Admin, 16 March 2026

             រថយន្ត Off-road ជារឿយៗមិនមានតម្លៃថោកនោះទេ។ រថយន្ត Truck និង SUV ស៊េរីថ្មីៗ ដែលពេញនិយមសម្រាប់ជិះកាត់ថ្ម និងផ្លូវលំបាកៗបានឡើងថ្លៃយ៉ាងខ្លាំង។ រថយន្ត Toyota 4Runner ​2026 ឥឡូវនេះមានតម្លៃចាប់ផ្តើមជាង 43,000 ដុល្លារ,Jeep Wrangler 2026 ទ្វារពីរ មានតម្លៃចាប់ពី 38,000 ដុល្លារ និងប្រភេទបួនទ្វារដែលពេញនិយមមានតម្លៃជិត 42,000 ដុល្លារ។ ជាមួយនឹងតម្លៃបែបនេះ អ្នកចូលចិត្តការលេងរថយន្តកម្រិតមូលដ្ឋានភាគ ច្រើន នឹងមិនសល់ថវិកាច្រើនសម្រាប់យកទៅតុបតែង ឬបន្ថែមគ្រឿងបន្លាស់តាមអ្វីដែល ពួកគេចង់បាននោះទេ។

នោះហើយជាមូលហេតុដែលការទិញរថយន្តជជុះដែលមានសមត្ថភាព Off-road គឺជាជម្រើស ដ៏សមហេតុផលបំផុត។ ជាមួយនឹងការធ្លាក់ចុះនៃតម្លៃ (Depreciation) អ្នកនឹងសន្សំប្រាក់បាន រាប់ម៉ឺនដុល្លារ។ ថវិកាដែលនៅសល់ អាចឱ្យអ្នកយកទៅទិញ សំបកកង់ធំៗ ប្តូរប្រព័ន្ធបូមថ្មី និងគ្រឿងបន្លាស់ផ្សេងៗដើម្បីឱ្យត្រូវតាមតម្រូវការប្រើប្រាស់ របស់អ្នក។ នៅក្នុងតារាងនេះ យើងបានជ្រើសរើសរថយន្តដែលមានអាយុកាលចន្លោះពី 3ទៅ 5ឆ្នាំ (ម៉ូដែលឆ្នាំ 2022-2024) ដោយផ្អែកលើភាពធន់ និងសមត្ថភាពជាក់ស្តែង៖

Chevrolet Colorado 2022


1.Chevrolet Colorado 2022

  • ចំណុចល្អ៖ ជារថយន្ត Truck ដែលមានតម្លៃធូរថ្លៃបំផុតមួយសម្រាប់ Off-road។ វាមានការបើកបររលូន និងការបញ្ជាចង្កូតល្អ។ គួរស្វែងរកប្រភេទ LT និង Z71 ដែលមានកញ្ចប់ Trail Boss (មានឈុតលើកកម្ពស់បូម 1 អ៊ីញ និងដែកការពារ បាតក្រោម)។ ប្រសិនបើមានថវិកាគ្រប់គ្រាន់ ប្រភេទ ZR2 គឺជាស្តេចនៃផ្លូវ Off-road។
  • ចំណុចខ្សោយ៖ ផ្នែកខាងក្នុងមិនសូវប្រណីត (ប្រើជ័រច្រើន) និងមិនសូវទំនើប។ មិនគួររើសយកម៉ាស៊ីន 4ស៊ីឡាំងទេ ព្រោះកម្លាំងខ្សោយ ហើយមិនសូវសន្សំសំចៃជាង ម៉ាស៊ីនធំប៉ុន្មានឡើយ។
  • តម្លៃប្រហាក់ប្រហែល៖ ចាប់ពី 16,000 ដុល្លារ(សម្រាប់ទីផ្សារអាមេរិក)


Ford Ranger 2023


2. Ford Ranger​ 2022-2023

  • ចំណុចល្អ៖ ម៉ាស៊ីន 2.3 លីត្រ Turbo 4ស៊ីឡាំង មានកម្លាំងខ្លាំង និងរលូន។ ម៉ូដែល Tremor គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការប្រើប្រាស់ Off-road ព្រោះវាមានសំបក កង់ក្រាស់ៗ ប្រព័ន្ធបូមល្អជាងមុន និងមានបូមក្រោយថ្មី។
  • ចំណុចខ្សោយ៖ ប្រភេទធម្មតា (មិនមែន Tremor) ជួនកាលមានអារម្មណ៍ថា រលាក់ខ្លាំង។ កាប៊ីនខាងក្នុងតូចចង្អៀតបន្តិច និងប្រព័ន្ធកម្សាន្តហួសសម័យ។
  • តម្លៃប្រហាក់ប្រហែល៖ ចាប់ពី 20,000 ដុល្លារ(សម្រាប់ទីផ្សារអាមេរិក)


Toyota Tacoma 2023


3. Toyota Tacoma​ 2022-2024

  • ចំណុចល្អ៖ ជាស្ដេចឡាន Truck ដែលល្បីខាងភាពធន់ និងសមត្ថភាពទៅបាន គ្រប់ទីកន្លែង ជាពិសេសម៉ូដែល TRD Off-Road។ សម្រាប់ស៊េរីឆ្នាំ 2024 ត្រូវបានរចនា ថ្មីទាំងស្រុង ជាមួយរូបរាងទំនើប និងមានជម្រើសម៉ាស៊ីន Hybrid។
  • ចំណុចខ្សោយ៖ ស៊េរីចាស់មានអារម្មណ៍ថារឹង កាប៊ីនតូច និងទីតាំងអង្គុយបើកបរ មិនសូវមានផាសុកភាព។ សម្រាប់ស៊េរីថ្មី (2024) ម៉ាស៊ីនកម្រិតទាបបំផុត មានកម្លាំង ត្រឹមតែ 228 សេះ និងកៅអីជួរទីពីរនៅតែតូចជាងគូប្រជែង។
  • តម្លៃប្រហាក់ប្រហែល៖ ចាប់ពី 20,000 ដុល្លារ (សម្រាប់ទីផ្សារអាមេរិក)


Jeep Wrangle 2023


4. Jeep Wrangler 2022-2024

  • ចំណុចល្អ៖ ជាឡានដែលជាស្តង់ដារសម្រាប់ជិះកាត់ថ្មភ្នំ (Rock crawling)។ វាមានតម្លៃទីផ្សារខ្ពស់ ទោះបីជាឡានជជុះក៏ដោយ។ ប្រភេទម៉ាស៊ីន V-8 (Wrangler 392) គឺផ្តល់ភាពសប្បាយរីករាយបំផុតក្នុងការបើកបរ។
  • ចំណុចខ្សោយ៖ គួរជៀសវាងប្រភេទ 4xe (Plug-in Hybrid) ព្រោះមិនសូវធន់ និងធ្លាប់មានការប្រមូលត្រឡប់វិញដោយសារបញ្ហាអាគុយ។ ការបើកបរលើផ្លូវរាប មានអារម្មណ៍ថារឹង និងមិនសូវនឹងល្អ។
  • តម្លៃប្រហាក់ប្រហែល៖ ចាប់ពី 21,000 ដុល្លារ (សម្រាប់ទីផ្សារអាមេរិក)


GMC Canyon 2022


5. GMC Canyon​ 2022

  • ចំណុចល្អ៖ មានលក្ខណៈបច្ចេកទេសស្រដៀងនឹង Chevrolet Colorado។ ម៉ូដែល AT4 ផ្តល់សមត្ថភាពខ្ពស់លើផ្លូវ Off-road។ ម៉ាស៊ីន V-6 មានកម្លាំងខ្លាំង និងប្រព័ន្ធបូមមាន ផាសុកភាពល្អ។
  • ចំណុចខ្សោយ៖ ផ្នែកខាងក្នុងមិនសូវស្អាតជាង Colorado ប៉ុន្មានទេ ហើយប្រអប់លេខ 8 វគ្គ ជួនកាលមិនសូវឆ្លាតវៃក្នុងការប្តូរលេខចុះក្រោម។
  • តម្លៃប្រហាក់ប្រហែល៖ ចាប់ពី 22,000 ដុល្លារ (សម្រាប់ទីផ្សារអាមេរិក)


Jeep Gladiator 2023


6. Jeep Gladiator 2022-2024

  • ចំណុចល្អ៖ វាជារថយន្ត Truck ដែលរចនាឡើងដើម្បីប្រើសម្រាប់ Off-road ជាចម្បង។ រូបរាងដ៏រឹងមាំដូច Wrangler ប៉ុន្តែមានទ្រុងក្រោយសម្រាប់ដឹកអីវ៉ាន់។ កាប៊ីនខាងក្នុង ធំទូលាយ។
  • ចំណុចខ្សោយ៖ ដូច Wrangler ដែរ ការបើកបរលើផ្លូវរាបមិនសូវមានផាសុកភាព និងចង្កូតមិនសូវហាប់ល្អ។
  • តម្លៃប្រហាក់ប្រហែល៖ ចាប់ពី 23,000 ដុល្លារ (សម្រាប់ទីផ្សារអាមេរិក)


Toyota 4Runner 2023


7. Toyota 4Runner​ 2022-2024

  • ចំណុចល្អ៖ ទោះបីជាបច្ចេកវិទ្យាហួសសម័យបន្តិចមែន ប៉ុន្តែវានៅតែជារថយន្ត SUV ដែលមើលទៅស្អាត និងរឹងមាំរហូតដល់សព្វថ្ងៃ។ វាមានតម្លៃទីផ្សារល្អ និងល្បីខាង ភាពធន់ (Reliability)។
  • ចំណុចខ្សោយ៖ ការបើកបរលើផ្លូវរាបមិនសូវរលូន ស៊ីសាំងខ្លាំង និងការស្ទុះមិនសូវគួរ ឱ្យចាប់អារម្មណ៍។
  • តម្លៃប្រហាក់ប្រហែល៖ ចាប់ពី 28,000 ដុល្លារ (សម្រាប់ទីផ្សារអាមេរិក)


Lexus GX 2023


8. Lexus GX 2022-2023

  • ចំណុចល្អ៖ ជារថយន្តលំដាប់ខ្ពស់ដែលមានសមត្ថភាព Off-road ពិតប្រាកដ។ Lexus បានធ្វើបច្ចុប្បន្នភាពប្រព័ន្ធកម្សាន្តក្នុងឆ្នាំ 2022 ដែលធ្វើឱ្យវាកាន់តែគួរឱ្យចង់ប្រើ។
  • ចំណុចខ្សោយ៖ ម៉ាស៊ីន V-8 ស៊ីសាំងខ្លាំង លំហកាប៊ីនសម្រាប់អ្នកដំណើរ និងទំនិញមានកម្រិត និងប្រព័ន្ធជំនួយការបើកបរហួសសម័យបន្តិច។
  • តម្លៃប្រហាក់ប្រហែល៖ ចាប់ពី 42,000 ដុល្លារ (សម្រាប់ទីផ្សារអាមេរិក)

ប្រភព៖ United State News.

ប្រែសំរួល៖ Chea SokNang (AC Auto)