Admin, 04 August 2026
រថយន្ត Crossover ប្រើប្រាស់ប្រព័ន្ធពង្រីកចម្ងាយ (EREV) ម៉ូដែល Xiaomi Skynomad N90 និង Skynomad N70 បានចាប់ផ្តើមបើកការទទួលកក់ (presales) នៅក្នុងប្រទេសចិន។ ម៉ូដែលបង្គោលលំដាប់កំពូល N90 Max ផ្តល់នូវចម្ងាយបើកបរសរុបរួមគ្នាដល់ទៅ 1,705 គីឡូម៉ែត្រ, កៅអីទម្ងន់ស្មើសូន្យ (zero-gravity seats) ចំនួនបួន បំពាក់ដោយមុខងារម៉ាសារ 16 ចំណុច និងជម្រើសតុប្រដាប់បន្ថែមក្នុងឡាន ដើម្បីប្រែក្លាយរថយន្ត SUV គ្រួសារមួយនេះឱ្យទៅជាបន្ទប់ទទួលភ្ញៀវដ៏មានផាសុកភាព។
Xiaomi Skynomad គឺជាស្រឡាយរថយន្ត Crossover ប្រភេទ EREV ដែលរួមមាន៖ ម៉ូដែលខ្នាតធំ N70 និងម៉ូដែលខ្នាតធំពេញតួ N90។ ពួកវាត្រូវបានបង្កើតឡើងនៅលើគ្រោងតួ Kunlun ដែលអភិវឌ្ឍដោយក្រុមហ៊ុនផ្ទាល់។ រថយន្តទាំងពីរប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ 1.5 លីត្រ ពីក្រុមហ៊ុន Dongan ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Changan នៅក្រោមគម្របម៉ាស៊ីន ដោយមានកម្លាំងអតិបរមា112 kW (150 សេះ)។ ម៉ាស៊ីននេះបញ្ជូនថាមពលទៅកាន់អាគុយ និងម៉ូទ័រអគ្គិសនី។ ក្រុមហ៊ុន Xiaomi បានគូសបញ្ជាក់ថា ម៉ាស៊ីនសាំងនេះគាំទ្រដល់ការប្រើប្រាស់ប្រេងសាំងប្រភេទ 92,95 និង 98 អុកតាន។ កម្រិតស៊ីប្រេងរបស់ម៉ាស៊ីនចំហេះក្នុង (ICE) នេះ គឺ 6.26 លីត្រ ក្នុង 100 គីឡូម៉ែត្រ។
ជម្រើសអាគុយមានពីរទម្រង់ គឺកញ្ចប់អាគុយ LFP ទំហំ 52 kWh ផលិតដោយក្រុមហ៊ុន Sunwoda និងកញ្ចប់អាគុយ Ternary NMC ទំហំ 76 kWh ផលិតដោយក្រុមហ៊ុន CALB។ ម៉ូដែល Skynomad N70 មានផ្តល់ជូននូវជម្រើសម៉ូទ័រអគ្គិសនីទោលនៅអ័ក្សកង់ខាងក្រោយ កម្លាំង 210kW (282 សេះ) ឬជម្រើសម៉ូទ័រឌុបបើកបរវិលពេញកង់ (AWD) កម្លាំង 310 kW (416 សេះ)។ ចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធរបស់វាឈានដល់ 505 គីឡូម៉ែត្រ ក្រោមលក្ខខណ្ឌ CLTC ដោយសារតែកម្រិតប្រើប្រាស់ថាមពលទាបត្រឹមតែ 15.85 kWh ក្នុង 100 គីឡូម៉ែត្រ។
សម្រាប់ម៉ូដែលខ្នាតធំជាង Skynomad N90 Max អាចបើកបរបានចម្ងាយរហូតដល់ 464 គីឡូម៉ែត្រ ក្រោមលក្ខខណ្ឌ CLTC។ ដើម្បីភាពច្បាស់លាស់ រថយន្ត SUV ប្រភេទ EREV ម៉ូដែល Leapmotor D19 ដែលមានកញ្ចប់អាគុយទំហំ 80.3 kWh មានចម្ងាយបើកបរអគ្គិសនីសុទ្ធ 500 គីឡូម៉ែត្រ។ លើសពីនេះ កញ្ចប់អាគុយទំហំ 76 kWh អាចសាកភ្លើងពី 20% ឡើងដល់ 80% ក្នុងរយៈពេល 18 នាទី។ តំណាងក្រុមហ៊ុន Xiaomi បានចែករំលែកថា ការសាកភ្លើងនៅស្ថានីយសាកល្បឿនលឿន DC ចំណាយពេលត្រឹមតែ 15 នាទី ប៉ុណ្ណោះ ដើម្បីបន្ថែមចម្ងាយបើកបរអគ្គិសនីបាន 285 គីឡូម៉ែត្រ។
រថយន្ត Crossover ត្រកូល Skynomad មានបំពាក់ប្រព័ន្ធបូមឯករាជ្យខាងមុខប្រភេទដៃបត់ឌុប (double wishbone) និងខាងក្រោយប្រភេទ multi-link។ ចំណុចលេចធ្លោមួយទៀត គឺកម្រិតសម្រួលទម្ងន់ចង្កូតចំនួនបីកម្រិត។ Skynomad N90 Max មានកាំកង់បត់ (turning radius) 5.95 ម៉ែត្រ។ ចម្ងាយចាប់ហ្វ្រាំងរបស់រថយន្តពីល្បឿន 100 គីឡូម៉ែត្រ/ម៉ោង មកនៅត្រឹម 0 គឺ 38.57 ម៉ែត្រ។ រយៈពេលស្ទុះពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង គឺចំណាយពេល 5.9 វិនាទី។
តួខ្លួនរបស់ Xiaomi Skynomad N90 Max ប្រើប្រាស់ដែកថែបកម្លាំងខ្ពស់ និងអាលុយមីញ៉ូមអាលោយរហូតដល់ 90.4%។ វាត្រូវបានពង្រឹងដោយដែកថែបកម្លាំង 2200 MPa នៅ 16 ទីតាំងសំខាន់ៗ។ ស៊ុមទ្វាររថយន្ត (door ring) របស់ Skynomad N90 Max គឺជាគ្រឿងបង្គំតែមួយដុំដែលបង្កើតឡើងដោយការបាញ់ពុម្ពកម្ដៅ (hot-formed one-piece element) មានប្រវែង 3.3 ម៉ែត្រ និងកម្ពស់ 1.5 ម៉ែត្រ។ វាលាតសន្ធឹងកាត់ជួរទីមួយ ទីពីរ និងទីបី។ គ្រឿងបង្គំបាញ់ពុម្ពកម្ដៅជួយកាត់បន្ថយទម្ងន់ និងបង្កើនសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយ គុណវិបត្តិស្នូលរបស់វា គឺភាពលំបាកក្នុងការជួសជុលឡើងវិញ។
រថយន្ត Crossover ត្រកូល Xiaomi Skynomad ប្រើប្រាស់បន្ទះឈីបជំនួយការបើកបរ Nvidia Thor ខ្នាត 4 ណានូម៉ែត្រ ដែលមានសមត្ថភាពគណនាកំពូលរហូតដល់ 700 TOPS។ គ្រឿងបង្គំដូចគ្នានេះ ក៏ត្រូវបានប្រើប្រាស់នៅលើប្រព័ន្ធ ADAS ម៉ូដែល G-ASD G-Pilot H7 របស់ Geely ផងដែរ។ ម៉ូដែល Skynomad មានបំពាក់ប្រព័ន្ធសេនស័រ LiDAR នៅលើដំបូល។ ចំណុចលេចធ្លោផ្សេងទៀត រួមមាន៖ មុខងារបញ្ជាដោយសំឡេង AI, ចុចភ្ជាប់ទំនាក់ទំនងប្រព័ន្ធ 5G & Wi-Fi ឌុប និងបាសចំនួន 25 គ្រាប់ ជាមួយនឹងកម្លាំងទិន្នផល 4,890 W តាមរចនាសម្ព័ន្ធសំឡេង 7.1.4។
Xiaomi Skynomad N90 Max មានកាប៊ីន 7 កៅអី ប្រភេទការរៀបចំ 2+2+3។ កៅអីជួរមុខរបស់វា អាចបង្វិលបាន 180 អង្សារ ដើម្បីបែរមុខទៅរកកៅអីជួរទីពីរ។ តុប្រដាប់ជម្រើសបន្ថែមក្នុងឡាន អាចដំឡើងនៅលើផ្លូវកុងទ័រកណ្តាល ដើម្បីធ្វើជាតុផឹកកាហ្វេ។ ជាលទ្ធផល Skynomad N90 អាចប្រែខ្លួនទៅជាបន្ទប់ទទួលភ្ញៀវតូចមួយ ជាមួយនឹងទំហំលំហខាងក្នុងអតិបរមា 1,370 មីឡីម៉ែត្រ នៅក្នុងរបៀបប្រើប្រាស់សម្រាប់មនុស្សបួននាក់។ N90 ដំឡើងមកជាស្តង់ដារនូវកៅអីជួរទីមួយ និងទីពីរ ជាមួយមុខងារម៉ាស្សា 16 ចំណុច។ កៅអីទាំងនោះ ក៏មានផ្តល់ជូននូវរបៀបទម្ងន់ស្មើសូន្យ (zero-gravity modes) ផងដែរ។
Skynomad N70 មានវិមាត្រ៖ បណ្តោយប្រវែង 4,960 មីឡីម៉ែត្រ, ទទឹងប្រវែង 1,998 មីឡីម៉ែត្រ, កម្ពស់ 1,785 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ(wheelbase) 2,950 មីឡីម៉ែត្រ។ ម៉ូដែល N90 Max គឺជាម៉ូដែលខ្នាតធំជាង មានវិមាត្រ៖ បណ្តោយប្រវែង 5,285 មីឡីម៉ែត្រ, ទទឹងប្រវែង 1,998 មីឡីម៉ែត្រ, កម្ពស់ 1,825 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ(wheelbase) 3,080 មីឡីម៉ែត្រ។ Xiaomi Skynomad N90 Max បានបើកទទួលការកក់ទុកមុន ដោយបានលាតត្រដាងតម្លៃ ប្រហែល 44,320 ដុល្លារអាមេរិក។ ការដាក់លក់ផ្លូវការរបស់រថយន្តនេះ ត្រូវបានកំណត់កាលវិភាគសម្រាប់ខែកញ្ញា ឆ្នាំ 2026។ ទន្ទឹមនឹងនេះដែរ ម៉ូដែលតូចជាងប្រភេទ 5 កៅអី Skynomad N70 មានតម្លៃដាក់លក់ ប្រហែល 38,410 ដុល្លារអាមេរិក។
រថយន្តម៉ាក Skynomad នឹងឈានជើងចូលទៅក្នុងផ្នែកទីផ្សារដែលមានការប្រកួតប្រជែងយ៉ាងស្រួចស្រាវ ដែលពោរពេញទៅដោយម៉ូដែលខុសៗគ្នាមកពី Li Auto, Aito, Lynk & Co, BYD, Denza, Voyah, Deepal និង Zeekr। Xiaomi ភ្នាល់លើមុខងារផាសុកភាព, តម្លៃដែលមានភាពប្រកួតប្រជែង និងចម្ងាយបើកបរអគ្គិសនីគ្រប់គ្រាន់។ ទោះជាយ៉ាងណាក៏ដោយ ចំណែកទីផ្សារ EREV នៅក្នុងប្រទេសចិនកំពុងមានការកាត់បន្ថយ។ ដូច្នេះ វាគឺជាប្រឈមមុខមួយនៅចំពោះមុខក្រុមហ៊ុនផលិតរថយន្តវ័យក្មេងមួយនេះ។ យោងតាមទិន្នន័យពី China EV DataTracker បរិមាណលក់របស់ក្រុមហ៊ុន Xiaomi Auto សម្រេចបានចំនួន 185,055គ្រឿង នៅក្នុងឆមាសទី 1 នៃឆ្នាំ 2026 ដែលកើនឡើង 17.2 ភាគរយ ធៀបនឹងឆ្នាំមុន។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
