៊ីន។
រថយន្ត Crown មើលទៅដូចគ្នាស្ទើរតែទាំងស្រុង ដោយការផ្លាស់ប្តូររូបរាងខាងក្រៅពិតប្រាកដតែមួយគត់គឺនៅផ្នែកខាងក្រោយ ដែលកាងក្រោយត្រូវបានកែសម្រួលបន្តិចបន្តួច។ ជម្រើសថ្នាំពណ៌ខ្មៅថ្មីមួយទៀតដែលមានឈ្មោះថា «Inked» ក៏មានផ្តល់ជូននាពេលឥឡូវនេះផងដែរ ខណៈដែលផ្លាកសញ្ញាសម្គាល់ប្រព័ន្ធបើកបរវិលពេញកង់ Hybrid All-Wheel-Drive ឥឡូវនេះប្រើប្រាស់ពណ៌រលោងបែប Satin។ វគ្គតុបតែងលំដាប់កំពូល Platinum ឥឡូវនេះដំឡើងមកជាស្តង់ដារជាមួយដង្កៀបហ្វ្រាំងពណ៌ក្រហម និងស៊ុមបង្អួចពណ៌ខ្មៅ ខណៈដែលរូបរាងពីរតុង (two-tone) មើលទៅស្រទន់ជាងមុនបន្តិច ដោយឃ្លុបក្រោយត្រូវបានលាបថ្នាំពណ៌ដូចគ្នានឹងពណ៌តួខ្លួនរថយន្ត។
នៅផ្នែកខាងក្នុង វគ្គតុបតែង Limited ឥឡូវនេះមានផ្តល់ជូននូវកៅអីពណ៌ត្នោត Saddle Tan ហើយស្រមោលពណ៌ដដែលនេះ ក៏មានផ្តល់ជូននៅទូទាំងកាប៊ីនលើវគ្គតុបតែង Platinum ផងដែរ។ ក្រុមហ៊ុន Toyota ក៏បានបំពាក់ដងលេខចង្កូត (paddle shifters) លើវគ្គតុបតែង XLE, Limited និង Nightshade ផងដែរ។
វគ្គតុបតែងទាំងបីដដែលនេះ ក៏ទទួលបានប្រព័ន្ធថាមពលកូនកាត់ Hybrid ធ្វើបច្ចុប្បន្នភាពថ្មី ដែលមានឈ្មោះថា «Toyota Hybrid System 5»។ វាផ្លូវការនៅតែបំពាក់ម៉ាស៊ីនសាំង 4 ស៊ីឡាំង ចំណុះ 2.5 លីត្រ និងម៉ូទ័រអគ្គិសនីមួយគូ ដោយមានម៉ូទ័រអគ្គិសនីទីបីមួយទៀតត្រូវបានរួមបញ្ចូលជាមួយប្រអប់លេខស្វ័យប្រវត្តអថេរ (CVT)។ ក្រុមហ៊ុន Toyota មិនបានផ្តល់ព័ត៌មានលម្អិតអំពីរបៀបដែលប្រព័ន្ធនេះខុសប្លែកពីម៉ូដែលមុន ឬលាតត្រដាងពីកម្លាំងទិន្នផលនោះទេ ដូច្នេះវាមិនទាន់ច្បាស់ទេថា តើវាបង្កើតកម្លាំងបានច្រើនជាងប្រព័ន្ធកម្លាំង 236សេះបច្ចុប្បន្នឬយ៉ាងណា។ យើងបានទាក់ទងទៅ Toyota ដើម្បីផ្ទៀងផ្ទាត់តួលេខកម្លាំង ហើយយើងនឹងធ្វើបច្ចុប្បន្នភាពអត្ថបទនេះ ប្រសិនបើយើងទទួលបានការឆ្លើយតបវិញ។
ក្រុមហ៊ុន Toyota បាននិយាយថា ប្រព័ន្ធ Hybrid ថ្មីនេះសម្រេចបានកម្រិតស៊ីសាំង ប្រហែល 5.88 លីត្រ/100 គីឡូម៉ែត្រ រួមបញ្ចូលគ្នា ទោះបីជាចម្លែកបន្តិចដែលតួលេខនេះតិចជាងម៉ូដែលឆ្នាំ 2026 ចំនួន 235.21L/100km ក៏ដោយ។ ចំណែកឯវគ្គតុបតែងលំដាប់កំពូល Platinum វិញ នៅតែបន្តប្រើប្រាស់ប្រព័ន្ធថាមពល Hybrid Max ដដែល ដោយផ្គូរផ្គងម៉ាស៊ីនសាំងទើបូ 4 ស៊ីឡាំង ចំណុះ 2.4 លីត្រ ជាមួយម៉ូទ័រអគ្គិសនីពីរ និងប្រអប់លេខស្វ័យប្រវត្ត 6 វគ្គ ដែលបង្កើតកម្លាំងសរុបរួមគ្នាបាន 340 សេះ និងកម្លាំងរមួល 542 Nm។
ពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពពាក់កណ្តាលវដ្តជីវិត (mid-cycle updates) ការកែប្រែរបស់ Crown គឺមានកម្រិតតូចតាចប៉ុណ្ណោះ។ ស្របគ្នានេះ តម្លៃមូលដ្ឋានកើនឡើងត្រឹមតែ 200 ដុល្លារប៉ុណ្ណោះ ដោយម៉ូដែល 2027 Crown XLE មានតម្លៃ 42,755 ដុល្លារអាមេរិក។ អ្វីដែលចម្លែកនោះគឺ វគ្គតុបតែង Limited ឥឡូវនេះទាមទារតម្លៃដល់ទៅ 51,015 ដុល្លារ កើនឡើង 3,770 ដុល្លារ ដែលធ្វើឱ្យវាមានតម្លៃថ្លៃជាងវគ្គ Nightshade ដែលមានតម្លៃ 50,260 ដុល្លារទៅទៀត។ វគ្គ Platinum ឈរនៅលើកំពូលតារាងក្នុងតម្លៃ 56,485 ដុល្លារ ដែលកើនឡើង 200 ដុល្លារដូចគ្នា(តម្លៃសម្រាប់ទីផ្សារក្រៅប្រទេស)។ ក្រុមហ៊ុន Toyota មិនបានបញ្ជាក់ថា តើរថយន្ត Crown ស៊េរីឆ្នាំ 2027 នឹងទៅដល់ដេប៉ូចែកចាយនៅពេលណានោះទេ ប៉ុន្តែយើងរំពឹងថានឹងបានឃើញវានៅក្នុងពេលប៉ុន្មានខែខាងមុខនេះ។
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
