Admin, 24 May 2026
កាលពីល្ងាចថ្ងៃទី 21 ខែឧសភា ឆ្នាំ 2026 ក្នុងអំឡុងពេលព្រឹត្តិការណ៍សម្ពោធប្រព័ន្ធអេកូឡូស៊ីពេញលេញ "Human x Car x Home" លោក Lei Jun នាយកប្រតិបត្តិក្រុមហ៊ុន Xiaomi បានប្រកាសដាក់បង្ហាញជាផ្លូវការនូវរថយន្ត Xiaomi YU7 ស៊េរី “True Standard Edition”។ ជាមួយតម្លៃប្រហែល 34,300 ដុល្លារអាមេរិក ជម្រើសស៊េរីថ្មីនេះត្រូវបានកំណត់ទីតាំងដើម្បីដណ្តើមភាពរឹងមាំលើការលក់របស់ Tesla Model Y ម្តងទៀត។
ចាប់តាំងពីរថយន្ត Xiaomi YU7 ត្រូវបានដាក់លក់មក បរិមាណលក់របស់វាបានវ៉ាដាច់ Tesla Model Y ក្នុងប្រទេសចិនក្នុងរយៈពេលពីរខែ ទោះបីជាការលក់សរុបប្រចាំឆ្នាំនៅតែចាញ់ Model Y ក៏ដោយ។ នៅក្នុងព្រឹត្តិការណ៍សម្ពោធនេះ លោក Lei Jun បានបង្ហើបថា នេះគឺដោយសារតែសូម្បីតែស៊េរីកម្រិតដំបូងបង្អស់របស់ YU7 ក៏មានចម្ងាយបើកបរវែងឆ្ងាយដែរ ដែលធ្វើឱ្យតម្លៃរបស់វា (ថោកជាង Tesla Model Y ត្រឹមតែ 1.4Map 50 ដុល្លារ) មិនទាន់មានភាពប្រកួតប្រជែងគ្រប់គ្រាន់។ សម្រាប់ស៊េរី Standard ថ្មីដែលទើបតែបញ្ចេញនេះ មានចម្ងាយបើកបរ 643 គីឡូម៉ែត្រ ដែលវែងជាង 50 គីឡូម៉ែត្រ ធៀបនឹង Model Y ស៊េរី Standard (593 គីឡូម៉ែត្រ) ប៉ុន្តែវាមានតម្លៃថោកជាងដល់ទៅ ប្រហែល 4,350ដុល្លារ។
ម៉ូដែលដែលទើបតែសម្ពោធនេះ គឺជាកំណែទម្រង់ដែលមានតម្លៃទាបជាងមុន ដែលធ្លាប់បានលេចឮនៅក្នុងឯកសារចុះបញ្ជី។ ជាមួយនឹងការមកដល់នៃស៊េរីថ្មីនេះ Xiaomi បានរៀបចំរចនាសម្ព័ន្ធខ្សែស្រឡាយផលិតផល YU7 ឡើងវិញ៖ ដោយម៉ូដែលកម្រិតដំបូងថ្មីនេះ នឹងយកឈ្មោះថា “Standard Edition” ខណៈដែលស៊េរី Standard ដើមដែលបានដាក់លក់កាលពីឆ្នាំមុន ត្រូវបាន “ដំឡើងកម្រិត” និងប្តូរឈ្មោះទៅជា “Long Range Edition” វិញ។
យោងតាមព័ត៌មានចុះបញ្ជីពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) ជម្រើសស៊េរីថ្មីរបស់ YU7 នេះ នៅតែរក្សាវិមាត្រជារថយន្ត SUV ខ្នាតមធ្យមទៅធំដដែល ដោយមានប្រវែង 4,999មីឡីម៉ែត្រ, ទទឹង 1,996 មីឡីម៉ែត្រ និងកម្ពស់ចន្លោះពី 1,600 ដល់ 1,608 មីឡីម៉ែត្រ ជាមួយប្រវែងចន្លោះកង់មុខក្រោយ 3,000 មីឡីម៉ែត្រ។
ចំពោះសមត្ថភាព ស៊េរី “True Standard Edition” ប្រើប្រាស់ប្រព័ន្ធបើកបរដោយកង់ក្រោយ (RWD) ម៉ូទ័រទោល ដែលផលិតកម្លាំងអតិបរមាបាន 235 kW (315 សេះ)។ រថយន្តនេះបំពាក់ដោយអាគុយប្រភេទ Lithium Iron Phosphate (LFP) ផ្គត់ផ្គង់ដោយក្រុមហ៊ុន CATL។ ស៊េរីកម្រិតដំបូងថ្មីនេះមានទម្ងន់ឡានទទេ 2,200 គីឡូក្រាម ដែលស្រាលជាងស៊េរី Standard មុន (2,315 គីឡូក្រាម) ចំនួន 115 គីឡូក្រាម។ ការធ្វើបច្ចុប្បន្នភាពនេះក៏បាននាំមកនូវជម្រើសពណ៌ និងការតុបតែងខ្លួនកាន់តែច្រើន រួមទាំងយ៉ាន់កង់ទំហំ 20 អ៊ីញ ដែលមានរចនាបថរាង "គ្រាប់អង្ករ" និង "ផ្កាឡៃឡាក់" ថ្មីផងដែរ។
Xiaomi YU7 បានក្លាយជាអ្នកបង្កការរំខានដ៏ធំមួយនៅក្នុងទីផ្សារ ចាប់តាំងពីការបង្ហាញខ្លួនដំបូងកាលពីថ្ងៃទី 18 ខែមិថុនា ឆ្នាំ 2026។ កាលនោះ រថយន្ត SUV នេះមានតម្លៃចន្លោះពី 37,300 ដុល្លារ ដល់ 48,500ដុល្លារ។ ម៉ូដែលនេះទទួលបានការគាំទ្រយ៉ាងគំហកនៅពេលបើកលក់ ដោយទទួលបានការបញ្ជាទិញច្បាស់លាស់លើសពី 200,000 គ្រឿង ក្នុងរយៈពេល 3 នាទីដំបូង និងឡើងដល់ជាង 240,000 គ្រឿង ក្នុងរយៈពេល 18 ម៉ោង។
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងនៃការបើកលក់ កាលវិភាគរង់ចាំទទួលរថយន្ត Xiaomi YU7 របស់អតិថិជនបានអូសបន្លាយស្ទើរតែមួយឆ្នាំ។ បច្ចុប្បន្ន បន្ទាប់ពីការបញ្ជាទិញដែលកកស្ទះទាំងនោះត្រូវបានដោះស្រាយ និងប្រគល់ជិតអស់ហើយ ការលក់របស់ YU7 បានចាប់ផ្តើមថមថយបន្តិច ដោយកាលពីខែមុន ការលក់បានធ្លាក់ចុះមកក្រោម 10,000 គ្រឿង។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
