Admin, 27 November 2026

        ក្រុមហ៊ុន GAC Toyota បានបង្ហាញរូបភាពស្រមោលស្ទាបស្ទង់នៃរថយន្ត SUV អគ្គិសនី range-extended SUV មួយម៉ូដែល ក្នុងពិព័រណ៍យានយន្ត Guangzhou Auto Show នៅថ្ងៃទី ​27 ខែវិច្ឆិកា។ រូបភាពស្ទាបស្ទង់នេះ មិនបានបញ្ចេញឈ្មោះម៉ូដែលឡើយ ប៉ុន្តែពេលវេលានៃការបង្ហាញខ្លួន និងបង្ហាញទៅកាន់ម៉ូដែល Highlander។ កាលពីខែសីហា ក្រុមហ៊ុន GAC Group បាននិយាយថា រថយន្ត Highlander ប្រភេទrange-extended នឹងបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅក្នុងឆមាសទីពីរនៃឆ្នាំ 2026​នេះ។ រថយន្ត Highlander ដែលដាក់លក់នៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន មកជាមួយម៉ាស៊ីនសាំង Turbo ចំណុះ 2.0 លីត្រ ឬម៉ាស៊ីន Hybrid បែបប្រពៃណីចំណុះ 2.5 លីត្រ។ នៅក្នុងរថយន្តអគ្គិសនីប្រភេទ EREV ម៉ូទ័រអគ្គិសនីជាអ្នកបង្វិលកង់រថយន្តគ្រប់ពេលវេលា ហើយម៉ាស៊ីនចំហេះក្នុង (ICE) មានតួនាទីត្រឹមតែសាកភ្លើងបញ្ចូលអាគុយ ឬជួយជំនួយដល់ម៉ូទ័រអគ្គិសនីតែប៉ុណ្ណោះ។


ក្រុមហ៊ុន GAC Toyota បានគូសបញ្ជាក់ជាលើកដំបូងអំពីផែនការរបស់ខ្លួនសម្រាប់ម៉ូដែល Highlander និង Sienna នៅក្នុងទិវាបច្ចេកវិទ្យារបស់ខ្លួនកាលពីខែមិថុនា ឆ្នាំ 2025។ ក្រុមហ៊ុនរួមទុនមួយនេះ បាននិយាយថា វិស្វករចិននឹងដឹកនាំការអភិវឌ្ឍរថយន្ត SUV និង Minivan ជំនាន់ក្រោយសម្រាប់ទីផ្សារចិន ដែលម៉ូដែលទាំងពីរនឹងទទួលបានប្រព័ន្ធថាមពលពង្រីកចម្ងាយ (range-extended powertrains)។ ក្រុមហ៊ុនក៏បានប្រកាសពីគ្រោងឆ្អឹង (platform) សម្រាប់យានយន្តដែលមានប្រវែងរហូតដល់ 5.3 ម៉ែត្រ ដែលរចនាឡើងជាចម្បងសម្រាប់រថយន្ត Hybrid ផងដែរ។ ក្រុមហ៊ុន មិនទាន់បានកំណត់អត្តសញ្ញាណគ្រោងឆ្អឹងដែលប្រើប្រាស់សម្រាប់រថយន្តដាក់បង្ហាញនៅទីក្រុងក្វាងចូវនេះនៅឡើយទេ។ របាយការណ៍កាលពីថ្ងៃទី 2ខែវិច្ឆិកា ដោយសារព័ត៌មានចិន Yanzhao Cheping បានពិពណ៌នារថយន្ត EREV ថ្មីរបស់ Toyota ថាជារថយន្ត SUV 7 កៅអី ជាមួយនឹងប្រវែងចន្លោះកង់មុខក្រោយ (wheelbase) 3,050 មីឡីម៉ែត្រ និងម៉ាស៊ីនសាំង Turbo ចំណុះ 1.5 លីត្រ សម្រាប់ប្រភេទ range extender។


របាយការណ៍នោះ បានបង្ហាញពីចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធ150 គីឡូម៉ែត្រ និងចម្ងាយបើកបរសរុបប្រហែល 1,000 គីឡូម៉ែត្រ។ តាមរបាយការណ៍នេះ បានសំអាងថាតួលេខទាំងអស់នោះបានមកពីព័ត៌មានបែកធ្លាយ ដោយមិនបានបញ្ជាក់ពីការធ្វើតេស្ត (test cycle) ឡើយទេ។ GAC Toyota មិនទាន់បានបញ្ចេញលក្ខណៈបច្ចេកទេស ឬតម្លៃជាផ្លូវការនៅឡើយផងដែរ។ការផលិត អាចនឹងចាប់ផ្តើមបន្ទាប់នៅក្នុងខែមេសា ឆ្នាំ 2027 សារព័ត៌មានជប៉ុនមួយ Nikkei បានរាយការណ៍កាលពីខែកញ្ញា ថា Toyota មានផែនការចាប់ផ្តើមផលិតរថយន្ត EREV នៅក្នុងប្រទេសចិននៅក្នុងខែនោះ ដោយមានគោលដៅផលិតអោយបានប្រហែល 200,000 គ្រឿង នៅក្នុងឆ្នាំ 2027និង 400,000 គ្រឿង នៅក្នុងឆ្នាំ 2028។ គោលដៅទាំងនោះ គ្របដណ្តប់លើផលិតកម្មរថយន្ត EREV សរុបរបស់ Toyota នៅក្នុងប្រទេសចិន។ ក្រុមហ៊ុន មិនទាន់បានផ្តល់តួលេខសម្រាប់ម៉ូដែល Highlander តែមួយមុខនៅឡើយទេ។


ក្រុមហ៊ុន Toyota បានបង្ហាញរថយន្ត Highlander អគ្គិសនីប្រើអាគុយសុទ្ធ (battery-electric) សម្រាប់ទីផ្សារសហរដ្ឋអាមេរិកកាលពីខែកុម្ភៈ។ វាអាចផ្ទុកអ្នកដំណើរបានរហូតដល់ 7 នាក់ ជាប្រភេទកៅអីបីជួរ ហើយនឹងត្រូវផលិតនៅទីក្រុង Georgetown រដ្ឋ Kentucky។ Toyota ប៉ាន់ប្រមាណថា ប្រភេទ AWD ជាមួយនឹងអាគុយធំទំហំ 95.8 kWh អាចធ្វើដំណើរបានចម្ងាយ 507 គីឡូម៉ែត្រ ក្នុងការសាកភ្លើងម្តង។​នៅក្នុងខែតុលា រថយន្តប្រភេទ EREV ចំនួន 114,000 គ្រឿង ត្រូវបានលក់នៅក្នុងប្រទេសចិន បើប្រៀបធៀបជាមួយរថយន្តប្រភេទ PHEVលក់បាន ចំនួន 226,000 គ្រឿង នេះបើយោងតាមទិន្នន័យពី CPCA។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)