Admin, 15 June 2026
ក្រុមហ៊ុន Xiaomi Auto កាលពីម្សិលមិញបានប្រកាសថា ឧបករណ៍ដៃរ៉ូបូតសាកថ្មក្នុងផ្ទះ (home charging robotic arm) របស់ខ្លួន ត្រូវបានរំពឹងថានឹងឈានជើងចូលទីផ្សារនៅក្នុងត្រីមាសទីបួននៃឆ្នាំ 2026។ យោងតាមការបញ្ជាក់ពី Xiaomi ដៃរ៉ូបូតនេះត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធន៍ដ៏ឆ្លាតវៃ និងគ្មានភាពរអាក់រអួល ដែលផ្សារភ្ជាប់រវាងប្រព័ន្ធចូលចតដោយស្វ័យប្រវត្ត (automated parking) ទៅនឹងការសាកថ្មដោយស្វ័យប្រវត្ត (autonomous charging)។ Xiaomi បានសង្កត់ធ្ងន់ថា វីដេអូបង្ហាញសមត្ថភាពដែលបានបញ្ចេញទន្ទឹមនឹងការប្រកាសនេះ គឺត្រូវបានថតនៅក្នុងបរិស្ថានទីតាំងជាក់ស្តែង ពោលគឺបញ្ជាក់ថារាល់មុខងារដែលបានបង្ហាញទាំងអស់ គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួចរាល់សម្រាប់ខ្សែសង្វាក់ផលិតកម្មហើយ។
លក្ខណៈពិសេសស្នូល និងស្ថានភាពប្រើប្រាស់ជាក់ស្តែង Xiaomi បានលើកឡើងពីស្ថានភាពប្រើប្រាស់ដែលផ្តោតលើភាពងាយស្រួលជាច្រើននៃឧបករណ៍ដៃរ៉ូបូតសាកថ្មក្នុងផ្ទះនេះ រួមមាន៖
ការសាកថ្មបែប «មនុស្សខ្ជិល»៖ នៅពេលដែលយានយន្តត្រូវបានបើកចូលចតរួចរាល់ ប្រព័ន្ធនឹងចាប់ផ្តើមដំណើរការសាកថ្មដោយស្វ័យប្រវត្តភ្លាមៗ។ ម្ចាស់រថយន្តគ្រាន់តែចតឡានហើយដើរចេញទៅបានយ៉ាងសាមញ្ញ ដោយមិនចាំបាច់បញ្ចេញពាក្យបញ្ជា ឬធ្វើប្រតិបត្តិការដោយដៃឡើយ។
ការដកដោតឌុយដោយស្វ័យប្រវត្ត៖ ដៃរ៉ូបូតនឹងធ្វើការដកក្បាលកាំភ្លើងសាកថ្មចេញដោយស្វ័យប្រវត្ត នៅពេលដែលអាគុយសាកពេញ ឬឡើងដល់កម្រិតដែលបានកំណត់ទុកជាមុន។
ការបញ្ជាសាកថ្មពីចម្ងាយ៖ អ្នកប្រើប្រាស់អាចបញ្ជាឱ្យចាប់ផ្តើមសាកថ្មពីចម្ងាយតាមរយៈទូរស័ព្ទដៃស្មាតហ្វូនបាន ឱ្យតែយានយន្តត្រូវបានចតនៅក្នុងរង្វង់ដែលដៃរ៉ូបូតអាចឈោងទៅដល់ ដែលនេះជួយលុបបំបាត់ការចំណាយពេលទៅក្បែរឡានដោយផ្ទាល់។
កំណើននៃបច្ចេកវិទ្យាសាកថ្មដោយស្វ័យប្រវត្ត ការប្រកួតប្រជែងលើដំណោះស្រាយសាកថ្មដោយស្វ័យប្រវត្តកំពុងតែឡើងកម្ដៅយ៉ាងខ្លាំង ដោយមានក្រុមហ៊ុនយក្សជាច្រើននៅក្នុងវិស័យយានយន្តរបស់ចិន បាននិងកំពុងបោះជំហានទៅមុខយ៉ាងសំខាន់៖
Li Auto៖ ក្នុងអំឡុងពេលនៃការដាក់សម្ពោធរថយន្ត SUV អគ្គិសនីសុទ្ធម៉ូដែល Li Auto i8 កាលពីឆ្នាំមុន នាយកប្រតិបត្តិលោក Li Xiang បានប្រកាសថា ក្រុមហ៊ុនកំពុងធ្វើការសាកល្បងយ៉ាងសកម្មលើរ៉ូបូតសាកថ្មស្វ័យប្រវត្តផ្ទាល់ខ្លួន។
Aito៖ កាលពីខែសីហាឆ្នាំមុន សម្ព័ន្ធភាព Harmony Intelligent Mobility Alliance (HIMA) បានបង្ហាញពីការធ្វើបង្ហាញសមត្ថភាពនៃរថយន្ត Aito M8 កំណែទម្រង់អគ្គិសនីសុទ្ធ ដោយប្រើប្រាស់ដៃរ៉ូបូតសាកថ្ម។ ប្រព័ន្ធនេះអនុញ្ញាតឱ្យអ្នកបើកបរប្រើប្រាស់មុខងារ «ចូលចតក្រៅឡាន» (off-vehicle parking) ដើម្បីណែនាំឡានចូលទៅក្នុងចន្លោះសាកថ្ម បន្ទាប់មកកម្មវិធីទូរស័ព្ទនឹងបញ្ជាឱ្យដៃរ៉ូបូតបើកគម្របសាកថ្ម និងដោតឌុយបញ្ចូល។ ដំណើរការទាំងមូលត្រូវបានរចនាឡើងឱ្យបញ្ចប់ក្នុងកំឡុងពេលនៃការអង្គុយញ៉ាំកាហ្វេមួយកែវប៉ុណ្ណោះ។
Star Charge៖ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍រថយន្ត 2025 Shanghai Auto Show ក្រុមហ៊ុន Star Charge បានដាក់បង្ហាញជាលើកដំបូងនូវប្រព័ន្ធសាកថ្មរ៉ូបូតស្វ័យប្រវត្តទាំងស្រុងរបស់ខ្លួនដែលមានឈ្មោះថា “Armstrong”។ ត្រូវបានរចនាឡើងជាពិសេសដើម្បីដោះស្រាយបញ្ហាប្រឈមនៃការសាកថ្មរបស់យានយន្តបើកបរស្វ័យប្រវត្ត ប្រព័ន្ធ Armstrong នេះ បំពាក់នូវបច្ចេកវិទ្យាសម្គាល់រូបភាពដោយ AI កម្រិតច្បាស់ខ្ពស់ (AI visual recognition) ជាមួយភាពត្រឹមត្រូវកម្រិតមីលីម៉ែត្រ និងមានដៃរ៉ូបូតដែលអាចបត់បែនបានច្រើនទិសដៅ (multi-degree-of-freedom) ដែលអាចបញ្ចប់ដំណើរការដោតឌុយក្នុងរយៈពេលមិនដល់ 40 វិនាទីឡើយ។ ប្រព័ន្ធនេះក៏គាំទ្រដល់ការសាកថ្មល្បឿនលឿនបំផុតបែបប្រើប្រព័ន្ធត្រជាក់រាវ (liquid-cooled ultra-fast charging) និងអាចប្រើប្រាស់ត្រូវជាមួយស្តង់ដារអន្តរជាតិខុសៗគ្នា (GB, EU, US) តាមរយៈការប្រើប្រាស់កងកែច្នៃ (adapter ring) ដែលមានប៉ាតង់ផ្ទាល់ខ្លួន។
Li Auto’s charging robot.
The robotic charging arm by HIMA.
The Armstrong robotic charging arm by Star Charge.
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
