Admin, 03 November 2025
ក្រុមហ៊ុន Xpeng (NYSE: XPEV) បានប្រកាសនៅថ្ងៃនេះថា រថយន្ត MPV (multi-purpose vehicle) X9 EREV (extended-range electric vehicle) របស់ខ្លួន នឹងសម្ពោធជាផ្លូវការនៅសប្តាហ៍ក្រោយ ហើយបានបង្ហាញពីលក្ខណៈពិសេសបន្ថែមសម្រាប់ម៉ូដែលនេះ។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) នេះមិនបានបញ្ជាក់ពីកាលបរិច្ឆេទពិតប្រាកដនោះទេ ប៉ុន្តែវាត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅថ្ងៃទី ៥ ខែវិច្ឆិកា ដែលជាពេលដែលក្រុមហ៊ុននឹងរៀបចំព្រឹត្តិការណ៍ 2025 AI Day របស់ខ្លួន។
រថយន្ត X9 EREV គឺជារថយន្ត ៧ កៅអី ប្រភេទរថយន្ត MPV (Long Range)ដែលវែងជាងគេបំផុតលើពិភពលោក ដោយមានចម្ងាយបើកបររួមបញ្ចូលគ្នា (CLTC combined range) រហូតដល់ 1,602 គីឡូម៉ែត្រ នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុនរថយន្ត Xpeng នៅលើគេហទំព័រ Weibo នាថ្ងៃនេះ។ វាមានចម្ងាយបើកបរដោយអាគុយ 452 គីឡូម៉ែត្រ ដែលជាចម្ងាយឆ្ងាយបំផុតក្នុងចំណោមម៉ូដែល ៧ កៅអីកូនកាត់ធំៗទូទាំងពិភពលោកផងដែរ។
រថយន្ត X9 EREV ក៏ជាម៉ូដែល ៧ កៅអីធំដែលមានថាមពលគណនា AI ខ្លាំងបំផុតក្នុងពិភពលោកផងដែរ ដោយបំពាក់ដោយឈីបបើកបរ AI Turing ដែលខ្លួនបានបង្កើតឡើងចំនួន បី និងឈីបកន្លែងបើកបរ (cockpit chip) Qualcomm Snapdragon 8295P មួយ។ ថាមពលគណនាការបើកបរឆ្លាតវៃរបស់រថយន្តនេះឈានដល់ 2,250TOPS ដែលស្មើនឹងឈីប Nvidia Orin-X ចំនួនប្រាំបួន។
ក្រុមហ៊ុន Xpeng បានដាក់បង្ហាញ Kunpeng Super Electric System របស់ខ្លួននៅ 2024 AI Day កាលពីខែវិច្ឆិកា ឆ្នាំ 2024។ រថយន្ត X9 EREV នឹងក្លាយជាម៉ូដែល EREV ដំបូងគេដែលប្រើប្រាស់ប្រព័ន្ធនេះ។
កាលពីដើមខែនេះ ក្រុមហ៊ុន Xpeng បាននិយាយថា X9 EREV បំពាក់ដោយអាគុយទំហំ 63.3 គីឡូវ៉ាត់ម៉ោង (kWh) និងធុងប្រេង 60លីត្រ ដែលផ្តល់ចម្ងាយបើកបររួមបញ្ចូលគ្នា 1,602 គីឡូម៉ែត្រ។
រថយន្ត X9 ត្រូវបានដាក់លក់ដំបូងនៅប្រទេសចិននៅថ្ងៃទី 01 ខែមករា ឆ្នាំ 2024 ដែលជាម៉ូដែល MPV ដំបូងរបស់ Xpeng។ ម៉ូដែលនេះក៏តំណាងឲ្យរថយន្តដែលមានតម្លៃថ្លៃបំផុតរបស់ Xpeng ផងដែរ ដោយបច្ចុប្បន្នមានតម្លៃចាប់ផ្តើម 359,800 យន់ ($50,610) នៅប្រទេសចិន។
ម៉ូដែល EREV នៃ X9 បានបង្ហាញខ្លួនក្នុងសៀវភៅកាតាឡុកបទប្បញ្ញត្តិនៅខែសីហារបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ចិន ដោយបង្ហាញពីទំហំប្រវែងរថយន្ត 5,316mm ទទឹង 1,988mm និងកម្ពស់ 1,785mm ព្រមទាំងមានគម្លាតកង់ (wheelbase) 3,160mm។ វាមានប្រវែងវែងជាង Xpeng X9 អគ្គិសនីសុទ្ធដែលមានប្រវែង 5,293mm ខណៈដែលទំហំផ្សេងទៀតនៅតែដូចគ្នា។
ក្រុមហ៊ុន Xpeng ក៏បានដាក់ពាក្យស្នើសុំបន្ថែមសម្រាប់ម៉ូដែល EREV នៃរថយន្ត SUV G7 របស់ខ្លួនកាលពីខែមុន និងបានដាក់ពាក្យស្នើសុំបន្ថែមមួយទៀតសម្រាប់ម៉ូដែល EREV នៃរថយន្ត SUV G6 និង P7+ ប្រភេទរថយន្តសេដាន់ (Sedan) កាលពីដើមខែនេះផងដែរ៕
ប្រភព៖ CnEVPost
ប្រែសំរួល៖ Huot Soknal
