Admin, 28 February 2026

          ក្រុមហ៊ុន Toyota Motor បានប្រកាសថាខ្លួននឹងដាក់លក់រថយន្ត SUV ប្រភេទ Plug-in Hybrid (PHEV) ម៉ូដែល RAV4 ជំនាន់ថ្មីជាផ្លូវការនៅក្នុងប្រទេសជប៉ុន នៅថ្ងៃទី 9 ខែមីនា បន្ទាប់ពីការបង្ហាញខ្លួននៃជំនាន់ Hybrid (HEV) កាលពីខែធ្នូ ឆ្នាំ 2025 កន្លងទៅ។

រថយន្ត RAV4 បានជាប់ចំណាត់ថ្នាក់ជាម៉ូដែលដែលលក់ដាច់បំផុតរបស់ Toyota ម្តងទៀតក្នុង ឆ្នាំ 2025 ដោយបានយកឈ្នះ Tesla Model Y ដើម្បីក្លាយជារថយន្តដែលលក់ដាច់បំផុត នៅលើពិភពលោក។ បន្ទាប់ពីការដាក់បង្ហាញរថយន្ត RAV4 Plug-in Hybrid ថ្មីកាលពីថ្ងៃព្រហស្បតិ៍ ក្រុមហ៊ុន Toyota Motor បានបញ្ជាក់ថា រថយន្ត SUV នេះត្រូវបាន "ចាប់កំណើតជាថ្មី" ជាមួយនឹងការរចនាប្រព័ន្ធ PHEV ឡើងវិញទាំងស្រុង។


ក្រុមហ៊ុនផលិតរថយន្តនេះបានឱ្យដឹងថា RAV4 PHEV ថ្មី ដែលត្រូវបានបង្កើតឡើង នៅលើគ្រោងឆ្អឹង RAV4 ជំនាន់ទី 6 ត្រូវបានបំពាក់ដោយប្រព័ន្ធកូនកាត់ Series Parallel Plug-in Hybrid System (A25A-FXS) ចុងក្រោយបង្អស់ដែលសន្សំសំចៃថាមពលខ្ពស់។ ប្រព័ន្ធនេះប្រើប្រាស់ម៉ាស៊ីនចំណុះ 2.5 លីត្រ ផ្គួបផ្សំជាមួយប្រអប់លេខអគ្គិសនី CVT ដែលបង្កើតកម្លាំងបានអតិបរមា 242 គីឡូវ៉ាត់ (329 សេះ)។

វាក៏មានបំពាក់នូវអាគុយដែលមានសមត្ថភាពខ្ពស់ជាងមុន ដែលជួយពង្រីកចម្ងាយបើកបរ ដោយថាមពលអគ្គិសនីសុទ្ធ (BEV range) បានរហូតដល់ 150 គីឡូម៉ែត្រ (កើនឡើងពី 95 គីឡូម៉ែត្រ ធៀបនឹងស៊េរីមុន)។ បន្ថែមពីនេះ អាគុយថ្មីនេះក៏គាំទ្រការសាកថ្មកម្លាំងខ្លាំង និងអាចប្រើប្រាស់ជាធុងផ្ទុកថាមពលសម្រាប់ផ្គត់ផ្គង់ទៅខាងក្រៅបានទៀតផង។

រថយន្ត RAV4 ថ្មី នឹងមានជម្រើសពីរប្រភេទចម្បង៖

  • ប្រភេទ Z PHEV: តម្លៃ ប្រហែល 38,700 ដុល្លារអាមេរិក។
  • ប្រភេទ GR Sport PHEV: តម្លៃ ប្រហែល 40,600 ដុល្លារអាមេរិក។



ម៉ូដែល Z grade មានលក្ខណៈពិសេសជាមួយនឹងការរចនាបែប PHEV ផ្ដាច់មុខ អមដោយ​ការតុបតែងពណ៌ខ្មៅរលោង (Piano-black) នៅលើកាងខាងមុខ និងអំពូល LED យ៉ាង​ស្រស់ស្អា​ត។ ចំណែកឯម៉ូដែល GR SPORT វិញ គឺផ្ដោតសំខាន់លើសមត្ថភាពបើកបរ ដោយប្រើប្រាស់ថាមពល PHEV បញ្ចូលជាមួយបច្ចេកវិទ្យាជំនួយការបត់បែនឱ្យ​កាន់តែ​រហ័សរហួន។ វាក៏មានបំពាក់នូវបូម GR Performance Dampers ដើម្បីពង្រឹងស្ថិរភាព និងការគ្រប់គ្រងឱ្យកាន់តែប្រសើរ។

Toyota បានកំណត់គោលដៅលក់ក្នុងស្រុកចំនួន 700 គ្រឿងក្នុងមួយខែ។ ក្រុមហ៊ុនក៏មាន គម្រោងដាក់លក់ RAV4 PHEV នេះនៅក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក នាត្រីមាសទី 2 ឆ្នាំនេះផងដែរ៕

ប្រភព៖ JP. News

ប្រែសំរួល៖ Chea SokNang (AC Auto)