Admin, 04 February 2026
ក្រុមហ៊ុន Volkswagen Group China បានបញ្ជាក់ថា គ្រោងឆ្អឹងអេឡិចត្រូនិក និងអគ្គិសនី តំបន់ CEA ដែលត្រូវបានអភិវឌ្ឍនៅក្នុងប្រទេសចិន បានឈានចូលដល់ដំណាក់ កាលផលិតកម្មកាលពីចុងឆ្នាំ 2025 ដោយម៉ូដែលដំបូងបង្អស់របស់ម៉ាក Volkswagen ដែលផ្អែកលើគ្រោងឆ្អឹងនេះ ត្រូវបានផលិតនៅក្នុងរោងចក្រ Volkswagen Anhui។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន IT-home ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យានេះ ត្រូវបានកំណត់ជាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធបច្ចេកវិទ្យា ដែលនឹងជះឥទ្ធិពលដល់ គ្រោងឆ្អឹងរថយន្ត និងប្រភេទម៉ាស៊ីនជាច្រើននៅក្នុងទីផ្សារប្រទេសចិន។
Volkswagen Group China បានឱ្យដឹងថា រថយន្តដែលប្រើប្រាស់គ្រោងឆ្អឹង CEA នឹងពង្រីកខ្លួនបន្តិចម្តងៗចាប់ពីរថយន្តខ្នាតតូច រហូតដល់ខ្នាតមធ្យម (Compact) ហើយនឹងត្រូវដាក់បញ្ចូលទៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាទាំងបីរបស់ខ្លួននៅក្នុងប្រទេសចិន ដែលគ្របដណ្តប់លើផលិតផលថ្មីៗដែលមានជម្រើសម៉ាស៊ីនច្រើនប្រភេទ។
លក្ខណៈបច្ចេកទេសនៃគ្រោងឆ្អឹង CEA៖ គ្រោងឆ្អឹង CEA ប្រើប្រាស់ការរចនាបែបគ្រប់ គ្រងតាមតំបន់ និងរួមបញ្ចូលនូវប្រព័ន្ធគណនាដែលមានសមត្ថភាពខ្ពស់នៅចំកណ្តាល។ វាត្រូវបានបង្កើតឡើងដោយកិច្ចសហការរវាងក្រុមហ៊ុន Volkswagen China Technology Company, Cariad China និងក្រុមហ៊ុន Xpeng។ ក្រុមហ៊ុន Volkswagen បានបញ្ជាក់ថា គ្រោងឆ្អឹងនេះអាចប្រើប្រាស់បានជាមួយរថយន្តអគ្គិសនីប្រើអាគុយ (BEV), រថយន្តកូនកាត់ (Hybrid) និងរថយន្តប្រើម៉ាស៊ីនចំហេះក្នុង (ICE)។
បើប្រៀបធៀបជាមួយគ្រោងឆ្អឹងអេឡិចត្រូនិកជំនាន់មុន Volkswagen បានឱ្យដឹងថា ប្រព័ន្ធ CEA អាចកាត់បន្ថយចំនួនអង្គគ្រប់គ្រងអេឡិចត្រូនិក (ECU) បានប្រហែល 30% ដែលជួយកាត់បន្ថយភាពស្មុគស្មាញនៃប្រព័ន្ធ។ លើសពីនេះ គ្រោងឆ្អឹងនេះ នឹងគាំទ្រ ដល់ប្រព័ន្ធកាប៊ីនឆ្លាតវៃដែលប្រើបញ្ញាសិប្បនិម្មិត (AI), មុខងារជំនួយការបើកបរឆ្លាតវៃ សម្រាប់ទីផ្សារចិន និងសមត្ថភាពធ្វើបច្ចុប្បន្នភាព Software ពីចម្ងាយ (Over-the-air update)។
ប្រសិទ្ធភាពនៃការអភិវឌ្ឍ និងការកាត់បន្ថយថ្លៃដើម៖ Volkswagen Group China ក៏បាន ពណ៌នាអំពីការផ្លាស់ប្តូរនៅក្នុងដំណើរការអភិវឌ្ឍរថយន្តដែលកំណត់ដោយ Software (Software-defined vehicle) ផងដែរ។ ក្រុមហ៊ុនបានបញ្ជាក់ថា ការពង្រឹងកិច្ចសហការ ស្រាវជ្រាវក្នុងស្រុកតាំងពីដំណាក់កាលដំបូង និងការចូលរួមពីអ្នកផ្គត់ផ្គង់បានឆាប់រហ័ស អាចបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍរថយន្តបានរហូតដល់ 30%។ លើសពីនេះ ថ្លៃដើម នៃការអភិវឌ្ឍសម្រាប់ម៉ូដែលថ្មីៗសំខាន់ៗមួយចំនួន អាចនឹងត្រូវកាត់បន្ថយបានរហូតដល់ 50% ក្រោមដំណើរការថ្មីនេះ។
រថយន្តដំបូងបង្អស់ដែលផ្អែកលើគ្រោងឆ្អឹង CEA បានឈានចូលដល់ខ្សែសង្វាក់ផលិតកម្ម ហើយ ហើយម៉ូដែលបន្ថែមផ្សេងទៀតនឹងត្រូវណែនាំតាមរយៈក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ផ្សេងៗនៅក្នុងឆ្នាំ 2026 ខាងមុខនេះ៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
