Admin, 04 June 2026
ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Xiaomi លោក Lei Jun រួមជាមួយតារាសម្ដែងស្រីតៃវ៉ាន់ និងជាទូតសុឆន្ទៈតំណាងម៉ាកយីហោ កញ្ញា Shu Qi បានប្រគល់រថយន្តអគ្គិសនីប្រភេទ Crossover ម៉ូដែល Xiaomi YU7 GT ចំនួន 6 គ្រឿង ជូនដល់ម្ចាស់ដំបូងគេបង្អស់នៅក្នុងប្រទេសចិន ដែលនេះជាការកត់សម្គាល់នូវការចាប់ផ្ដើមនៃការដឹកជញ្ជូនប្រគល់រថយន្តជាផ្លូវការ។ Xiaomi YU7 GT គឺជារថយន្ត SUV សមត្ថភាពខ្ពស់ (performance SUV) ដែលមានកម្លាំងអតិបរមារហូតដល់ 990 សេះ និងមានតម្លៃចាប់ផ្តើមពី 57,510 ដុល្លារអាមេរិក។
ជាទម្លាប់ ស្ថាបនិក និងជានាយកប្រតិបត្តិ Xiaomi លោក Lei Jun តែងតែចូលរួមក្នុងរាល់ពិធីប្រគល់រថយន្តរបស់ Xiaomi Auto រួមមានរថយន្ត Sedan ម៉ូដែល SU7 និងរថយន្ត SUV ម៉ូដែល YU7។ កាលពីថ្ងៃទី 29 ខែឧសភា លោក Lei Jun និងកញ្ញា Shu Qi បានប្រគល់រថយន្ត Xiaomi YU7 GT ចំនួន 6 គ្រឿង ក្នុងអំឡុងពេលនៃការផ្សាយផ្ទាល់ (live stream)។ ក្នុងចំណោមនោះ រថយន្តចំនួន 5 គ្រឿងមានពណ៌ក្រហម Cherry Red និង 1 គ្រឿងទៀតមានពណ៌ខ្មៅ។ លោក Lei Jun និងកញ្ញា Shu Qi បានជជែកកំសាន្តជាមួយម្ចាស់រថយន្តគ្រប់រូប និងបានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ផងដែរ។
បន្ទាប់ពីពិធីប្រគល់រថយន្ត លោក Lei Jun បានចែករំលែកព័ត៌មានមួយចំនួនអំពីម្ចាស់រថយន្ត YU7 GT ទាំង 6 នាក់ដំបូងនោះ។ ពួកគាត់មិនត្រឹមតែជាសហគ្រិន និងអ្នកគ្រប់គ្រងជាន់ខ្ពស់នោះទេ ប៉ុន្តែពួកគាត់ខ្លះក៏បម្រើការងារនៅតាមសាកលវិទ្យាល័យ ធនាគារ និងក្នុងវិស័យទីផ្សារអ៊ីនធឺណិត (internet marketing) ផងដែរ។ លោក Lei Jun បានបង្ហើបថា ជាង 30% នៃម្ចាស់រថយន្ត YU7 គឺជាស្ត្រី ហើយជាងពាក់កណ្តាលគឺជាអ្នកប្រើប្រាស់ឧបករណ៍ Apple។
ព័ត៌មានបន្ថែមអំពី Xiaomi YU7 GT
Xiaomi YU7 GT ជារថយន្ត SUV ស្ព័រខ្នាតធំ សមត្ថភាពខ្ពស់ ដែលបានបំបែកកំណត់ត្រាល្បឿនជុំ (lap record) នៅទីលាន Nürburgring ក្នុងថ្នាក់រថយន្ត SUV។ វាមានវិមាត្រ៖ ប្រវែង 5,015 មីឡីម៉ែត្រ, ទទឹង 2,007 មីឡីម៉ែត្រ និងកម្ពស់ 1,597 មីឡីម៉ែត្រ។ ខុសប្លែកពីម៉ូដែល SU7 Ultra ដែលបានដាក់លក់កាលពីមុន ម៉ូដែល YU7 GT គឺត្រូវបានតម្រង់ទិសដៅសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃកាន់តែច្រើន ដោយវាផ្តល់ជូននូវប្រព័ន្ធបូមខ្យល់សកម្ម (active air suspension) ការបង្កើនគុណភាពសម្ភារៈតុបតែងខាងក្នុង និងមុខងារលំដាប់ប្រណីតៗមួយចំនួន។
Xiaomi YU7 GT ប្រើប្រាស់ប្រព័ន្ធបើកបរវិលពេញកង់ (AWD) ម៉ូទ័រភ្លោះ កម្លាំង 990 សេះ។ កម្លាំងនេះអនុញ្ញាតឱ្យរថយន្ត SUV នេះអាចស្ទុះពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 2.92 វិនាទី ប៉ុណ្ណោះ និងអាចរត់បានល្បឿនអតិបរមាដល់ 300 គីឡូម៉ែត្រ/ម៉ោង។ វាក៏បំពាក់កញ្ចប់អាគុយប្រភេទ Ternary NMC ទំហំ 101.7 kWh ដែលអាចបើកបរបានចម្ងាយរហូតដល់ 705 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC) ាល់ពេលសាកថ្មពេញម្តង។ អរគុណដល់ប្រព័ន្ធអគ្គិសនីវ៉ុលខ្ពស់ 897V SiC វាអាចសាកថ្មត្រឹមតែ 15 នាទី ដើម្បីបន្ថែមចម្ងាយបើកបរបានដល់ទៅ 570 គីឡូម៉ែត្រ។
YU7 GT មានបំពាក់នូវថាសហ្វ្រាំងប្រភេទកាបូន-សេរ៉ាមិច (carbon-ceramic) ជាមួយដង្កៀបហ្វ្រាំងរបស់ក្រុមហ៊ុន Akebono (ខាងមុខពីស្តុង 6 និងខាងក្រោយពីស្តុង 4) ដោយចម្ងាយនៃការចាប់ហ្វ្រាំងពីល្បឿន 100 គីឡូម៉ែត្រ/ម៉ោង មកស្តុបសូន្យ គឺប្រើប្រាស់ប្រវែងត្រឹមតែ 32.9 ម៉ែត្រប៉ុណ្ណោះ។ ដូចដែលបានបញ្ជាក់ រថយន្ត YU7 GT មានតម្លៃចាប់ផ្តើមពី 57,510 ដុល្លារអាមេរិក ខណៈកំណែទម្រង់ដែលបំពាក់ option ពេញលេញ (fully equipped) មានតម្លៃ ប្រហែល 63,410 ដុល្លារអាមេរិក។
យោងតាមទិន្នន័យពី China EV DataTracker ក្រុមហ៊ុន Xiaomi បានប្រគល់រថយន្ត SUV ម៉ូដែល YU7 ចំនួន 9,876 គ្រឿង ជូនដល់អតិថិជនក្នុងស្រុក កាលពីខែមេសាកន្លងទៅ ដែលបានធ្លាក់ចុះ 27.2% ធៀបនឹងខែមុន។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
