Admin, 10 March 2026
ក្រុមហ៊ុន Xiaomi Auto ថ្ងៃនេះបានប្រកាសនូវពណ៌រចនាផ្នែកខាងក្នុងថ្មីសម្រាប់រថយន្ត Sedan អគ្គិសនី SU7 ជំនាន់ថ្មីរបស់ខ្លួន គឺពណ៌ "Cream Beige"។ ម៉ូដែលដែលបានធ្វើបច្ចុប្បន្នភាពនេះ មានតម្លៃចាប់ផ្តើមពី 32,800 ដុល្លារអាមេរិកដោយមានការកែលម្អជាច្រើនលើការរចនាខាងក្នុង ជើងក្រោម ប្រព័ន្ធកម្លាំង និងសមត្ថភាពជំនួយការបើកបរ ដែលធ្វើឱ្យវាក្លាយជាគូប្រជែងដ៏ខ្លាំងក្លានៅក្នុងទីផ្សាររថយន្តអគ្គិសនីខ្នាតកណ្តាល (C-segment)។
ពណ៌ "Cream Beige" ថ្មីនេះ ទទួលបានការបំផុសគំនិតពី "សិល្បៈដីដុតខ្សាច់បែបធម្មជាតិ និងភាពកក់ក្តៅ" ដែលមានបំណងផ្ដល់នូវ "អារម្មណ៍ប្រណីតបែបសាមញ្ញ"។ វាប្រើប្រាស់នូវកម្រិតពណ៌កក់ក្តៅ រួមផ្សំជាមួយសិល្បៈនៃការដេរយ៉ាងផ្ចិតផ្ចង់នៅលើបន្ទះទ្វារ និងកៅអី។ ចំណែកឯតាប្លូបញ្ជាផ្នែកខាងក្រោម និងចង្កូត ក៏ត្រូវបានរចនាឡើងវិញទាំងស្រុងផងដែរ។
តម្លៃ និងជម្រើស
រថយន្ត SU7 ជំនាន់ថ្មីនេះមានបីជម្រើស ដោយមានតម្លៃចាប់ពី 32,800ដុល្លារអាមេរិក ដល់ 44,300ដុល្លារអាមេរិក។ តម្លៃនេះមានការកើនឡើងជាង 1,400 ដុល្លារអាមេរិក បើធៀបនឹងម៉ូដែលបច្ចុប្បន្ន។
លក្ខណៈសម្បត្តិខាងក្រៅ៖
- រក្សារូបរាងស្រដៀងនឹងស៊េរីមុន ប៉ុន្តែបន្ថែមរ៉ាដា (Millimetre-wave radar) នៅប៉ាណាខាងមុខ។
- ចង្កៀងមុខ "តំណក់ទឹក" មានសមត្ថភាពបំភ្លឺបានចម្ងាយរហូតដល់ 400 ម៉ែត្រ។
- វិមាត្រ៖ បណ្តោយប្រវែង 4,997mm / ទទឹងប្រវែង 1,963mm / កម្ពស់ 1,445mm និងចម្ងាយកង់មុខក្រោយ wheelbase 3,000mm។
ការកែលម្អផ្នែកមេកានិច និងបច្ចេកវិទ្យា
- ជើងក្រោម៖ គ្រប់ម៉ូដែលប្រើសំបកកង់មុខទំហំ 245mm និងក្រោយ 265mm។ ប្រភេទ Pro និង Max បំពាក់ប្រព័ន្ធបូមខ្យល់ (Air suspension) និងបូមអាដាប់ទីវ CDC។
- ប្រព័ន្ធសុវត្ថិភាព៖ គ្រប់ម៉ូដែលបំពាក់ LiDAR និងរ៉ាដា 4D ដំណើរការដោយបន្ទះឈីប ដែលមានកម្លាំងគណនាដល់ 700 TOPS ជាមួយបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ HAD របស់ Xiaomi។
- ម៉ូទ័រ៖ ប្រើប្រាស់ម៉ូទ័រ V6s Plus Super Motor។
- ប្រភេទម៉ូទ័រទោល៖ កម្លាំង 235 គីឡូវ៉ាត់ (315 សេះ) ល្បឿនអតិបរមា 240គីឡូម៉ែត្រ/ម៉ោង។
- ប្រភេទម៉ូទ័រភ្លោះ៖ កម្លាំងសរុបខ្ពស់ និងល្បឿនអតិបរមាដល់ 265គីឡូម៉ែត្រ/ម៉ោង។
បច្ចេកវិទ្យាអាគុយ និងការសាកថ្ម
ចំណុចលេចធ្លោបំផុតគឺការប្រើប្រាស់ស្ថាបត្យកម្ម 800V នៅគ្រប់ម៉ូដែលទាំងអស់។
- ម៉ូដែល Standard: បើកបរបាន 720 គីឡូម៉ែត្រ។
- ម៉ូដែល Pro: បើកបរបានលើសពី 900 គីឡូម៉ែត្រ។
- ម៉ូដែល Max: បើកបរបាន 835 គីឡូម៉ែត្រ។
- ដោយសារប្រើផ្លាតហ្វមតង់ស្យុងខ្ពស់ 897V វាអាចសាកថ្មត្រឹមតែ 15 នាទី បន្ថែមចម្ងាយបើកបរបានរហូតដល់ 670 គីឡូម៉ែត្រ៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
