Admin, 08 May 2026

           លោក He Xiaopeng នាយកប្រតិបត្តិក្រុមហ៊ុន Xpeng បានចែករំលែកថា ក្រុមហ៊ុនផលិតរថយន្តចិនចំនួន 5 ទំនងជានឹងអាចសម្រេចបានចំណូលរហូតដល់រាប់លានលាន (trillions) នាពេលអនាគត ជាមួយនឹងប្រាក់ចំណេញរហូតដល់រាប់រយពាន់លាន។ លោកក៏បានលើកឡើងអំពីបញ្ហាការច្នៃប្រឌិតក្នុងឧស្សាហកម្ម ដោយដកស្រង់ព្រឹត្តិការណ៍ពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026 ជាឧទាហរណ៍។

លោក He Xiaopeng បានចូលរួមក្នុងកម្មវិធី "Dialogue" លើកញ្ចក់ទូរទស្សន៍មជ្ឈិមចិន (CCTV) រួមជាមួយលោក William Li ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Nio។ ពួកគាត់បានពិភាក្សាអំពីទស្សនៈលើឧស្សាហកម្មរថយន្តអគ្គិសនី និងបានចែករំលែកនូវចក្ខុវិស័យនៃក្រុមហ៊ុនរៀងៗខ្លួន។

យោងតាមនាយកប្រតិបត្តិ Xpeng ប្រទេសចិននឹងមានក្រុមហ៊ុនផលិតរថយន្តធំៗចំនួន 5 ដែលក្រុមហ៊ុននីមួយៗអាចបង្កើតចំណូលបានរាប់លានលានយន់ និងប្រាក់ចំណេញរាប់រយពាន់លានយន់។ ផ្អែកលើការគណនារបស់ CarNewsChina ក្រុមហ៊ុនផលិតរថយន្តមួយត្រូវលក់រថយន្តឱ្យបានជាង 7 លានគ្រឿងក្នុងមួយឆ្នាំ ដើម្បីសម្រេចបានកម្រិតនេះ។ ទោះជាយ៉ាងណាក៏ដោយ ចំនួននេះក៏អាស្រ័យលើតម្លៃមធ្យមនៃរថយន្តដែលលក់ចេញផងដែរ។ បច្ចុប្បន្ន មានតែក្រុមហ៊ុនផលិតរថយន្តសកលចំនួន 5 ប៉ុណ្ណោះដែលមានកម្រិតចំណូលខ្ពស់បែបនេះ រួមមាន៖ Toyota, Volkswagen Group, Kia-Hyundai, Stellantis និង General Motors

លោក He Xiaopeng មិនបានបញ្ចេញឈ្មោះក្រុមហ៊ុនចិនទាំង 5 នោះទេ ប៉ុន្តែទិន្នន័យកាលពីឆ្នាំមុនបង្ហាញថា BYD មានចំណូលខ្ពស់បំផុតគឺ 117.7 ពាន់លានដុល្លារ។ ក្រុមហ៊ុនកំពូលទាំង 5 ផ្សេងទៀតរួមមាន SAIC 94.59 ពាន់លានដុល្លា, Geely 50.54 ពាន់លានដុល្លា, Chery 43.95 ពាន់លានដុល្លា និង GWM 32.62 ពាន់លានដុល្លា


ការប្រកួតប្រជែងដ៏ស្រួចស្រាវ និងបច្ចេកវិទ្យា EREV

លោក He Xiaopeng ក៏បានលើកឡើងថា ឧស្សាហកម្មនេះកំពុងប្រឈមមុខនឹងបញ្ហា "Involution" (ការប្រកួតប្រជែងផ្ទៃក្នុងយ៉ាងខ្លាំងក្លា) នៅក្នុងប្រទេសចិន។ ឧស្សាហកម្មនេះនឹងឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍ដ៏មានសុខភាពល្អ លុះត្រាតែមិនមានការបង្ហាញខ្លួនរថយន្តម៉ូដែលថ្មីរហូតដល់ 150 ម៉ូដែលក្នុងពេលតែមួយ ដូចក្នុងពិព័រណ៍រថយន្តក្រុងប៉េកាំងទៀត។ ក្នុងស្ថានភាពបែបនោះ Xpeng, Nio និង Li Auto នឹងអាចសម្រេចបានប្រាក់ចំណេញប្រចាំឆ្នាំលើសពី ៧.៣ ពាន់លានដុល្លារ។

លោក He Xiaopeng ក៏បានទទួលស្គាល់ថា Nio មាន "ការផ្លាស់ប្តូរយ៉ាងធំធេង" កាលពីឆ្នាំមុន ហើយលោកសប្បាយចិត្តដែលឃើញក្រុមហ៊ុនធំបែបនេះអាចផ្លាស់ប្តូរបានយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិ Xpeng និងសហស្ថាបនិក Nio មានមតិខុសគ្នាលើបច្ចេកវិទ្យា EREV (រថយន្តអគ្គិសនីបើកបរបានរយៈចម្ងាយឆ្ងាយ)។ លោក He Xiaopeng យល់ថា រថយន្តប្រភេទនេះគឺជាដំណាក់កាលអន្តរកាលដ៏សំខាន់ ដោយសារការចែកចាយ និងតម្រូវការថាមពលសកលមិនទាន់មានតុល្យភាព។ ចំណែកលោក William Li បានតបវិញថា Nio ផ្តោតតែលើរថយន្តអគ្គិសនីសុទ្ធ (BEVs) ប៉ុណ្ណោះ ដោយមើលទៅលើគោលដៅចុងក្រោយ។

យោងតាម China EV DataTracker ក្រុមហ៊ុន Xpeng លក់បានរថយន្តថាមពលថ្មីចំនួន 94,693 គ្រឿងទូទាំងពិភពលោក ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ 2026 ដែលធ្លាក់ចុះ 27.4%។ ការធ្លាក់ចុះនេះបណ្តាលមកពីវិបត្តិរយៈពេលខ្លីនៅក្នុងទីផ្សាររថយន្តក្នុងស្រុករបស់ចិន ដែលបង្កឡើងដោយការបញ្ឈប់ការផ្តល់ឧបត្ថម្ភធនពីរដ្ឋាភិបាលលើផ្នែក NEV។ កាលពីមុនមានសេចក្តីរាយការណ៍ថា Xpeng មានគោលដៅលក់រថយន្តឱ្យបានដល់ 600,000 គ្រឿងក្នុងឆ្នាំនេះ។ នៅឆ្នាំនេះ ក្រុមហ៊ុននឹងដាក់សម្ពោធរថយន្ត Xpeng GX ដែលជាប្រភេទ SUV ខ្នាតធំ ដើម្បីជំរុញការលក់បន្ថែមទៀត។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)