Admin, 26 April 2026

          នៅក្នុងពិព័រណ៍រថយន្តក្រុងប៉េកាំងដែលកំពុងប្រព្រឹត្តទៅ ក្រុមហ៊ុន Xiaomi បានប្រកាសថា រថយន្ត Xiaomi YU7 GT នឹងត្រូវដាក់បង្ហាញជាផ្លូវការនៅចុងខែឧសភាខាងមុខនេះ។ ម៉ូដែលថ្មីនេះរក្សានូវរចនាប័ទ្មភាគច្រើនពីម៉ូដែល YU7 ស្តង់ដារ ប៉ុន្តែបានបន្ថែមពណ៌ថ្មី កញ្ចប់តុបតែងផ្នែកខ្យល់ (Aero packages) និងការបង្កើនសមត្ថភាពគ្រឿងបន្លាស់ឱ្យកាន់តែខ្លាំង។ សារព័ត៌មាន CNC រំពឹងថា YU7 GT នឹងមានតម្លៃចន្លោះពី 65,200-72,500 ដុល្លារអាមេរិក។


ការរចនា និងរូបរាងខាងក្រៅ

YU7 GT បង្ហាញខ្លួនជាមួយរូបរាងផ្នែកខាងមុខយ៉ាងកាច និងពណ៌ថ្មីគឺពណ៌ក្រហម (Cherry Red)។ ផ្នែកខាងមុខបំពាក់នូវចង្កៀងភ្នែកមាន់ (Water-drop headlights) ដែលជាអត្តសញ្ញាណរបស់ប្រ៊េន ផ្គួបជាមួយបន្ទះទប់ខ្យល់ខាងមុខ (Splitter) ដ៏លេចធ្លោ និងដង្កៀបហ្វ្រាំងខ្នាតធំ។

  • លក្ខណៈពិសេស: ជម្រើសស្លាកសញ្ញា Carbon fibre កម្រិត 24K និងសំបកកង់ទំហំ 295/40R22
  • ប្រសិទ្ធភាពខ្យល់: រចនាឡើងដើម្បីកាត់បន្ថយកម្លាំងទប់ខ្យល់ ដូចទៅនឹងម៉ូដែល SU7 ដែរ ដោយមានកញ្ចក់មើលក្រោយគ្មានដង, ដៃទ្វារបង្កប់អគ្គិសនី និងរន្ធខ្យល់ចំនួន 19 កន្លែង។

វិមាត្ររថយន្ត៖

  • បណ្តោយប្រវែង 5,015mm ទទឹង 2,007mm / កម្ពស់ 1,597mm
  • ប្រវែងចន្លោះកង់មុខក្រោយ (wheelbase) 3,000mm
  • ទម្ងន់សរុប 2,460 គីឡូក្រាម

ផ្នែកខាងក្រោយនៅតែរក្សាធាតុរចនារបស់ SU7 ដូចជាស្លាបក្រោយរាងកន្ទុយទា និងចង្កៀងក្រោយរាងរង្វង់ (Halo taillights) ប៉ុន្តែបានបន្ថែមបន្ទះបំបែកខ្យល់ (Diffuser) រាងបញ្ឈរដ៏ធំ និងស្លាកសញ្ញា GT ផ្តាច់មុខ។


កម្លាំងម៉ាស៊ីន និងសមត្ថភាព

YU7 GT ប្រើប្រាស់ប្រព័ន្ធម៉ូទ័រភ្លោះ៖

  • ម៉ូទ័រមុខ៖ 288 គីឡូវ៉ាត់ (386 សេះ)
  • ម៉ូទ័រក្រោយ៖ 450 គីឡូវ៉ាត់ (604 សេះ)
  • កម្លាំងសរុបរួម៖ 738 គីឡូវ៉ាត់ (990 សេះ)

សមត្ថភាពបច្ចេកទេស៖

  • ចម្ងាយបើកបរ (CLTC)705 គីឡូម៉ែត្រ
  • ល្បឿនអតិបរមា៖ 300 គីឡូម៉ែត្រ/ម៉ោង

លោក Lei Jun នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បានពណ៌នា YU7 GT ថាជារថយន្ត “ Pure blooded GT” ដែលជាប្រភេទ SUV កម្រិតរថយន្តស្ព័រ រចនាឡើងសម្រាប់ទាំងភាពរីករាយក្នុងការបើកបរ និងការធ្វើដំណើរផ្លូវឆ្ងាយ។ ក្រុមហ៊ុនក៏បានយកវាទៅសម្រួលសមត្ថភាព (Tuning) នៅទីលាន Nürburgring ប្រទេសអាល្លឺម៉ង់ ដើម្បីឱ្យការបញ្ជាចង្កូតមានភាពរស់រវើកបំផុត។


បច្ចេកវិទ្យាគ្រោងឆ្អឹង

YU7 GT ត្រូវបានបំពាក់ដោយ៖

  • ប្រព័ន្ធបូមខ្យល់ (Air suspension)
  • ប្រព័ន្ធរក្សាលំនឹងពេលបើកបរ (Active ride stability)
  • ប្រព័ន្ធបែងចែកកម្លាំងរមួលនៅប៉ុងក្រោយ (Rear-axle torque vectoring)
  • ប្រព័ន្ធហ្វ្រាំង Brembo Carbon-ceramic ជាមួយបច្ចេកវិទ្យាសាកថាមពលពេលជាន់ហ្វ្រាំង។

កាលពីឆ្នាំមុន ការដាក់លក់ Xiaomi SU7 ទទួលបានការកុម្ម៉ង់យ៉ាងច្រើនលើសលប់ ប៉ុន្តែបន្ទាប់ពីការកុម្ម៉ង់ទាំងនោះត្រូវបានបំពេញរួចរាល់ ការលក់របស់ SU7 បានចាប់ផ្តើមធ្លាក់ចុះនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)