Admin, 13 February 2026
ក្រុមហ៊ុន Zhejiang Haoqing Automobile Manufacturing Co., Ltd. ដែលជាក្រុមហ៊ុនបុត្រ សម្ព័ន្ធរបស់ Geely និងជាអ្នកផលិតរថយន្ត Volvo ដ៏សំខាន់នៅក្នុងប្រទេសចិន បានប្រកាស ប្រមូលរថយន្តម៉ូដែល XC70 ប្រភេទប៉ុងពីរ (AWD) ដែលផលិតក្នុងស្រុកចំនួន 14,768 គ្រឿងត្រឡប់មកវិញ ដោយសារបញ្ហាហានិភ័យសុវត្ថិភាពពាក់ព័ន្ធនឹងដងបំពាក់កង់ក្រោយ ផ្នែកខាងឆ្វេង (Left rear half-shaft)។ ផែនការប្រមូលត្រឡប់មកវិញនេះ ត្រូវបានដាក់ជូនរដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារ (SAMR) របស់ប្រទេសចិន។
រថយន្តដែលរងផលប៉ះពាល់ គឺជាប្រភេទដែលត្រូវបានផលិតនៅចន្លោះថ្ងៃទី 7 ខែឧសភា ឆ្នាំ 2025 ដល់ថ្ងៃទី 22 ខែធ្នូ ឆ្នាំ 2025។ យោងតាមសេចក្តីជូនដំណឹង កំហុសផ្នែករចនា និងការ ផលិតបាននាំឱ្យមានគម្លាតបច្ចេកទេសលើដងបំពាក់កង់ក្រោយផ្នែកខាងឆ្វេង។ ក្នុងស្ថានភាពធ្ងន់ធ្ងរ គម្លាតនេះអាចបណ្តាលឱ្យដងបំពាក់កង់របូតចេញពីម៉ូទ័រខាងក្រោយ ដែលបង្កជាហានិភ័យសុវត្ថិភាពគួរឱ្យកត់សម្គាល់។
Overhead view of Volvo XC70.
ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុននឹងអនុញ្ញាតឱ្យភ្នាក់ងារចែកចាយរបស់ Volvo ត្រួតពិនិត្យរថយន្តដែលរងផលប៉ះពាល់។ ប្រសិនបើរកឃើញគម្លាតបច្ចេកទេសលើដងបំពាក់កង់ក្រោយផ្នែកខាងឆ្វេង គ្រឿងបន្លាស់នោះនឹងត្រូវបានផ្លាស់ប្តូរជូនដោយឥតគិតថ្លៃ។ សម្រាប់រថយន្តផ្សេងទៀតដែលស្ថិតក្នុងវិសាលភាពនៃការប្រមូលត្រឡប់មកវិញ ក្រុមហ៊ុននឹងដំឡើងគ្រាប់ឡុក (Circlip) ដែលត្រូវបានកែលម្អថ្មី។ លើសពីនេះ ក្នុងអំឡុងពេលជួសជុល គេនឹងសម្អាត និងដាក់ប្រេងរំអិលក្នុងម៉ូទ័រខាងក្រោយឡើងវិញ ដើម្បីធានាបាននូវការលុបបំបាត់ហានិភ័យសុវត្ថិភាពទាំងស្រុង។
អំពី Volvo XC70
Volvo XC70 ត្រូវបានកំណត់តំណែងជារថយន្ត SUV ផ្នែកប្រណីតកម្រិត D-segment ដែលស្ថិតនៅចន្លោះស៊េរី XC60 និង XC90 ហើយត្រូវបានបង្កើតឡើងនៅលើគ្រោងឆ្អឹង SMA Super Hybrid Architecture។ ម៉ូដែលនេះត្រូវបានដាក់លក់ជាផ្លូវការកាលពីថ្ងៃទី 26 ខែកញ្ញា ឆ្នាំ 2025។
Volvo XC70. Credit: Volvo China
ប្រព័ន្ធ Super Hybrid របស់ XC70 រួមមាន៖
- ម៉ាស៊ីន៖ 1.5T Plug-in Hybrid កម្លាំង 120 គីឡូវ៉ាត់ និងកម្លាំងរមួល 255ញូតុនម៉ែត្រ។
- ម៉ូទ័រអគ្គិសនី៖ បំពាក់ម៉ូទ័រចំនួន 3 (P1+P2+P4) ដែលក្នុងនោះម៉ូទ័រខាងក្រោយកម្លាំង 156 គីឡូវ៉ាត់ ដើរតួជាជំនួយសម្រាប់ប្រព័ន្ធប៉ុងពីរ (AWD)។
- ប្រព័ន្ធបញ្ជូនកម្លាំង៖ ប្រើប្រាស់ប្រអប់លេខ Hybrid 3 វគ្គ DHT ដែលអនុញ្ញាតឱ្យ ម៉ាស៊ីន1.5T អាចចូលជួយបញ្ជូនកម្លាំងផ្ទាល់បានតាំងពីល្បឿន 20 គីឡូម៉ែត្រ/ម៉ោង ដែលនេះជាការកែលម្អលើសពីប្រព័ន្ធ Hybrid លេខទោលទូទៅ ដែលទាមទារល្បឿន លើសពី 60 គីឡូម៉ែត្រ/ម៉ោង៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
