Admin, 20 April 2026

          ម៉ូដែល Vespa Primavera និង Sprint កំណែ 180cc ថ្មី បានបង្ហាញរូបរាងជាផ្លូវការនៅក្នុងប្រទេសឥណ្ឌូនេស៊ី ហើយត្រូវបានរាយការណ៍ថា នឹងមកជំនួសតំណែងម៉ូដែល 150cc បច្ចុប្បន្ន។ ម៉ូដែលថ្មីនេះផ្តល់នូវកម្លាំងសេះ និងកម្លាំងបង្វិលខ្លាំងជាងមុនបន្តិច បើធៀបនឹងម៉ូដែល 150cc ដែលកំពុងមានលក់នៅលើទីផ្សារជាច្រើន។ សម្រាប់ការបង្ហាញខ្លួនដំបូងនៅក្នុងប្រទេសឥណ្ឌូនេស៊ីនេះ ទាំង Primavera និង Sprint នៅតែរក្សាម៉ាស៊ីនស៊ីឡាំងទោល ដែលធ្លាប់ប្រើលើម៉ូដែលតូចៗរបស់ក្រុមហ៊ុនអ៊ីតាលីមួយនេះដដែល។

 ប្រៀបធៀបកម្លាំងម៉ាស៊ីន

  • កម្លាំងសេះ: ម៉ូដែល 180cc ផលិតបាន 14.7 សេះ នៅកម្រិត 8,250 ជុំក្នុងមួយនាទី (ខ្លាំងជាងម៉ូដែល 150 ប្រហែល 2.5 សេះ)។
  • កម្លាំងបង្វិល: ផលិតបានអតិបរមា 13 N.m នៅកម្រិត 6,500 ជុំក្នុងមួយនាទី (ខ្លាំងជាងម៉ូដែល 150 ប្រហែល 1N.m)


2026 Vespa Sprint 180. Photo credit - Piaggio Indonesia


មកទល់ពេលនេះ គេនៅមិនទាន់ច្បាស់ទេថា តើម៉ូដែលថ្មីទាំងនេះនឹងត្រូវនាំយកទៅលក់នៅទីផ្សារផ្សេងទៀត នៅពេលណានោះទេ។ ប្រសិនបើ Vespa សម្រេចចិត្តនាំចូលម៉ូដែល 180នេះទៅកាន់ទីផ្សារអន្តរជាតិ វានឹងក្លាយជាចំណុចគួរឱ្យចាប់អារម្មណ៍ថា តើវានឹងមកជំនួសតំណែងទាំងស្រុង ឬគ្រាន់តែជាជម្រើសបន្ថែមសម្រាប់អតិថិជន។

 ការអាប់ដេតថ្មីសម្រាប់ឆ្នាំ 2026

ការបង្ហាញខ្លួននេះធ្វើឡើងបន្ទាប់ពី Vespa បានដាក់បង្ហាញការអាប់ដេតលើម៉ូដែល Primavera និង Sprint S នៅក្នុងពិព័រណ៍ EICMA កាលពីខែវិច្ឆិកាកន្លងទៅ។ សម្រាប់ស៊េរីឆ្នាំ 2026 ម៉ូតូទាំងពីរនេះទទួលបានការផ្លាស់ប្តូរទាំងផ្នែកបច្ចេកទេស មុខងារ និងការរចនា។

ការផ្លាស់ប្តូរដ៏សំខាន់បំផុតគឺការបំពាក់ហ្វ្រាំងថាសដែកថែបទំហំ 220 មីលីម៉ែត្រនៅខាងក្រោយ ជាមួយកាលីព័រ 2 ពីស្តុង ដែលមកជំនួសកន្លែងហ្វ្រាំងបូម (Drum brake) បែបបុរាណ។

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors