Admin, 16 January 2026

រថយន្ត iCar V27 ជារថយន្ត SUV បែប Off-road កៅអី ៥ ប្រភេទ EREV របស់ក្រុមហ៊ុន Chery បានចេញពីខ្សែសង្វាក់ផលិតកម្មជាផ្លូវការហើយនៅក្នុងប្រទេសចិន។ ការបើកឱ្យកុម្ម៉ង់ទុកមុនបានចាប់ផ្តើមតាំងពីខែធ្នូ ឆ្នាំ 2025 ដែលវាជារថយន្តធំបំផុត និងជាម៉ូដែលដំបូងគេបំផុតក្នុងម៉ាក iCar ដែលប្រើប្រព័ន្ធកូនកាត់ប្រភេទ EREV (Extended Range Electric Vehicle)។ ការសម្ពោធលក់ជាផ្លូវការត្រូវបានគ្រោងទុកនៅត្រីមាសទីមួយនៃឆ្នាំ 2026 នេះ ដោយមានជម្រើសប៉ុងមួយ (RWD) និងប៉ុងពីរ (AWD)។


អតិថិជនអាចជ្រើសរើសពណ៌ខាងក្រៅបានចំនួន 5 ពណ៌គឺ៖ ពណ៌ប្រាក់, ពណ៌លឿង, ពណ៌ប៊ីស (Beige), ពណ៌ខ្មៅ និងពណ៌ខៀវ។

រូបរាងខាងក្រៅ និងវិមាត្រ៖ រថយន្តថ្មីនេះមានការរចនាបែបប្រអប់ការ៉េ (Boxy) តាមស្ទីលរថយន្ត Off-road បុរាណ, ចង្កៀងមុខរាងមូល, ដៃទ្វារបែបធម្មតា, ការតុបតែងពណ៌ខ្មៅនៅលើកាងកង់, ចង្កៀងក្រោយរៀបបញ្ឈរ, ទ្វារក្រោយបើកចំហៀង និងមានកង់បម្រុងបិទភ្ជាប់នៅផ្នែកខាងក្រោយ។

  • វិមាត្រ៖ បណ្តោយប្រវែង 4,909mm, ទទឹង 1,976mm, កម្ពស់ 1,855mm (ឬ 1,894mm)
  • គន្លាតចម្ងាយពីកង់មុខទៅកង់ក្រោយ (Wheelbase)៖ ប្រវែង 2,910mm ដែលធ្វើឱ្យ វាក្លាយជារថយន្តធំបំផុតរបស់ម៉ាក iCar មកទល់ពេលនេះ។



សមត្ថភាពម៉ាស៊ីន និងការបើកបរ៖ ប្រព័ន្ធ Range-extender របស់វា រួមមានម៉ាស៊ីនសាំង Turbo 1.5 លីត្រ និងម៉ូទ័រអគ្គិសនី ផ្គួបផ្សំជាមួយកញ្ចប់អាគុយទំហំ 34.317 គីឡូវ៉ាត់ម៉ោង និង 20.638 គីឡូវ៉ាត់ម៉ោង។ ម៉ាស៊ីនសាំងមានកម្លាំងអតិបរមា 105 គីឡូវ៉ាត់ (141 សេះ)។

  • ប្រភេទប៉ុងមួយ (RWD): កម្លាំងអតិបរមា 185 គីឡូវ៉ាត់ (248 សេះ)។
  • ប្រភេទប៉ុងពីរ (AWD): កម្លាំងអតិបរមា 335 គីឡូវ៉ាត់ (449 សេះ) បង្កើនល្បឿនពី ០ ដល់ 100 គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ 5.5 វិនាទី។
  • ចម្ងាយបើកបរ៖ អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 210 គីឡូម៉ែត្រ និងចម្ងាយសរុប (សាំង + អគ្គិសនី) បានដល់ទៅ 1,200 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC)។



បច្ចេកវិទ្យា និងផ្នែកខាងក្នុង៖ ប្រព័ន្ធជំនួយការបើកបរឆ្លាតវៃត្រូវបានគាំទ្រដោយបច្ចេកវិទ្យា Falcon 700 របស់ Chery ដែលប្រើប្រាស់បន្ទះឈីប Journey J6P របស់ក្រុមហ៊ុន Horizon Robotics ជាមួយនឹងកម្លាំងគណនា 560 TOPS និងមានសេនស័រចំនួន 27 គ្រាប់នៅ ជុំវិញ រថយន្ត។

  • កាប៊ីនខាងក្នុង៖ មានអេក្រង់បញ្ជាកណ្តាលទំហំ 15.4 អ៊ីញ កម្រិត 2.5K ប្រើបន្ទះឈីប Qualcomm Snapdragon 8295P។ វាក៏មានកុងទ័រឌីជីថល, រន្ធម៉ាស៊ីនត្រជាក់រាង ចតុកោណ និងប៊ូតុងបញ្ជាផ្ទាល់នៅក្រោមអេក្រង់កណ្តាល។

មុខងារផ្សេងៗ៖ ដំបូលកញ្ចក់ប៉ាណូរ៉ាម៉ា (Segmented Sunroof), កៅអីមុខសារ៉េដោយប្រព័ន្ធអគ្គិសនី ដែលមានមុខងារកម្តៅ និងខ្យល់ត្រជាក់ផងដែរ៕



ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)