Admin, 12 April 2026

          ក្រុមហ៊ុន Toyota មានរថយន្តប្រភេទ Off-road ច្រើនលើសលប់ រាប់ចាប់តាំងពីប្រភេទ TRD កម្លាំងខ្លាំងលើរថយន្ត Truck រហូតដល់រថយន្ត SUV ស្ទើរតែគ្រប់ម៉ូដែល។ មិនត្រឹមតែ 4Runner និង Land Cruiser ប្រើប្រាស់គ្រោងឆ្អឹង (Platform) រួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែពួកវាក៏មានគ្រឿងបច្ចេកទេសជាច្រើនដូចគ្នាផងដែរ។ ដូច្នេះ វាអាស្រ័យទៅលើថា តើអ្នកចូលចិត្តរូបរាងបែបបុរាណ (Retro) របស់ Land Cruiser ឬអ្នកចាប់អារម្មណ៍លើម៉ាស៊ីន Hybrid ផ្តាច់មុខរបស់ 4Runner ជាង។ សម្រាប់អ្នកដែលស្រឡាញ់ Land Cruiser តម្លៃសម្រាប់ស៊េរីឆ្នាំ 2027 គឺស្ទើរតែមិនមានការប្រែប្រួលឡើយ ហើយថែមទាំងទទួលបានជម្រើសថ្មីៗគួរឱ្យចាប់អារម្មណ៍មួយចំនួនទៀតផង។


ការប្រៀបធៀបតម្លៃ

ជាដំបូង សូមនិយាយអំពីតម្លៃ។ ស្រឡាយរថយន្ត Land Cruiser ឆ្នាំ 2027 នៅតែមាន 2 ជម្រើសដដែលគឺ៖ ប្រភេទ 1958 Edition និងប្រភេទ High-spec (ម៉ូដែលខ្ពស់ដែលគ្មានឈ្មោះ)។

  • ប្រភេទ 1958 ឥឡូវនេះមានតម្លៃចាប់ផ្តើមពី 59,375 ដុល្លារសម្រាប់ទីផ្សារក្រៅ​ប្រទេស
  • ប្រភេទ High-spec មានតម្លៃចាប់ផ្តើមពី 65,450 ដុល្លារសម្រាប់ទីផ្សារក្រៅប្រទេស

តម្លៃទាំងពីរនេះបានកើនឡើងត្រឹមតែ 280 ដុល្លារ ប៉ុណ្ណោះ បើធៀបនឹងឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយ តម្លៃនេះនៅតែខ្ពស់ជាង 4Runner ម៉ូដែល TRD Off-Road។ សម្រាប់ឆ្នាំ 2026 ម៉ូដែលមិនមែន Hybrid របស់ 4Runner ចាប់ផ្តើមពី 51,985 ដុល្លារ និងប្រភេទ Hybrid ចាប់ផ្តើមពី 54,785 ដុល្លារ ប៉ុន្តែតម្លៃអាចហក់ឡើងខ្ពស់ខ្លាំង ប្រសិនបើអ្នកជ្រើសរើសប្រភេទខ្ពស់ដូចជា 4Runner TRD Pro ដែលមានតម្លៃរហូតដល់ 69,895 ដុល្លារ។


ជម្រើសថ្មីដែលគួរឱ្យចាប់អារម្មណ៍

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងការឡើងថ្លៃបន្តិចបន្តួចនោះ គឺជម្រើសថ្មីដែលមាននៅលើ Land Cruiser។ ឥឡូវនេះ អ្នកអាចកុម្ម៉ង់រថយន្តដែលមានបំពាក់ បំពង់បឺតខ្យល់លើខ្ពស់ (Raised air intake) ដូចទៅនឹងអ្វីដែល Toyota បំពាក់លើ 4Runner Trailhunter ដែរ។ ជម្រើសបន្ថែមនេះមានតម្លៃ ៩៨០ ដុល្លារ។ ប៉ុន្តែសូមកុំច្រឡំវាជាមួយបំពង់ Snorkel ដែលប្រើសម្រាប់បង្កើនសមត្ថភាពចុះទឹកឱ្យបានជ្រៅ ព្រោះបំពង់នេះមិនមានការការពារជិតមិនឱ្យទឹកចូលនោះទេ (ទោះបីជាមានអ្នកប្រើប្រាស់ក្នុងបណ្ដាញសង្គមខ្លះនិយាយថាអាចប្រើ Flex Seal បិទបានក៏ដោយ)។

លក្ខណៈពិសេសថ្មីមួយទៀតគឺស្ថិតនៅក្នុងកញ្ចប់ Premium package ដែលឥឡូវនេះបានបន្ថែមមុខងារ កម្តៅ និងខ្យល់ចេញចូលកៅអី សម្រាប់អ្នកដំណើរជួរក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ការបន្ថែមជម្រើស Premium នេះ តម្រូវឱ្យអ្នកចំណាយបន្ថែម ៤,៩០៥ ដុល្លារ (កើនឡើង ៥៥០ ដុល្លារ ធៀបនឹងឆ្នាំមុន) ហើយវាមានផ្តល់ជូនសម្រាប់តែម៉ូដែល Land Cruiser ដែលមានតម្លៃថ្លៃប៉ុណ្ណោះ៕

ប្រភព៖ United State

ប្រែសំរួល៖ Chea SokNang (AC Auto)