Admin, 23 March 2026
ក្រុមហ៊ុន Xiaomi បានដាក់សម្ពោធជាផ្លូវការនូវរថយន្ត SU7 កំណែអាប់ដេតថ្មី (Refresh) ឆ្នាំ 2026 កាលពីថ្ងៃទី 19 ខែមីនា ដោយទទួលបានការកុម្ម៉ង់ទិញរហូតដល់ 15,000 គ្រឿង ក្នុងរយៈពេលត្រឹមតែ 34 នាទីប៉ុណ្ណោះ។ កំណែអាប់ដេតនេះមាន 3 ជម្រើសគឺ Standard, Pro, និង Max ដែលមានតម្លៃចន្លោះពី 31,870 ដល់ 43,950 ដុល្លារអាមេរិក។ អតិថិជនត្រូវកក់ ប្រាក់ចំនួន 725 ដុល្លារ ដើម្បីធានាការបញ្ជាទិញ ហើយអាចកែប្រែព័ត៌មានលម្អិត បានរហូត ដល់ថ្ងៃទី 22 ខែមីនា។
រថយន្ត SU7 ជំនាន់ដំបូងគឺជាឡានអគ្គិសនីផលិតទ្រង់ទ្រាយធំដំបូងបង្អស់របស់ Xiaomi ដែលត្រូវបានណែនាំកាលពីខែធ្នូ ឆ្នាំ 2023 ជាមួយនឹងចម្ងាយបើកបរ 800 គីឡូម៉ែត្រ (CLTC) និងការស្ទុះពី 0-100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 2.78 វិនាទី។
រូបរាងខាងក្រៅ និងផ្នែកខាងក្នុង
រថយន្ត SU7 ស៊េរីឆ្នាំ 2026 នេះមានការរចនាប៉ាណាខាងមុខថ្មី ដោយរួមបញ្ចូលនូវរ៉ាដា 4D mm-wave និងប្រព័ន្ធលាងសម្អាតសម្ពាធខ្ពស់សម្រាប់កាមេរ៉ាមុខ និងក្រោយ។ ការផ្លាស់ប្តូរ ខាងក្រៅផ្សេងទៀតរួមមាន កញ្ចក់មើលក្រោយពណ៌ខ្មៅ, កង់ទំហំ 21អ៊ីញប្រភេទ Forged wheels និងដង្កៀបហ្វ្រាំងពណ៌ក្រហម។ វាមាន 9 ពណ៌សម្រាប់ជ្រើសរើស ហើយសម្រាប់ ប្រភេទ Max នឹងមានពណ៌ពិសេសគឺ Cabrio Blue។
ផ្នែកខាងក្នុងត្រូវបានបន្ថែមនូវការតុបតែងពណ៌ខ្មៅ Dark Night ជាស្តង់ដារ, ភ្លើង Ambient lighting 3 ស្រទាប់ និងស្រោបស្បែក Nappa លើចង្កូត។ កៅអីខាងមុខអាចសារ៉េបាន 18 ទិសដៅ ជាមួយមុខងារម៉ាស្សា និងជំនួយផ្នែកចំហៀង ចំណែកកៅអីក្រោយ ឥឡូវនេះមាន មុខងារ Zero-gravity (បែបគ្មានទម្ងន់) និងកន្លែងកល់ក្បាលដែលបានកែលម្អ។ ប្រភេទ Max បន្ថែមនូវដំបូលកញ្ចក់ Panoramic ដែលអាចសារ៉េពន្លឺបានឆ្លាតវៃ។
កម្លាំងម៉ាស៊ីន និងចម្ងាយបើកបរ
គ្រប់ជម្រើសទាំងអស់ប្រើប្រាស់ម៉ូទ័រ V6s Plus ដែលមានប្រសិទ្ធភាពបញ្ជូនថាមពលដល់ទៅ 94%។ ប្រភេទ Max អាចស្ទុះពី 0-100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 3.08 វិនាទី និងមាន ល្បឿនអតិបរមា 265 គីឡូម៉ែត្រ/ម៉ោង។ ចម្ងាយបើកបរ (CLTC) រួមមាន៖
- Standard: 720 គីឡូម៉ែត្រ (ប្រើប្រព័ន្ធភ្លើង 752 វ៉ុល)
- Pro: 902 គីឡូម៉ែត្រ (ប្រើប្រព័ន្ធភ្លើង 752 វ៉ុល)
- Max: 835 គីឡូម៉ែត្រ (ប្រើប្រព័ន្ធភ្លើង 897 វ៉ុល)
បច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនលើប្រភេទ Max អាចសាកភ្លើងត្រឹម 15 នាទី រត់បាន ចម្ងាយ 670 គីឡូម៉ែត្រ ឬសាកពី 10% ទៅ 80% ក្នុងរយៈពេលតែ 12 នាទីប៉ុណ្ណោះ។
គ្រោងឆ្អឹង អេឡិចត្រូនិក និងសុវត្ថិភាព
Xiaomi ប្រើប្រាស់គ្រោងឆ្អឹងដែលមានឈ្មោះថា “Dragon Chassis” ជាមួយប្រព័ន្ធ បូមមុខ ប្រភេទ Double-wishbone និងក្រោយ Five-link។ ប្រភេទ Pro និង Max បន្ថែមនូវបូមខ្យល់ (Air springs) និងប្រព័ន្ធបូម CDC ដែលអាចផ្លាស់ប្តូរកម្រិតភាពទន់រឹងបាន។
SU7 ថ្មីនេះ រួមបញ្ចូលប្រព័ន្ធជំនួយការ Super XiaoAI និងម៉ូដែលការយល់ដឹង XLA ដែល ដំណើរការដោយបន្ទះឈីប Snapdragon 8 ជំនាន់ទី3 បូករួមនឹងអង្គគណនា ជំនួយកម្លាំង 700 TOPS។ សម្រាប់សុវត្ថិភាព ប្រភេទ Max បន្ថែមពោងសុវត្ថិភាពដល់ទៅ 9 និងតួខ្លួន រឹងមាំបំផុត។ លក្ខណៈពិសេសផ្សេងទៀតរួមមាន ទូទឹកកកក្នុងឡាន (ទំហំ 4.4 លីត្រ), ប្រព័ន្ធសំឡេង 14 ដល់ 25 គ្រាប់ (Dolby Atmos), ប្រព័ន្ធ 5G និង Wi-Fi 7។
ការត្រៀមខ្លួនសម្រាប់ម៉ូដែល Xiaomi YU7 GT
ក្រៅពីការអាប់ដេត SU7 ក្រុមហ៊ុន Xiaomi ក៏កំពុងពង្រីកស្រឡាយឡានអគ្គិសនីរបស់ ខ្លួនផងដែរ។ យោងតាមសារព័ត៌មាន CNC បានឱ្យដឹងថា Xiaomi កំពុងរៀប ចំចេញលក់ រថយន្ត SUV កម្លាំងខ្លាំងម៉ូដែល YU7 GT ដែលនឹងបំពាក់កម្លាំងរហូតដល់ 990សេះ និង មានគោលដៅបើកបរបាន 705 គីឡូម៉ែត្រ ដើម្បីមកបំពេញបន្ថែមក្នុងគ្រួសារ រថយន្តរបស់ Xiaomi៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
