Admin, 4 hours ago
បើយោងតាមសេចក្តីរាយការណ៍ ក្រៅផ្លូវការពីក្រុមហ៊ុនផលិតរថយន្តយក្សមួយនេះរបស់ជប៉ុន រថយន្ត Toyota LandCruiser ទំនងជានឹងជាអាចបំពាក់ ប្រព័ន្ធម៉ាស៊ីន plug-in hybrid បន្ថែមពីលើប្រព័ន្ធ ‘performance hybrid’ ដោយមិនចាំបាច់ដោតភ្លើងសាក។
គេបាននិយាយថា ក្រុមហ៊ុន Toyota កំពុងអភិវឌ្ឍជម្រើស plug-in hybrid (PHEV) សម្រាប់រថយន្ត LandCruiser 300 Series ដែលអាចអនុញ្ញាតឱ្យម្ចាស់រថយន្តនាពេលអនាគតអាចបើកបរជាប្រចាំថ្ងៃដោយប្រើ ថាមពលអាគុយតែ ប៉ុណ្ណោះ ដើម្បីជួយកាត់បន្ថយការប្រើប្រេងឥន្ធនៈនៅក្នុងរយៈចម្ងាយមួយ។ ហើយប្រសិនការបើកបរ ទៅរយៈចម្ងាយឆ្ងាយតាមទីតំបន់ផ្សេងៗ វាអាចជំនួសការប្រើប្រេងសាំងវិញ។ នេះបើយោងតាមសារព័ត៌មានជប៉ុន Creative311។
វាទំនងជាបច្ចេកវិទ្យា PHEV នឹងត្រូវបានភ្ជាប់ជាមួយម៉ាស៊ីនសាំង V6 ចំណុះ ៣,៥ លីត្រ twin-turbo របស់ Toyota ដូចទៅនឹងរថយន្ត Land Cruiser Hybrid នាពេលខាងមុខដែរ និង ជំនួសឱ្យ ម៉ាស៊ីនម៉ាស៊ូត V6 ចំណុះ ៣,៣ លីត្រ twin-turbo របស់រថយន្ត SUV ។ ទោះជាយ៉ាងណាក៏ដោយ វាក៏អាចថាជាប្រភេទ PHEV ដែលអាចប្រើប្រាស់ ម៉ាស៊ីនសាំង turbocharged ៤ ស៊ីឡាំងដែលមាន ទំហំតូចជាងផងដែរ។
បើតាមសេចក្តីរាយការណ៏នេះបានអះអាងថា LandCruiser 300 Series PHEV នឹងមានត្រឹមតែ ៥ កៅអីប៉ុណ្ណោះ ដោយសារទំហំកាប៊ីនខាងក្រោយត្រូវកាត់បន្ថយដើម្បីដាក់អាគុយដ៏ធំមួយនេះ។
ធុងសាំងក៏ត្រូវបានគេរាយការណ៍ថា នឹងត្រូវកាត់បន្ថយផងដែរដើម្បីទុកកន្លែងសម្រាប់អាគុយ ដោយធុងសាំង ៨០ លីត្រ របស់ LandCruiser អាចនឹងត្រូវកាត់បន្ថយមកត្រឹមប្រហែល ៥០ លីត្រវិញ។
ខណៈដែល LandCruiser plug-in hybrid នៅមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការដោយ ក្រុមហ៊ុនរថយន្តយក្សមួយ នេះ របស់ជប៉ុននៅឡើយ រថយន្តនេះនឹងក្លាយជាការឆ្លើយតបដោយផ្ទាល់ទៅនឹងរថយន្ត GWM Tank 500 PHEV ដែលរួមបញ្ចូលគ្នានូវម៉ាស៊ីនសាំង turbocharged ៤ ស៊ីឡាំងចំណុះ ២,០ លីត្រទំហំ ១៨០kw ជាមួយនឹងអាគុយទំហំ ៣៧,១១khw និងម៉ូទ័រអគ្គិសនីទំហំ ១២០kw។ ជាមួយនឹងកម្លាំងសរុប ៣០០kw និងកំលាំងរង្វិលជុំ ៧៥០Nm រថយន្ត Tank 500 PHEV ត្រូវបានគេនិយាយថាមានរយៈចម្ងាយនៃការបើកបរដោយប្រើថាមពលអគ្គិសនីបាន ១២០ គីឡូម៉ែត្រ ហើយវាមានសម្ថភាពធ្វើដំណើរបានចម្ងាយសរុបប្រហែល ៩៥០ គីឡូម៉ែត្រ។
ប្រភព៖ Car Expert
ប្រែសំរួល៖ Huot Soknal
