Admin, 09 April 2026
ក្រុមហ៊ុន Voyah របស់ Dongfeng បានដាក់បង្ហាញរថយន្ត SUV ខ្នាតធំ 5 កៅអី ស៊េរីថ្មីស្រឡាងម៉ូដែល Taishan X8 ដែលមានទាំងជម្រើសអគ្គិសនីសុទ្ធ (EV) និង Plug-in Hybrid (PHEV) ដោយប្រភេទ PHEV អាចបើកបរដោយអគ្គិសនីសុទ្ធបានចម្ងាយរហូតដល់ 310 គីឡូម៉ែត្រ។ Taishan X8 នឹងក្លាយជារថយន្តដំបូងគេដែលបំពាក់ប្រព័ន្ធអេកូឡូស៊ី Huawei HarmonyOS ជំនាន់ចុងក្រោយដែលរួមមានអេក្រង់កម្សាន្តកម្រិត 2Kទំហំ 15.6 អ៊ីញចំនួនពីរ។
Taishan X8 គឺជារថយន្ត SUV ទី4 ក្នុងស្រឡាយរបស់ Voyah និងជាម៉ូដែលទីពីរនៅក្នុងស៊េរី Taishan (បន្ទាប់ពីម៉ូដែល Taishan ដំបូង)។ X8 ត្រូវបានដាក់ទីតាំងស្ថិតនៅក្រោមម៉ូដែល Taishan បន្តិច បើទោះបីជាពួកវាមានរូបរាង និងរចនាប័ទ្មស្រដៀងគ្នាខ្លាំងក៏ដោយ។
វិមាត្រ និងការរចនា
រថយន្តនេះមានប្រវែង 5,200 មីលីម៉ែត្រ, ទទឹង 2,025 មីលីម៉ែត្រ, កម្ពស់ 1,814 មីលីម៉ែត្រ និងមានប្រវែងចន្លោះកង់មុខក្រោយ 3,090 មីលីម៉ែត្រ។ វាមានទំហំតូចជាងម៉ូដែលកំពូល Taishan បន្តិច។ ខណៈពេលដែលការប្រកាសមុនៗបានផ្តោតលើកម្លាំងម៉ាស៊ីន ប៉ុន្តែការបង្ហាញខ្លួនលើកនេះបានសង្កត់ធ្ងន់លើកិច្ចសហការជាមួយក្រុមហ៊ុន Huawei ទៅលើផ្នែកខាងក្នុងនៃរថយន្ត។
Voyah Taishan X8 with HarmonyOS and 800V PHEV and EV trims. Credit: Voyah
បច្ចេកវិទ្យាកាប៊ីនឆ្លាតវៃ
Voyah បានប្រកាសថា Taishan X8 នឹងជារថយន្តដំបូងគេដែលប្រើប្រាស់ប្រព័ន្ធកាប៊ីនឆ្លាតវៃ Huawei HarmonyOS ជំនាន់ថ្មីបំផុត និងជាឡានដំបូងដែលមានអេក្រង់ភ្លោះកម្រិត 2K ទំហំ 15.6 អ៊ីញ។ អេក្រង់ទាំងពីរនេះមានកម្រិតពន្លឺអតិបរមា 1,000 nit និងអាចដំណើរការដោយឡែកពីគ្នា ឬដំណើរការរួមគ្នា។
កម្លាំងម៉ាស៊ីន និងអាគុយ
Voyah បានបញ្ជាក់ថា Taishan X8 នឹងប្រើប្រាស់ platform 800V និងការសាកភ្លើងលឿនកម្រិត 5C៖
- ប្រភេទ PHEV: អាចជ្រើសរើសបំពាក់អាគុយខ្នាតធំទំហំ 65 គីឡូវ៉ាត់ម៉ោង (kWh) ដែលរំពឹងថាជាប្រភេទអាគុយរបស់ក្រុមហ៊ុន CATL។
- ប្រភេទ EV: នឹងមានជម្រើសអាគុយទំហំអតិបរមារហូតដល់ 120 គីឡូវ៉ាត់ម៉ោង (kWh) ដែលធ្វើឱ្យ Taishan X8 ក្លាយជារថយន្ត SUV អគ្គិសនីសុទ្ធដ៏ធំបំផុតរបស់ប្រ៊េនដែលកំពុងដាក់លក់។
The latest HarmonyOS system from Huawei
ទីផ្សារ និងការប្រកួតប្រជែង
ការបើកទទួលការកុម្ម៉ង់សម្រាប់ Taishan X8 ត្រូវបានរំពឹងថានឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ 2026 នេះ។ វានឹងត្រូវប្រកួតប្រជែងក្នុងទីផ្សារ SUV ថាមពលថ្មីដ៏ស្រួចស្រាវរបស់ចិន ជាមួយគូប្រជែងដូចជា BYD Bao 8, Zeekr 8X និង Aito M8 របស់ Huawei ខ្លួនឯង។
ទោះបីជាតម្លៃមិនទាន់ត្រូវបានប្រកាសជាផ្លូវការ ប៉ុន្តែវាទំនងជានឹងមានតម្លៃទាបជាងម៉ូដែល Taishan (ដែលមានតម្លៃចន្លោះ ប្រហែល 55,200 ដល់ 74,000 ដុល្លារ។ ចំណុចគួរឱ្យកត់សម្គាល់មួយទៀតគឺឈ្មោះសម្រាប់ទីផ្សារបរទេស ដោយគេហទំព័ររបស់ Voyah បានប្រើប្រាស់ឈ្មោះ “Titan X8” ដែលឈ្មោះនេះអាចនឹងត្រូវប្រើសម្រាប់ផែនការលក់ជាសកល។
ប្រភព៖ China
ប្រែសំរួល៖ Chea SokNang (AC Auto)
