Admin, 13 October 2026

                ក្រុមហ៊ុន Xpeng បានដាក់ឈ្មោះសេវាកម្ម Robotaxi (រថយន្តតាក់ស៊ីបើកបរស្វ័យប្រវត្ត) របស់ខ្លួនថា Yoyo កាលពីថ្ងៃទី 8 ខែតុលា និងបានបើកឱ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសចិនអាចប្រើប្រាស់បាន តាមរយៈកម្មវិធីផ្អែកលើការអញ្ជើញជាពិសេស (invitation-based program) នេះបើយោងតាមនាយកប្រតិបត្តិក្រុមហ៊ុន លោក He Xiaopeng។ យានយន្តដែលផ្អែកលើម៉ូដែល GX មួយនេះ សម្រេចបានការបើកបរធ្វើតេស្តសាកល្បងជាង 2,200 លើក ដោយបុគ្គលិកផ្ទាល់ និងបានត្រៀមខ្លួនរួចរាល់ក្នុងការពង្រីកការធ្វើតេស្តទៅកាន់អ្នកប្រើប្រាស់ខាងក្រៅ។

Xpeng បានដាក់ចេញនូវ Mini-program សេវាហៅរថយន្តជិះដាច់ដោយឡែកមួយ ដែលអាចចូលប្រើប្រាស់បានតាមរយៈលេខកូដអញ្ជើញ (invitation codes) ដើម្បីកក់កន្លែងជិះសាកល្បង។ ការប្រកាសនេះមិនបានលាតត្រដាងពីទំហំក្បួនរថយន្ត ឬកាលបរិច្ឆេទសម្រាប់សេវាកម្មសាធារណៈដោយគ្មានការកម្រិតនោះទេ។ Mini-programs គឺមានប្រជាប្រិយភាពខ្លាំងណាស់នៅក្នុងប្រទេសចិន៖ គិតថាពួកវាជាកម្មវិធី (apps) នៅក្នុងកម្មវិធីមួយទៀត។ អ្នកប្រើប្រាស់ភាគច្រើនប្រើប្រាស់កម្មវិធីធំតែមួយគត់នៅលើទូរស័ព្ទរបស់ពួកគេ ភាគច្រើនគឺ WeChat ហើយនៅក្នុងកម្មវិធីនេះ គឺមានកម្មវិធីផ្សេងទៀតទាំងអស់ដែលអ្នកត្រូវការ 90% នៃពេលវេលា៖ ឧទាហរណ៍ Didi (Uber របស់ចិន), JD (Amazon របស់ចិន), Meituan (សេវាដឹកជញ្ជូនអាហារ) ឬ Bilibili (YouTube របស់ចិន)។ ហើយឥឡូវនេះ ក៏មានកម្មវិធី Yoyo robotaxi របស់ Xpeng ផងដែរ។

អ្នកដំណើរអាចប្រើប្រាស់ Mini-program នេះ ដើម្បីកំណត់សីតុណ្ហភាពកាប៊ីន និងបើកដំណើរការប្រព័ន្ធភាយក្លិនក្រអូប មុនពេលរថយន្តទៅទទួល។ យានយន្តនេះក៏មានផ្តល់ជូននូវកៅអី «ទម្ងន់ស្មើសូន្យ» (zero-gravity seats), មុខងារម៉ាស្សារ និងអេក្រង់កម្សាន្តផ្នែកខាងក្រោយផងដែរ។

រថយន្ត Robotaxi នេះ គឺផ្អែកលើរថយន្ត SUV បង្គោលលំដាប់កំពូល GX របស់ Xpeng និងប្រើប្រាស់បន្ទះឈីប Turing AI ផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនចំនួនបួនគ្រាប់។ Xpeng និយាយថា ពួកវាផ្តល់នូវថាមពលគណនាប្រកបដោយប្រសិទ្ធភាពចំនួន 3,000 TOPS។ យានយន្តនេះដំណើរការគំរូ Vision-Language-Action ជំនាន់ទីពីររបស់ខ្លួន ដែលគេស្គាល់ថាជា VLA 2.0 ដោយប្រើប្រាស់ប្រព័ន្ធផ្អែកលើចក្ខុ (vision-based system) ដោយមិនចាំបាច់មាន LiDAR ឬផែនទីកម្រិតច្បាស់ HD នោះទេ។

Xpeng ពិពណ៌នាយានយន្តនេះថាត្រូវ បានរចនាឡើងសម្រាប់ប្រព័ន្ធបើកបរស្វ័យប្រវត្តកម្រិត Level 4 ដែលអនុញ្ញាតឱ្យប្រព័ន្ធអាចអនុវត្តភារកិច្ចបើកបរដោយគ្មានការជ្រៀតជ្រែកពីមនុស្ស នៅក្នុងលក្ខខណ្ឌប្រតិបត្តិការដែលបានកំណត់។

ក្រុមហ៊ុនបានប្រកាសពីផែនការ Robotaxi របស់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ2025 និងបានចាប់ផ្តើមការធ្វើតេស្តលើផ្លូវថ្នល់ជាប្រចាំនៅក្នុងខែមករា ឆ្នាំ 2026។ យានយន្តផលិតកម្មបានចាកចេញពីខ្សែសង្វាក់ផលិតកម្មនៅក្នុងទីក្រុងក្វាងចូវ កាលពីខែឧសភា បន្ទាប់មកមានការសាកល្បងជិះដោយបុគ្គលិកនៅក្នុងខែកក្កដា ដែលគ្របដណ្តប់លើការកក់តាមអនឡាញ, ការទៅទទួលស្វ័យប្រវត្ត និងការបញ្ចប់ដំណើរជិះ។

នៅក្នុងខែសីហា Xpeng ទទួលបានលក្ខណៈសម្បត្តិធ្វើតេស្តពីចម្ងាយក្នុងទីក្រុងក្វាងចូវ ដែលអនុញ្ញាតឱ្យធ្វើតេស្តលើផ្លូវថ្នល់ដោយគ្មានអ្នកបញ្ជាសុវត្ថិភាពនៅលើកៅអីអ្នកបើកបរ លើផ្លូវធ្វើតេស្តថ្នាក់ទី I, II និង III ដែលបានកំណត់។ ប្រធាន និងជាអគ្គនាយកប្រតិបត្តិ លោក He Xiaopeng បានថ្លែងក្នុងខែនោះថា ក្រុមហ៊ុនបានបញ្ចប់ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងជំនួសពីចម្ងាយផ្អែកលើក្លោដ (cloud-based remote takeover platform) រួចរាល់ហើយ។

Xpeng មានផែនការចាប់ផ្តើមប្រតិបត្តិការសាកល្បង និងសេវាកម្មបង្ហាញគំរូខ្នាតតូចទៅមធ្យមនៅក្នុងឆ្នាំ 2026 ដោយប្រើប្រាស់ទីក្រុងក្វាងចូវដើម្បីសាងសង់បទពិសោធន៍ប្រតិបត្តិការ មុនពេលពង្រីកទៅកាន់ទីតាំងផ្សេងទៀត។ កាលពីមុន ក្រុមហ៊ុនបានកំណត់គោលដៅឆ្នាំ 2027 សម្រាប់សេវាកម្មអ្នកដំណើរដោយគ្មានអ្នកបើកបរសុវត្ថិភាព។

លោក He ក៏បានមានប្រសាសន៍ផងដែរថា អាជីវកម្ម Guangzhou robotaxi អាចឈានដល់ចំណុចរួចដើមទុន (break-even) នៅកម្រិតយានយន្តទោល យ៉ាងឆាប់បំផុតនៅពាក់កណ្តាលទីពីរនៃឆ្នាំ 2027។ គោលដៅនោះ ពាក់ព័ន្ធនឹងសេដ្ឋកិច្ចយានយន្តបុគ្គល ជាជាងសមត្ថភាពរកប្រាក់ចំណេញនៃអាជីវកម្ម Robotaxi សរុប។ លោកបានកំណត់អត្តសញ្ញាណភាពក្រាស់នៃយានយន្ត នៅក្នុងតំបន់ប្រតិបត្តិការ ថាជាកត្តាស្នូល។

Xpeng មានផែនការបង្កើតប្រាក់ចំណូលតាមរយៈការលក់យានយន្ត, សេវាកម្មបច្ចេកវិទ្យា និងការចែករំលែកប្រាក់ចំណូលប្រតិបត្តិការ ខណៈដែលដៃគូផ្សេងទៀតចាត់ចែងប្រតិបត្តិការក្បួនរថយន្តក្នុងស្រុក។

Xpeng ក៏កំពុងពិភាក្សាអំពីភាពជាដៃគូ Yoyo នៅក្នុងតំបន់អឺរ៉ុប, មជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍ផងដែរ។ ក្រុមហ៊ុន ក៏មានផែនការណែនាំម៉ូដែលមួយដែលអភិវឌ្ឍឡើងជាពិសេស សម្រាប់ប្រតិបត្តិការ Robotaxi នៅក្នុងឆ្នាំ 2027 ដោយលោក He រំពឹងថាទីផ្សារក្រៅប្រទេសនឹងក្តោបក្តាប់ភាគច្រើននៃអាជីវកម្មនាពេលអនាគត។ សេចក្តីថ្លែងការណ៍នាថ្ងៃទី 8 ខែតុលា មិនបានបញ្ជាក់ឈ្មោះដៃគូប្រតិបត្តិការក្រៅប្រទេស ឬផ្តល់កាលបរិច្ឆេទដាក់លក់នោះទេ។

មតិរបស់អ្នកសម្រួលអត្ថបទ (Editor’s comment)

រថយន្ត Robotaxi របស់ Xpeng គឺគួរសម្គាល់តាមដានមើលខ្លាំងណាស់ ហើយមិនមែនត្រឹមតែដោយសារតែផែនការដាក់លក់នៅក្រៅប្រទេសរបស់វានោះទេ។ ខ្ញុំបានធ្វើតេស្ត VLA 2 របស់ Xpeng ចុងក្រោយគេកាលពីខែមេសានេះ លើផ្លូវថ្នល់ក្នុងទីក្រុងប៉េកាំង ហើយខ្ញុំប្រហែលជាអាចទទួលបានការរិះគន់/ស្អប់ច្រើន សម្រាប់ការអះអាងមួយនេះនៅក្នុងប្រទេសចិន ប៉ុន្តែវាមានអារម្មណ៍ល្អប្រសើរជាង Huawei Qiankun ADS ទៅទៀត ដែលជាទូទៅត្រូវបានគេចាត់ទុកជាអ្នកនាំមុខគេក្នុងប្រព័ន្ធ ADAS ក្នុងស្រុក។

ដោយសារតែសង្គ្រាមតម្លៃរថយន្តអគ្គិសនី និងការប្រកួតប្រជែងហួសហេតុនៅក្នុងប្រទេសចិន មើលទៅហាក់ដូចជាមិនទាន់ជិតដល់ទីបញ្ចប់ Xpeng បានប៉ះប៉ូវរឹមប្រាក់ចំណេញទាបលើការលក់រថយន្ត ដោយបង្វែរទៅរកប្រភពចំណូលផ្សេងទៀត៖ រ៉ូបូតបែបមនុស្ស (humanoid robots), ការលក់នៅក្រៅប្រទេស និងការខិតខំប្រឹងប្រែងចុងក្រោយបង្អស់របស់ខ្លួន៖ សេវាកម្ម Robotaxi។ យើងនឹងបន្តតាមដានមើលវាជាបន្តទៀត។

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)