Admin, 04 March 2026
ក្រុមហ៊ុន Volvo ដែលជាបុត្រសម្ព័ន្ធរបស់ Geely បានប្រកាសប្រមូលរថយន្ត SUV អគ្គិសនីម៉ូដែល EX30 របស់ខ្លួនជាង 40,000គ្រឿងនៅទូទាំងពិភពលោក ត្រឡប់មកវិញ ដោយសារបញ្ហាកម្ដៅអាគុយឡើងខ្លាំងពេក ដែលអាចបណ្តាលឱ្យមានអគ្គិភ័យឆាបឆេះ។ វិធានការនេះត្រូវបានគេមើលឃើញថា អាចនឹងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះផ្នែកសុវត្ថិភាពដ៏ល្បីល្បាញរបស់ក្រុមហ៊ុន និងខាតបង់ថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់។
ការប្រមូលត្រឡប់មកវិញនេះ ត្រូវបានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃច័ន្ទ ដោយក្នុងនោះរួមមានរថយន្តចំនួន 40,323 គ្រឿង ដែលជាប្រភេទ EX30 Single-Motor Extended Range និង Twin-Motor Performance ដែលបំពាក់ដោយ កោសិកាអាគុយតង់ស្យុងខ្ពស់ ផលិតដោយក្រុមហ៊ុន Shandong Geely Sunwoda Power Battery Co (ជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាគាំទ្រដោយ Geely)។
ក្រុមហ៊ុន Volvo បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «បច្ចុប្បន្ន យើងកំពុងទាក់ទង ទៅកាន់ម្ចាស់រថយន្តដែលរងផលប៉ះពាល់ទាំងអស់ ដើម្បីផ្តល់ប្រឹក្សាអំពីជំហានបន្ទាប់»។ ក្រោយការចេញផ្សាយរបាយការណ៍របស់ Reuters អំពីការប្រមូលរថយន្តនេះ ភាគហ៊ុនរបស់ ក្រុមហ៊ុន Volvo បានធ្លាក់ចុះ 4%។ បញ្ហាអាគុយនេះ បានក្លាយជាការព្រួយ បារម្ភជា សាធារណៈ បន្ទាប់ពីមានរថយន្ត EX30 មួយគ្រឿងបានឆេះនៅក្នុងកន្លែង តាំងលក់ រថយន្ត មួយកន្លែង នាទីក្រុង Maceió ប្រទេសប្រេស៊ីល កាលពីខែវិច្ឆិកា ឆ្នាំ 2025។ អ្នកវិភាគឧស្សាហកម្មបានប៉ាន់ប្រមាណថា ការផ្លាស់ប្តូរគ្រឿងបង្គុំអាគុយអាចនឹង ចំណាយអស់រហូតដល់ 195 លានដុល្លារអាមេរិក (មិនទាន់រាប់បញ្ចូលថ្លៃដឹកជញ្ជូន និងថ្លៃជួសជុល)។
ចាប់តាំងពីខែធ្នូមក Volvo បានណែនាំម្ចាស់រថយន្ត EX30 នៅក្នុងប្រទេសជាង 10 រួមមានសហរដ្ឋអាមេរិក អូស្ត្រាលី និងប្រេស៊ីល ឱ្យកម្រិតការសាកថ្មត្រឹមតែ 70% នៃសមត្ថភាពអាគុយ និងត្រូវចតរថយន្តឱ្យឆ្ងាយពីអគារ ដើម្បីកាត់បន្ថយ ហានិភ័យ នៃអគ្គិភ័យ។ វិធានការបណ្តោះអាសន្ននេះ បានកាត់បន្ថយចម្ងាយបើកបរជាក់ស្តែង របស់រថយន្ត ដែលធ្វើឱ្យអតិថិជនជាច្រើន មានការមិនពេញចិត្ត។
Volvo បានប្តេជ្ញាថានឹងផ្លាស់ប្តូរកញ្ចប់អាគុយដែលរងផលប៉ះពាល់ដោយឥតគិតថ្លៃ ដោយបញ្ជាក់ថាអ្នកផ្គត់ផ្គង់បានដោះស្រាយបញ្ហានៃការផលិតរួចរាល់ហើយ និងនឹង ផ្តល់នូវកោសិកាអាគុយថ្មីជូន។ ការប្រមូលត្រឡប់មកវិញនេះ កើតឡើងបន្ទាប់ពីមាន ជម្លោះផ្លូវច្បាប់ដ៏ធំមួយរវាងក្រុមហ៊ុន Viridi E-Mobility Technology (បុត្រសម្ព័ន្ធរបស់ Geely) និងក្រុមហ៊ុនផលិតអាគុយ Sunwoda ដែលទើបតែត្រូវបានសម្របសម្រួលបញ្ចប់ក្នុងតម្លៃ ប្រហែល 89 លានដុល្លារអាមេរិក)។
ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុនបន្តជំរុញឱ្យម្ចាស់រថយន្តអនុវត្តតាមការកំណត់សាកថ្ម 70% ដើម្បីលុបបំបាត់ហានិភ័យនៃអគ្គិភ័យ។ គួររំលឹកផងដែរថា ក្នុងខែនេះ ក្រុមហ៊ុន Geely ក៏បានប្រមូលរថយន្ត Zeekr 001 ចំនួន 38,277 គ្រឿងត្រឡប់មកវិញផងដែរ ដោយសារ បញ្ហាអាគុយរបស់ក្រុមហ៊ុន Sunwoda ដូចគ្នា៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
