Admin, 29 December 2025

កាលពីឆ្នាំមុន ក្រុមហ៊ុន Triumph បានពង្រីកជួរម៉ូដែល Tiger Sport របស់ខ្លួនជាមួយម៉ូដែល Tiger Sport 800 ដែលជាម៉ូតូប្រភេទ Middleweight Crossover ក្នុងរចនាបថស្រដៀងនឹង Tiger Sport 660។ សម្រាប់ឆ្នាំ 2026​ ខាងមុខនេះ Triumph កំពុងបង្កើតសមត្ថភាពម៉ូតូដែល​អាច​ធ្វើ​ដំណើរផ្លូ​វឆ្ងាយ​​របស់ស៊េរី 800 នេះ ជាមួយម៉ូដែល Tiger Sport 800 Tour ដែលមានការអាប់ដេតបន្តិចបន្តួចជាមួយការបំពាក់គ្រឿងបន្ថែមមួយចំនួនហើយមានតម្លៃលក់ទូទៅលើសតម្លៃម៉ូដែលស្តង់ដារត្រឹមតែ 2,100 ដុល្លារប៉ុណ្ណោះ។ ជាមូលដ្ឋាន ម៉ូដែល Tour ត្រូវបានបំពាក់មកស្រាប់ពីរោងចក្រនូវគ្រឿងតុបតែងតម្រូវសម្រាប់ការធ្វើដំណើរជាច្រើនពីកាតាឡុករបស់ Triumph ដែលផ្តល់ឱ្យអតិថិជននូវមុខងារកាន់តែច្រើន និងតម្លៃកាន់តែពិសេស។


ម៉ូដែល Tiger Sport 800 Tour បំពាក់ដោយកាបូបចំហៀង (panniers) និងប្រអប់ខាងលើ (top case) ដែលផ្តល់ចំណុះផ្ទុករួមរហូតដល់ 103 លីត្រ។ វាបានបំពាក់គ្រឿងបន្ថែមសម្រាប់ការ​ធ្វើដំណើររួមមាន កៅអីផាសុកភាពកំរាស់ពីរជាន់ (dual comfort seat), ជើងជន្ទុលកណ្តាល (centerstand), ដៃចង្កូតមានមុខងារកម្តៅ (heated grips), ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់ (TPMS) និងរបាំងការពារដៃ (hand guards)​ វាស្តាប់ទៅដូចជាម៉ូតូ Tourer ដែលមានគ្រឿង​តុបតែងពេញលេញដូចហែកចេញពីប្រអប់តែម្តង ។

គ្រឿងតុបតែងទាំងអស់នេះមានលក់រួចហើយនៅក្នុងកាតាឡុករបស់ Triumph ដូច្នេះប្រសិនបើអ្នកមានម៉ូដែលឆ្នាំ 2025 រួចហើយ ហើយអ្នកចង់ផ្លាស់ប្តូរឡើងសេរី​លោកអ្នកអាចទិញវាមកបំពាក់បន្ថែមឱ្យមានលក្ខណៈដូចគ្នាបាន។ នេះគឺជាតម្លៃនៃគ្រឿងតុបតែងនីមួយៗប្រសិនបើអ្នកទិញដាច់ដោយឡែក៖


  • ប្រអប់ខាងលើដាក់មួកសុវត្ថិភាពបានចំនួនពីរមានតម្លៃ ($375) ជាមួយជម្រើសពណ៌​បន្ថែមត្រូវថែមតម្លៃ ($86), ទ្រនាប់បង្អែកខ្នងតម្លៃ ($66), ផ្នើរ​ឬឃ្លុបដាក់ឥវ៉ាន់ប្រភេទអាលុយមីញ៉ូមតម្លៃ ($150) និងបន្ទះឬកញ្ចាប់ដំឡើងតម្លៃ ($75)
  • កាបូបចំហៀងតម្លៃ ($670) ជាមួយជម្រើសពណ៌តម្លៃ ($86)
  • កៅអីផាសុកភាពពីរជាន់តម្លៃ ($190)
  • ជើងជន្ទុលកណ្តាលតម្លៃ ($220)
  • ដៃចង្កូតមានមុខងារកម្តៅតម្លៃ ($260)
  • របាំងការពារដៃតម្លៃ ($140)
  • ប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់តម្លៃ (TPMS) ($285)



សរុបមក តម្លៃគ្រឿងតុបតែងវាមានតម្លៃសរុបដល់ទៅ 2,603 ដុល្លារ។ បើយើងអាចពិចារណា​ថា ការអាប់ដេតប្រភេទ Tour​ ​នេះ តម្លៃរបស់វាគឺចាប់ផ្តើម 14,695 ដុល្លារ ពោលគឺថ្លៃជាង​ម៉ូដែលធម្មតា​ត្រឹមតែ 2,100 ដុល្លារ នេះសបញ្ជាក់អោយឃើញថាវាអាច សន្សំសំចៃយ៉ាងច្រើន​លើគ្រឿងតុបតែងទាំងនេះ។ លើសពីនេះ វាក៏ជួយឱ្យអតិថិជនចំណេញ​លើកម្រៃសេវាដំឡើង​ដ៏ថ្លៃនៅតាមបណ្តាហាងលក់នានាផងដែរ។ វាអាចបណ្តាលអោយហាងលក់ជាច្រើនអាចនឹង​ត្អូញត្អែរអំពីការបាត់បង់ចំណូលផ្នែកសេវាកម្មការតុបតែងគ្រឿងមួយនេះ ប៉ុន្តែសំរាប់អតិថិជន​វាពិតជា​ចំ​ណេញលើសពីការរំពឹងទុក។

Tiger Sport 800 Tour មានពីរពណ៌សម្រាប់ជ្រើសរើស ដែលពណ៌ទាំងពីរនេះ​គឺជាពណ៌​ផ្តាច់មុខ​សម្រាប់ការអាប់ដេតរបស់ Tour៖ Matte Cobalt (ខៀវ) និង Carnival Red (ក្រហម)។ ស្លាកសញ្ញា "Tour" នឹងមានបំពាក់នៅលើកាបូបចំហៀង និងរបាំងការពារធុងទឹក (radiator shrouds) ដើម្បីជាសញ្ញាសម្គាល់វាជាម៉ូដែលចម្បង។


អ្នកនាំពាក្យរបស់ក្រុមហ៊ុនគាត់មានប្រសាសន៍ថា ៖ «Tiger ថ្មីនេះគឺជា ម៉ូតូ Adventure,​ដែលមានផាសុខភាព ភាពធន់ និងគុណភាពនៃការបើកបរ ជាមួយនិងទ្រ​ង់ទ្រាយ​បែប​ម៉ូតូ Sport... ដែលមានកន្លែងផ្ទុកឥវ៉ាន់ខ្លះទៅ ហើយយើងជឿជាក់ថាវា​នឹងធ្វើដំណើរបានយ៉ាង​រលូន​ដូចដែលយើងជិះទៅធ្វើការបានដែរ។ ការជិះដ៏រីករាយនៅពេល ចុងសប្តាហ៍ វានឹងបានផ្តល់អោយយើងនូវការបើកបរលក្ខណៈបែប Sport ដ៏ស្រស់ស្រាយ។ វាមានសំឡេងល្អ រូបរាងប្រណិត បំពាក់មកជាមួយម៉ាស៊ីន 3 ស៊ីឡាំងយ៉ាងខ្លាំងក្លា។ វាក៏មកជាមួយឧបករណ៍ និងប្រព័ន្ធជំនួយគ្រប់គ្រាន់ដើម្បីរក្សាសុវត្ថិភាពរបស់អ្នក»។

ជាមួយម៉ូដែល Tiger Sport 800 Tour ក្រុមហ៊ុន Triumph បានបំពាក់ឧបករណ៏មួយចំនួន មកឱ្យស្រាប់ និងលើសពីនេះទៀត។ លោកអ្នកអាចរកទិញ Tiger Sport 800 Tour ឆ្នាំ 2026 នៅតាមហាងលក់ក្នុងសហរដ្ឋអាមេរិក ចាប់ពីខែមីនា ឆ្នាំ 2026 តទៅ៕




ប្រភព៖ United State News.

ប្រែសំរួល៖ AC Motors