Admin, 20 February 2026

             ប្រសិនបើមានកន្លែងណាដែលអ្នករំពឹងថានឹងមាន "ការណែនាំពីព្រះ" ក្នុងការជ្រើសរើស មធ្យោបាយធ្វើដំណើរថ្មីនោះ កន្លែងនោះគឺបុរីវ៉ាទីកង់ (Vatican City)។ ទោះបីជាមិនមាន អព្ភូតហេតុណាមួយពាក់ព័ន្ធនឹងការសម្រេចចិត្តនេះក៏ដោយ ប៉ុន្តែរដ្ឋឯករាជ្យដែលតូច ជាងគេបំផុតនៅលើពិភពលោកនេះ ទើបតែទទួលបានម៉ូតូអគ្គិសនី TVS iQube ចំនួន ពីរគ្រឿង ដើម្បីបន្តដំណើរឆ្ពោះទៅរកការប្រើប្រាស់មធ្យោបាយធ្វើដំណើរដែលកាន់តែស្អាត។

ការប្រគល់ម៉ូតូនេះបានធ្វើឡើងកាលពីថ្ងៃទី 5 ខែកុម្ភៈ ដែលជាផ្នែកមួយនៃកិច្ចសហការបន្ត រវាងអភិបាលកិច្ចនៃរដ្ឋបុរីវ៉ាទីកង់ និងក្រុមហ៊ុនឯកទេសផ្នែកមធ្យោបាយធ្វើដំណើរ Exelentia ដោយមានការជួយជ្រោមជ្រែងពីសំណាក់ក្រុមហ៊ុន TVS Motor Italia ផងដែរ។

ការផ្លាស់ប្តូរនេះតំណាងឱ្យជំហានមួយទៀតនៅក្នុង "អន្តរកាលអេកូឡូស៊ី" របស់វ៉ាទីកង់ ដែលជាកម្មវិធីផ្តោតលើការដាក់ឱ្យប្រើប្រាស់យានយន្តដែលមិនបញ្ចេញផ្សែង (zero-emission) និងអាចដំណើរការបានយ៉ាងមានប្រសិទ្ធភាពក្នុងបរិស្ថានទីក្រុងដែល មានតម្លៃ ប្រវត្តិសាស្ត្របំផុតនៅលើភពផែនដី។ ផ្លូវតូចៗ ការធ្វើដំណើរដ៏មមាញឹករបស់ភ្ញៀវទេសចរ និងសារៈសំខាន់ជាសកល មានន័យថា អ្វីក៏ដោយដែលធ្វើចរាចរណ៍នៅក្នុងជញ្ជាំងដ៏ ល្បីល្បាញនោះ ចាំបាច់ត្រូវតែជាយានយន្តដែលមានទំនុកចិត្ត ស្ងប់ស្ងាត់ និងគោរពដល់ បរិស្ថានជុំវិញ។ នោះហើយគឺជាមូលហេតុដែលគេជ្រើសរើស iQube។

TVS Italia hands over the new iQube scooters


វាត្រូវបានជ្រើសរើសដោយសារដំណើរការរបស់វាស្ទើរតែគ្មានសំឡេង និងកញ្ចប់បច្ចេកវិទ្យា​ទំនើប TVS iQube មើលទៅហាក់ដូចជាត្រូវបានផលិតឡើងយ៉ាងសម្រិតសម្រាំងសម្រាប់​ទីកន្លែងដែលមិនស្វាគមន៍សំឡេងរំខាន។ ក្នុងរបៀប Eco mode ម៉ូតូនេះអាចជិះបានចម្ងាយ​រហូត​ដល់100 គីឡូម៉ែត្រក្នុងការសាកថ្មមួយម្តង ដែលវាលើសពីគ្រាន់សម្រាប់ការបំពេញ​ការធ្វើដំណើបំពេញភារកិច្ចបានក្នុងចម្ងាយជិតៗនៅក្នុងដែនដីវ៉ាទីកង់។ វាក៏មានបំពាក់ប្រព័ន្ធ SmartXonnect របស់ TVS ដែលអាចបញ្ជាបានតាមរយៈអេក្រង់ TFT និងកម្មវិធីទូរស័ព្ទ ដែលផ្តល់នូវការតភ្ជាប់ដ៏ទំនើបសម្រាប់យានយន្តអគ្គិសនីក្នុងក្រុងនាពេលបច្ចុប្បន្ន។

លោក Giovanni Notarbartolo di Furnari អគ្គនាយកក្រុមហ៊ុន TVS Motor Italia បានមានប្រសាសន៍ថា៖

"ការដាក់ឱ្យប្រើប្រាស់ម៉ូតូអគ្គិសនី TVS iQube នៅក្នុងទីតាំងដ៏មានកិត្យានុភាពដូចជាវ៉ាទីកង់ បញ្ជាក់ពីចក្ខុវិស័យរបស់យើងសម្រាប់មធ្យោបាយធ្វើដំណើរអគ្គិសនីក្នុងក្រុង ដែលផ្អែកលើ ភាព​ជឿជាក់ ភាពងាយស្រួលក្នុងការប្រើប្រាស់ និងគុណភាពលំដាប់ពិភពលោក។"

ទោះបីជាម៉ូតូពីរគ្រឿងមើលទៅហាក់ដូចជាមិនមែនជាការផ្លាស់ប្តូរទ្រង់ទ្រាយធំក៏ដោយ ប៉ុន្តែនិមិត្តរូបនៅពីក្រោយរឿងនេះពិតជាមានសារៈសំខាន់។ បុរីវ៉ាទីកង់បានបង្ហាញ សញ្ញាយ៉ាងច្បាស់ពីបំណងចង់ការពារបរិស្ថានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយការប្តូរពីម៉ាស៊ីនចំហេះក្នុងមកប្រើថាមពលអាគុយវិញ បានសង្កត់ធ្ងន់លើសារថា "និរន្តរភាព" កំពុងក្លាយជាគោលការណ៍ដ៏សំខាន់មួយ។


The TVS iQube


និយាយឱ្យចំទៅ ប្រសិនបើម៉ូតូអគ្គិសនីអាចប្រើប្រាស់បានក្នុងចំណោមស្ថាបត្យកម្មដែល មានអាយុកាលរាប់សតវត្ស និងស្នាដៃសិល្បៈដែលមិនអាចកាត់ថ្លៃបាន ពួកវាក៏ប្រហែល ជាអាចប្រើប្រាស់បាននៅគ្រប់ទីកន្លែងទាំងអស់។ តាមទស្សនៈផលិតផល iQube ផ្តោត ខ្លាំងលើមូលដ្ឋានគ្រឹះដែលអ្នកជិះក្នុងក្រុងត្រូវការ។ អ្វីដែលសំខាន់បំផុតនោះគឺ វាផ្តល់នូវអ្វីៗ គ្រប់យ៉ាងដោយមិនមានការបញ្ចេញផ្សែង ឬសំឡេងរំខានពីគ្រឿងម៉ាស៊ីន ដែលជាលក្ខណៈ សម្បត្តិដ៏ស័ក្តិសមបំផុតក្នុងទីក្រុងដែលល្បីល្បាញខាង "ភាពស្ងប់ស្ងាត់” ។

មិនទាន់មានដំណឹងថា តើកងការពារស៊ុយអែត (Swiss Guard) នឹងស្នើសុំម៉ូដែល ដែលមានលក្ខណៈបែបស្ព័រជាងនេះឬយ៉ាងណានោះទេ ប៉ុន្តែសម្រាប់ពេលនេះ iQube មើលទៅពិតជាស័ក្តិសមបំផុតសម្រាប់ភារកិច្ចប្រតិបត្តិការប្រចាំថ្ងៃ៕


ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors