Admin, 31 December 2025
កាលពីថ្ងៃទី 29 ខែធ្នូ ក្រុមហ៊ុន Xpeng បានប្រកាសថា រថយន្ត 2026 Xpeng P7+ របស់ខ្លួននឹងមានផ្តល់ជូនទាំងប្រភេទ BEV (អគ្គិសនីសុទ្ធ) និង EREV (អគ្គិសនីរយៈចម្ងាយឆ្ងាយ) ដោយមានការអាប់ដេតចំនួន 104 ចំណុច និងការរចនាថ្មីស្រឡាងទាំងស្រុង ព្រមទាំងការបើកបររយៈចម្ងាយឆ្ងាញដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 725 គីឡូម៉ែត្រ និងចម្ងាយបើកបរសរុប 1,550 គីឡូម៉ែត្រ (តាមស្តង់ដារ CLTC)។ ក្នុងនាមជាម៉ូដែលសកល រថយន្ត 2026 Xpeng P7+ ក៏នឹងត្រូវដាក់លក់នៅក្នុង 36 ប្រទេស ផងដែរ។ លើសពីនេះ ប្រភេទ BEV នឹងបំពាក់មកជាមួយ Platform 800V និងបច្ចេក វិទ្យាសាកថ្មក្នុងល្បឿនលឿន 5C។
ប្រភេទ EREV នឹងមានរយៈចម្ងាយបើកបរដោយអគ្គិសនីសុទ្ធដល់ទៅ 430 គីឡូម៉ែត្រ ដែលធ្វើឱ្យវាក្លាយជា "រថយន្តសេដាន់ប្រភេទ range-extender ដែលមានចម្ងាយ បើកបរ ដោយអគ្គិសនីសុទ្ធឆ្ងាយជាងគេបំផុតក្នុងពិភពលោក"។ នេះបើយោងតាមព័ត៌មានដែលបានប្រកាសពីមុន ប្រភេទ EREV មានបណ្តោយប្រវែង5,071mm ទទឹង1,937mm និងកម្ពស់ 1,524mm ជាមួយគម្លាតកង់មុខទៅខាងក្រោយប្រវែង 3,000 mm និងទម្ងន់រថយន្ត 2,160 គីឡូក្រាម។ ប្រវែងតួខ្លួនត្រូវបានពង្រីកបន្ថែម 15mm បើធៀបនឹងប្រភេទ BEV បច្ចុប្បន្ន។ ប្រព័ន្ធបញ្ជូនថាមពលនឹងរួមមានម៉ាស៊ីន 1.5T ជាឧបករណ៍ពង្រីកចម្ងាយ ដែលផ្តល់កម្លាំងអតិបរមា 110 kW (148 សេះ) និងម៉ូទ័រអគ្គិសនីកម្លាំង 180 kW (241 សេះ) បំពាក់មកជាមួយអាគុយលីចូមដែកផូស្វាត (LFP) ដែលអាចបើកបរក្នុងល្បឿនអតិបរមា 200 គីឡូម៉ែត្រ/ម៉ោង។
អំពី Xpeng P7+ បច្ចុប្បន្ននៅលើទីផ្សារ
រថយន្ត Xpeng P7+ ត្រូវបានដាក់លក់ជាលើកដំបូងកាលពីខែវិច្ឆិកាកន្លងទៅ ដោយមាន ផ្តល់ជូនតែប្រភេទ BEV ប៉ុណ្ណោះ ក្នុងតម្លៃចន្លោះប្រហែល 26,100 ទៅ 29,700 ដុល្លារអាមេរិក។ វាមានមេគុណទប់ខ្យល់ (drag coefficient) កម្រិត 0.206 Cd។ ស៊េរីមួយនេះគឺជាប្រភេទបើកបរដោយកង់ក្រោយ (RWD) ដំណើរការដោយម៉ូទ័រ permanent magnet synchronous ដែលផ្តល់កម្លាំង 180 kW (241សេះ)កម្លាំងបង្វិលជុំ450 Nm ឬ 230kW (308 សេះ)កម្លាំងបង្វិលជុំ 450Nm។ សម្រាប់ជម្រើសអាគុយលីចូមដែកផូស្វាតមានចំនួនបីគឺ៖ 60.7 kWh, 76.3 kWh, និង 74.9 kWh ដែលត្រូវនឹងចម្ងាយបើកបរតាមប្រព័ន្ធស្តង់ដារ CLTC គឺ 615 គីឡូម៉ែត្រ, 725 គីឡូម៉ែត្រ និង 685 គីឡូម៉ែត្រ។
ម៉ូដែលកម្រិតខ្ពស់បំផុត (Top-of-the-line) អាចសាកថ្មល្បឿនលឿន 5C ខណៈម៉ូដែលផ្សេងទៀតអាចសាកថ្មកម្រិត 3C ដែលចំណាយពេលត្រឹមតែ 12 នាទី និង 20 នាទី ដើម្បីសាកថ្មពី 30% ទៅ 80% ។ ឃ្លុបដាក់អីវ៉ាន់ខាងក្រោយមានចំណុះស្តង់ដារ 725 លីត្រ និងអាចបន្ថែមបានរហូតដល់ 2,221 លីត្រ។ ចាប់តាំងពីពេលដាក់លក់កាលពីមួយឆ្នាំមុនXpeng P7+ បានលក់លើសពី 88,000 គ្រឿង រហូតមកដល់បច្ចុប្បន្ននេះ និងបានគ្រងតំណែងជាជើងឯកផ្នែកលក់រថយន្តសេដាន់អគ្គិសនីសុទ្ធទំហំមធ្យមទៅទំហំធំ ក្នុងកម្រិតតម្លៃពី ប្រហែល 21,300 ទៅ 28,500 ដុល្លារអាមេរិក រយៈពេល 12 ខែជាប់ៗគ្នា៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
