Admin, 06 October 2026
ក្រុមហ៊ុន Xpeng ត្រូវបានរាយការណ៍ថា បានបូកបញ្ចូលខ្សែស្រឡាយផលិតផលរបស់ខ្លួនពី 4 មកត្រឹម 4 ដោយស្វែងរកការកាត់បន្ថយការចំណាយលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ខណៈពេលដែលកំពុងពង្រីកស្រឡាយយានយន្តរបស់ខ្លួន។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក 36Kr បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់ប្រភពពីឧស្សាហកម្មជាច្រើនថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចិនមួយនេះ នាពេលថ្មីៗនេះបានបូកបញ្ចូលខ្សែស្រឡាយផលិតផល I និង F របស់ខ្លួន ចូលទៅក្នុងខ្សែស្រឡាយ G ដោយទុកឱ្យនៅសល់តែខ្សែស្រឡាយ G និង D ប៉ុណ្ណោះ។
កាលពីមុន ខ្សែស្រឡាយ G ភាគច្រើនរ៉ាប់រងលើរថយន្ត SUV ខ្នាតធំ រួមមានម៉ូដែល GX និង G9L ខណៈដែលខ្សែស្រឡាយ F គ្របដណ្តប់លើផលិតផល រួមទាំងរថយន្ត Sedan ស៊េរី P-series។ ខ្សែស្រឡាយ I ទទួលខុសត្រូវលើផលិតផលក្រៅប្រទេស ហើយខ្សែស្រឡាយ D ត្រួតពិនិត្យលើស៊េរី Mona។
យោងតាមសារព័ត៌មាន 36Kr បន្ទាប់ពីការរៀបចំរចនាសម្ព័ន្ធឡើងវិញ ស៊េរី Mona នៅតែស្ថិតក្រោមខ្សែស្រឡាយ D ដដែល ខណៈដែលផលិតផលផ្សេងទៀតទាំងអស់ ស្ថិតក្រោមខ្សែស្រឡាយ G។ ការផ្លាស់ប្តូរនេះ ពាក់ព័ន្ធនឹងការគ្រប់គ្រងផលិតផលផ្ទៃក្នុង និងការទទួលខុសត្រូវលើ R&D ប៉ុណ្ណោះ ជាជាងការកាត់បន្ថយស្រឡាយយានយន្តរបស់ក្រុមហ៊ុនមកត្រឹម 2 ម៉ូដែល។
ការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះ ក៏រាប់បញ្ចូលទាំងការផ្លាស់ប្តូរការទទួលខុសត្រូវលើការគ្រប់គ្រងផងដែរ។ របាយការណ៍បាននិយាយដោយដកស្រង់សម្តីប្រភពឧស្សាហកម្មដែលស្និទ្ធនឹង Xpeng ថា អតីតប្រធានខ្សែស្រឡាយ F ឥឡូវនេះត្រួតពិនិត្យលើការកំណត់និយមន័យផលិតផលសម្រាប់ខ្សែស្រឡាយ G ដោយគ្មានការផ្លាស់ប្តូរតំណែងនោះទេ។
យោងតាមរបាយការណ៍ អតីតប្រធានខ្សែស្រឡាយ I បានផ្លាស់ទៅត្រួតពិនិត្យកិច្ចការបរទេសរបស់ Xpeng ដោយមិនរាប់បញ្ចូលការលក់យានយន្តនៅក្នុងទីផ្សារក្រៅប្រទេសឡើយ។
របាយការណ៍បានកត់សម្គាល់ថា ការបូកបញ្ចូលខ្សែស្រឡាយផលិតផល អាចជួយផ្តោតលើធនធាន R&D, កាត់បន្ថយថ្លៃដើម និងកាត់បន្ថយការប្រកួតប្រជែងផ្ទៃក្នុង រវាងម៉ូដែលដែលមានការកំណត់ទីតាំង និងតម្លៃជាន់គ្នានោះ។
ការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះ កើតឡើងចំពេលដែល Xpeng ដាក់ចេញនូវម៉ូដែលថ្មីៗក្នុងល្បឿនយ៉ាងលឿន ខណៈដែលកំណើននៃការប្រគល់រថយន្តនៅតែស្ថិតក្រោមសម្ពាធ។
យោងតាមទិន្នន័យដែលប្រមូលក្រងដោយ CnEVPost ក្រុមហ៊ុនបានលក់រថយន្តបានចំនួន 243,111 គ្រឿង នៅក្នុងរយៈពេល 8 ខែដំបូងនៃឆ្នាំនេះ ដែលធ្លាក់ចុះ 10.49% ធៀបនឹងឆ្នាំមុន។
Xpeng លក់រថយន្តបានចំនួន 39,107 គ្រឿង ក្នុងខែសីហា ដែលកើនឡើង 3.71% ធៀបនឹងឆ្នាំមុន និងកើនឡើង 2.84% ធៀបនឹងខែកក្កដា។ ទោះបីជាការប្រគល់រថយន្តប្រចាំខែបានកើនឡើងធៀបនឹងឆ្នាំមុន រយៈពេល 3 ខែជាប់ៗគ្នាក៏ដោយ ក៏ការកើនឡើងនេះមិនទាន់អាចប៉ះប៉ូវការខ្វះខាតកាលពីដើមឆ្នាំនៅឡើយទេ។
សម្ពាធក្នុងការផ្លាស់ប្តូរការវិនិយោគទៅជាផលចំណេញ ក៏មានភាពច្បាស់លាស់ផងដែរនៅក្នុងលទ្ធផលហិរញ្ញវត្ថុរបស់ខ្លួន។ Xpeng បានកត់ត្រាការខាតបង់សុទ្ធក្នុងត្រីមាសទីពីរចំនួន 199 លានដុល្លារអាមេរិក។
ចំណាយលើ R&D បានកើនឡើង 32.1% ធៀបនឹងឆ្នាំមុន ដល់ 434 លានដុល្លាអាមេរិក ក្នុងអំឡុងពេលដូចគ្នានេះ ដែលជាចម្បងដោយសារតែការបង្កើនការចំណាយលើម៉ូដែលថ្មីៗ និងបច្ចេកវិទ្យាដែលពាក់ព័ន្ធនឹង AI។ ការប្រគល់រថយន្តបានកើនឡើងត្រឹមតែ 0.1% ប៉ុណ្ណោះ ដល់ចំនួន 103,295 គ្រឿង។
រីប្រាក់ចំណេញយានយន្ត (vehicle margin) មានកម្រិត 12.1% ក្នុងត្រីមាសទីពីរ ដែលស្មើគ្នានឹងត្រីមាសទីមួយ ប៉ុន្តែទាបជាងកម្រិត 14.3% កាលពីឆ្នាំមុន។ Xpeng បានសន្មតថា ការធ្លាក់ចុះធៀបនឹងឆ្នាំមុននេះ គឺមកពីការផ្លាស់ប្តូរអន្តរកាលនៃម៉ូដែលរថយន្ត។
សេវាកម្ម និងអាជីវកម្មផ្សេងទៀត បានគាំទ្រដល់សមត្ថភាពរកប្រាក់ចំណេញសរុប ដោយបានលើកកម្ពស់រឹមប្រាក់ចំណេញដុល (gross margin) ក្នុងត្រីមាសទីពីររបស់ក្រុមហ៊ុន ឱ្យកើនឡើងដល់ 20.7% ពីកម្រិត 17.3% កាលពីឆ្នាំមុន។
Xpeng កំពុងបន្តពង្រីកស្រឡាយផលិតផលរបស់ខ្លួន អមដោយការរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុងឡើងវិញ។
ក្រុមហ៊ុនបានដាក់លក់រថយន្ត SUV ប្រណីត 5 កៅអី ម៉ូដែល G9L កាលពីថ្ងៃទី 17 ខែកញ្ញា កន្លងទៅដើម្បីបង្គ្រប់បន្ថែមលើម៉ូដែល 6 កៅអី GX ក្នុងការបម្រើតម្រូវការគ្រួសារខុសៗគ្នា។
ស៊េរី Mona ក៏កំពុងតែពង្រីកខ្លួនផងដែរ។ ការប្រគល់រថយន្ត Mona L03 បានចាប់ផ្តើមនៅក្នុងខែកក្កដា ហើយប្រធាន និងជាអគ្គនាយកប្រតិបត្តិ លោក He Xiaopeng បានថ្លែងនៅក្នុងការហៅទូរស័ព្ទស្តីពីប្រាក់ចំណេញកាលពីខែសីហាថា រថយន្ត SUV ម៉ូដែល Mona L05 ត្រូវ បានកំណត់កាលវិភាគដាក់លក់នៅក្នុងប្រទេសចិន នាត្រីមាសទីបួន។
លោក He បានមានប្រសាសន៍នាពេលនោះថា ជាមួយនឹងម៉ូដែលថ្មីៗទាំងនេះ Xpeng មានគោលដៅសម្រេចឱ្យបាននូវការលក់រថយន្តលើសពី 60,000 គ្រឿង ក្នុងមួយខែ នាត្រីមាសទីបួន។ គោលដៅនោះ គឺមានកម្រិតខ្ពស់ជាងប្រហែល 53% លើសពីកម្រិតកាលក់រថយន្តក្នុងខែសីហារបស់ខ្លួន។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
