Admin, 27 October 2026

             ម្ចាស់រថយន្ត Xpeng X9 ម្នាក់នៅក្នុងប្រទេសចិន បាននិយាយថា ពោងសុវត្ថិភាពនៃរថយន្ត MPV អគ្គិសនី 7 កៅអីរបស់លោក បានជួបបញ្ហាក្នុងការបើកបរក្នុងអំឡុងពេលមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដែលបានធ្វើឱ្យយានយន្តខូចខាតទាំងស្រុង (total loss)។ ក្រុមហ៊ុន Xpeng និយាយថា ការប៉ះទង្គិចនោះមិនទាន់ដល់លក្ខខណ្ឌកំណត់ប្រអប់សេនស័រពោងសុវត្ថិភាពនៅឡើយតេដែលអាចធ្វើអោយវាផ្ទុះចេញនៅពេលមានឧបទេវហេតុ។

យោងតាមសារព័ត៌មាន Jiemian News​ចុះផ្សាយថា លោក Liu កំពុងបើកបរកាន់ចង្កូតរថយន្ត X9 របស់លោក កាលពីថ្ងៃទី 15 ខែតុលា នៅពេលដែលលោកបានបើកបុកខឿនផ្លូវ។ បន្ទាប់មក រថយន្តបានបាត់បង់ការគ្របគ្រង ហើយបានទៅបុកដើមឈើខាងផ្លូវ និងបង្គោលភ្លើង រួចក្រឡាប់ ដោយផ្នែកខាងមុខរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមិនមាននរណាម្នាក់រងរបួសនោះទេ។ បន្ទាប់ពីការពិនិត្យមើល ក្រុមហ៊ុនធានារ៉ាប់រងបានវាយតម្លៃថាយានយន្តខូចខាតហួសពីការជួសជុល និងបានណែនាំឱ្យលក់ជាអេតចាយ។

លោក Liu បាននិយាយថា៖ «យើងសំណាងល្អដែលមិនមាននរណាម្នាក់រងរបួស ប៉ុន្តែពោងសុវត្ថិភាពមិនបានបើកដំណើរការ សូម្បីតែនៅក្នុងស្ថានភាពបែបនេះហើយ នោះវាមិនមែនជាការផ្តល់ទំនុកចិត្តទាល់តែសោះ»។ លោកបានទិញរថយន្តនេះកាលពីពីរឆ្នាំមុន ក្នុងតម្លៃជិត 500,000 យន់ (ប្រហែល 74,600 ដុល្លារអាមេរិក)។ លោកមិនយល់សោះថា៖ ប្រសិនបើលក្ខណៈវិនិច្ឆ័យនៃការបើកពោងសុវត្ថិភាពមិនទាន់គ្រប់គ្រាន់ សូម្បីតែនៅក្នុងកាលៈទេសៈបែបនេះ តើនៅពេលណាទៅទើបពោងសុវត្ថិភាពនឹងបើកដំណើរការ?

នៅក្នុងការឆ្លើយតបតាមអ៊ីមែលទៅកាន់អ្នកសារព័ត៌មាន Xpeng បាននិយាយថា ទិន្នន័យប្រព័ន្ធខាងក្រោយ (backend data) និងវីដេអូនៃការបើកបរ បង្ហាញថាយានយន្តស្ថិតនៅក្នុងរបៀបបើកបរដោយដៃ (manual driving mode) នៅពេលមានការប៉ះទង្គិច ហើយអ្នកបើកបរបានបន្តជាន់ឈ្នាន់ហ្គ្រា និងបានបត់ចង្កូតយ៉ាងគំហុកមុនពេលបុក។ ក្រុមហ៊ុនបាននិយាយថា ការប៉ះទង្គិចនោះមិនទាន់ឈានដល់កម្រិតកំណត់ប្រអប់សេនស័រពោងសុវត្ថិភាព (airbag sensor trigger threshold) នោះទេ។ ក្រុមហ៊ុន ក៏បាននិយាយផងដែរថា ខ្លួននឹងគោរពតាមសំណើរបស់លោក Liu សម្រាប់ការវាយតម្លៃពីភាគីទីបី និងសហការលើការងារបន្តបន្ទាប់ទៀត។

X9 ជារថយន្ត MPV ដំបូងបង្អស់របស់ Xpeng និងជារថយន្តដែលមានតម្លៃថ្លៃបំផុតរបស់ខ្លួន ដែលកំពុងដាក់លក់នាពេលបច្ចុប្បន្ន។ វា ត្រូវ បានដាក់លក់កាលពីថ្ងៃទី1ខែមករា ឆ្នាំ 2024 ជារថយន្ត MPV អគ្គិសនីសុទ្ធ 7 កៅអី ជាមួយជម្រើសចំនួនបួន មានតម្លៃ 53,700 ដល់ 62,700 ដុល្លារអាមេរិក។ កាលពីខែវិច្ឆិកាឆ្នាំមុន Xpeng បានដាក់លក់រថយន្ត X9 EREV ដែលជាម៉ូដែលប្រភេទExtended-range ដំបូងបង្អស់របស់ខ្លួន Max និង Ultra ដែលមានតម្លៃ 46,200 ដុល្លារអាមេរិក និង 49,200 ដុល្លារអាមេរិក។

X9 ក៏បានប្រឈមមុខនឹងបញ្ហាកម្រិតគុណភាពផ្សេងទៀតផងដែរ នាឆ្នាំនេះ។ កាលពីខែមិថុនា Xpeng បាននិយាយថា ការប្រគល់រថយន្ត X9 ជាសកលបានកើនឡើងលើសពី 60,000 គ្រឿង។ ចំពេលជាមួយគ្នានោះដែរ ម្ចាស់រថយន្តជាច្រើនបានរាយការណ៍អំពីការខូចខាតភ្លាមៗនៃប្រព័ន្ធបូមខ្យល់ (air suspension) ក្នុងកំឡុងពេលអាកាសធាតុក្តៅ រាប់បញ្ចូលទាំងការស្រុតតួខ្លួនផ្នែកម្ខាង ឬស្រុតតួខ្លួនទាំងមូល។ Xpeng បានសុំទោស និងបានដាក់ចេញនូវការប្រមូលត្រឡប់មកវិញ (recall) នាពេលក្រោយមក។

កាលពីថ្ងៃទី 15 ខែកក្កដា Xpeng បានពន្យារការធានាលើប្រព័ន្ធបូមខ្យល់ខាងមុខ សម្រាប់រថយន្ត X9 ដែលរងផលប៉ះពាល់ រហូតដល់ 8 ឆ្នាំ ឬ 160,000 គីឡូម៉ែត្រ ដោយមិនគិតពីការផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិឡើយ។ កាលពីថ្ងៃទី 24 ខែកក្កដា រដ្ឋបាលរដ្ឋចិនសម្រាប់បទប្បញ្ញត្តិទីផ្សារ (State Administration for Market Regulation) បានចេញផ្សាយឯកសារប្រមូលត្រឡប់មកវិញពី Xpeng ដែលគ្របដណ្តប់លើរថយន្ត X9 ចំនួន 33,473 គ្រឿង ដែលបានផលិតចន្លោះពីថ្ងៃទី 8 ខែសីហា ឆ្នាំ 2023 ដល់ថ្ងៃទី 11 ខែសីហា ឆ្នាំ 2025។ បូមខ្យល់ខាងមុខមួយចំនួនអាចនឹងជ្រាបខ្យល់បន្តិចម្តងៗ ក្នុងកំដៅ និងសំណើមខ្ពស់ ដោយសារតែបម្រែបម្រួលនៃការផលិត ដែលបណ្តាលឱ្យភ្លើងសញ្ញាអាសន្នលោតព្រមាន ហើយក្នុងករណីធ្ងន់ធ្ងរ អាចប៉ះពាល់ដល់ការបញ្ជាបើកបរ។ Xpeng នឹងផ្លាស់ប្តូរបណ្តុំជើងបូមខ្យល់ខាងមុខដោយឥតគិតថ្លៃ។

យោងតាមទិន្នន័យពី China EV DataTracker ចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំនេះ រថយន្ត XPeng X9 សរុបចំនួន 15,805 គ្រឿងត្រូវបានលក់នៅក្នុងប្រទេសចិន។


ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)