Admin, 05 January 2026
ជាទូទៅ ក្រុមហ៊ុនផលិតរថយន្តតែងតែផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មពីស៊េរីឆ្នាំ 2025 ទៅ 2026 មុនថ្ងៃចូលឆ្នាំសកលមកដល់ ប៉ុន្តែការឆ្លងចូលឆ្នាំថ្មីតាមប្រតិទិនអាចបញ្ហា ដល់ភ្នាក់ងារលក់ដែលមានរថយន្តស៊េរីឆ្នាំ 2025 (MY2025) នៅសល់ច្រើនក្នុងឃ្លាំង។ គិតត្រឹមថ្ងៃស្អែកម៉ូដែលទាំងនោះនឹងក្លាយជា រថយន្តថ្មីដែល "សល់ពីឆ្នាំមុន" ជាផ្លូវការ ដែលវារារាំងដល់ភ្នាក់ងារ លក់ក្នុងការនាំចូលរថយន្តស៊េរីឆ្នាំ 2026 ដែលមើលទៅវាមានភាពទាក់ទាញជាង សម្រាប់អ្នក ទិញ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ រថយន្តទាំងនោះភាគច្រើនហាក់ដូចជាផលិតផលដែល មានការឱ្យភ្ញាក់ផ្អើលបំផុតរបស់ក្រុមហ៊ុន Toyota។
យោងតាមការសិក្សាថ្មីមួយពី iSeeCars បានឱ្យដឹងថា មានម៉ូដែលរថយន្ត Toyota និង Lexus ចំនួន 5 ផ្សេងគ្នាដែលផ្តោតលើអ្នកចូលចិត្តរថយន្ត (Enthusiast-focused) ស្ថិតក្នុងចំណោមរថយន្តកំពូលទាំង 10 ដែលមានស្តុកឆ្នាំ 2025 នៅសល់ច្រើនបំផុត ក្នុងឃ្លាំង។ រថយន្ត Lexus GX 550 ឈរនៅលេខរៀងទី 2 ក្នុងបញ្ជី ដោយមានស្តុកនៅសល់ 87.8%, បន្ទាប់មកគឺ Lexus LX 600 នៅសល់ 83.9%, GR Corolla នៅសល់ 83.2% និងរថយន្ត 4Runner ទាំងប្រភេទ Hybrid និងម៉ាស៊ីនសាំងធម្មតា នៅសល់ 80.4% និង 78.5% ជួរម៉ូដែលរៀងៗខ្លួន។ ម៉ូដែលមួយទៀតដែលពាក់ព័ន្ធនឹង Toyota គឺ Subaru BRZ ឈរនៅលេខរៀងទី 3 ដែលមានស្តុកនៅសល់ 87.1%។
ទោះជាយ៉ាងណា គ្រួសារក្រុមហ៊ុន Toyota មិនមែនមានវត្តមានលើគ្រប់រថយន្តក្នុងបញ្ជី នោះទេ។ BMW i4 ជាប់ចំណាត់ថ្នាក់លេខ 1 ដែលមានស្តុកនៅសល់ 89.2%, Kia Niro លេខ 6 នៅសល់ 80.8%, VW Taos លេខ 7 នៅសល់ 80.6% និង Ford Maverick លេខ 9 នៅសល់ 78.9%។
សម្រាប់រថយន្ត SUV របស់ Toyota/Lexus ទាំង 4 ម៉ូដែលក្នុងបញ្ជី បញ្ហាផ្នែកខ្លះអាចមក ពីជម្រើសដ៏ច្រើនដែលផ្តល់ជូនលើគ្រោងឆ្អឹង TNGA-F តែមួយនាពេលបច្ចុប្បន្ន។ ម៉ូដែល GX និង 4Runner មានទំហំប្រហាក់ប្រហែលគ្នា និងផ្តោតលើក្រុមអ្នកទិញតែមួយដូចទៅ នឹង ម៉ូដែល Land Cruiser (ដែលមិនមានក្នុងបញ្ជី iSeeCars) ខណៈដែល SUV ទាំងអស់ នោះមានតម្លៃទាបជាងឆ្ងាយបើធៀបនឹងម៉ូដែល LX ដែលមានទំហំធំជាង។ ជាមួយនឹងជម្រើសដ៏ច្រើនដែលនៅក្រោមដំបូលតែមួយ ម៉ូដែលនីមួយៗកំពុងប្រកួតប្រជែងគ្នាឯងដើម្បីដណ្តើមអតិថិជនរថយន្ត Off-road របស់ Toyota តែមួយ។
ជាអកុសល ការនៅទ្រឹងនៃលក់រថយន្ត GR Corolla និង Subaru BRZ ទំនងជាអាចសន្និដ្ឋានបានថា ដោយសារតែវាជារថយន្តស្ព័រដែលមានតម្លៃសមរម្យ ប៉ុន្តែមានទីផ្សារចង្អៀត (Niche appeal)។ ជាពិសេស Corolla គឺមិនដូចរថយន្តប្រភេទ Hot Hatchback ផ្សេងទៀតនៅលើទីផ្សារសព្វថ្ងៃនេះទេ ហើយវានឹងទាក់ទាញតែក្រុមអតិថិជនមួយផ្នែកតូចប៉ុណ្ណោះ។
ខណៈពេលដែល Toyota និង Lexus ប្រហែលជាមានបញ្ហាជាមួយនឹងរថយន្ត Off-road និងម៉ូដែលស្ព័រដែលនៅសល់ក្នុងឃ្លាំង ប៉ុន្តែម៉ាកយីហោទាំងពីរនេះមិនមានបញ្ហាជាមួយម៉ូដែល ដែលលក់ដាច់ខ្លាំង (Wider-volume models) នោះទេ។ រថយន្តតែមួយគត់ផ្សេងទៀតក្នុងចំណោមម៉ាកទាំងពីរដែលជាប់ក្នុងបញ្ជីរថយន្តសល់ស្តុកឆ្នាំ 2024 ឬ 2025 គឺ Tacoma ដែលជារថយន្ត Off-road មួយទៀតដែលមានស្ថានភាពល្អជាងបងប្អូន SUV របស់វាបន្តិច ដោយមានស្តុកឆ្នាំ 2025 នៅសល់ 72.5%៕
ប្រភព៖ United State News.
ប្រែសំរួល៖ Chea SokNang (AC Auto)
