Admin, 10 April 2026

          រថយន្តអគ្គិសនីប្រភេទ Liftback ម៉ូដែល Zeekr 001 កំណែពិសេសរបស់ក្រុមហ៊ុន Geely ត្រូវបានដាក់លក់នៅក្នុងប្រទេសចិន ដើម្បីអបអរសាទរខួបលើកទី 5 នៃម៉ូដែលនេះ។ វាប្រើប្រាស់កញ្ចប់តុបតែងផ្នែកខាងក្រៅ និងខាងក្នុងប្រភេទ FR-Line, ប្រព័ន្ធបូមបែបស្ព័រ និងប្រព័ន្ធបើកបរ (AWD) ម៉ូទ័រភ្លោះ ដែលផ្តល់កម្លាំងរហូតដល់ 680 គីឡូវ៉ាត់ (912 សេះ)។

រថយន្ត Zeekr 001 បានឈានជើងចូលទីផ្សារចិនដំបូងក្នុងឆ្នាំ 2021 ជាម៉ូដែលដំបូងបង្អស់របស់ម៉ាកសញ្ញានេះ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ 2026 ការចែកចាយរថយន្តនេះសម្រេចបានចំនួន 301,720 គ្រឿង។ ទោះបីជាមានពាក្យចចាមអារ៉ាមអំពីការជំនួសម៉ូដែលនេះក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំ Zeekr បានបញ្ជាក់ច្បាស់ថា 001 នឹងនៅតែជាម៉ូដែលស្នូលរបស់ប្រ៊េនសម្រាប់រយៈពេលយូរទៅមុខទៀត។ នៅថ្ងៃទី 10 ខែមេសា Zeekr នឹងដាក់សម្ពោធជាផ្លូវការនូវកំណែពិសេសនៃខួបលើកទី 5 នេះ។



ព័ត៌មានបន្ថែមអំពី Zeekr 001 5th Anniversary Edition

ម៉ូដែលថ្មីនេះត្រូវបានគេហៅថា Zeekr 001 5th Anniversary Edition។ វាប្រើប្រាស់កញ្ចប់តុបតែង FR-Line ផ្តាច់មុខ ជាមួយស្លាកសញ្ញាពណ៌ក្រហម, យ៉ាន់កង់ប្រភេទ Forged ទំហំ 22 អ៊ីញ បំពាក់សំបកកង់ Pirelli P Zero និងស្លាបក្រោយ (Spoiler) ធ្វើពី Carbon-fiber។ ចំណុចលេចធ្លោផ្សេងទៀតរួមមាន ដំបូលពណ៌ខ្មៅ, ដង្កៀបហ្វ្រាំង Brembo 6 ពីស្តុង និងពណ៌តួខ្លួន "ប្រាក់ទឹកកក" (Glacier Silver)

ផ្នែកខាងក្នុងក៏ទទួលបានការរចនាបែប FR-Line ផងដែរ៖

  • កៅអីខាងមុខស្រោបដោយស្បែក Alcantara ពណ៌ក្រហម លាយជាមួយលំនាំទង់ជាតិប្រណីតនៅចំកណ្តាល។
  • កៅអីជួរទីពីរមានពណ៌ខ្មៅ លាយជាមួយលំនាំទង់ជាតិពណ៌ក្រហម។
  • មានស្លាកសញ្ញា FR-Line នៅលើកន្លែងកល់ក្បាល និងមាត់ទ្វារ ដើម្បីបញ្ជាក់ថាវាជាកំណែពិសេស។

បំពាក់ខ្សែក្រវាត់សុវត្ថិភាពពណ៌ក្រហម, ពិដានស្រោបដោយស្បែកភ្នំ (Suede) និងមានឧបករណ៍បំពងសំឡេងចំនួន 29 គ្រាប់។



ប្រព័ន្ធបូម និងសមត្ថភាពបើកបរ

រថយន្តកំណែពិសេសនេះមកជាស្តង់ដារជាមួយប្រព័ន្ធបូម Coilover ផលិតដោយក្រុមហ៊ុន KW របស់អាល្លឺម៉ង់។ វាអាចសារ៉េកម្រិតភាពយឺត (Rebound) បាន 16 កម្រិត និងកម្រិតការសង្កត់ (Compression) បាន 12 កម្រិត។ កម្ពស់រថយន្តអាចសារ៉េឡើងចុះបានក្នុងចម្ងាយ 35 មីលីម៉ែត្រ។ ក្រុមការងារ KW បានចំណាយពេល 3 ឆ្នាំ ដើម្បីសម្រួលបច្ចេកទេសលើប៉ារ៉ាម៉ែត្រជាង 200 ចំណុច រួមមានការឆ្លើយតបនៃចង្កូត ស្ថេរភាព និងការបញ្ជា។



កម្លាំងម៉ាស៊ីន និងការសាកភ្លើង

Zeekr 001 5th Anniversary Edition ប្រើម៉ូទ័រភ្លោះ AWD កម្លាំង 680 គីឡូវ៉ាត់៖

  • ការស្ទុះ: ពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 2.91 វិនាទី។
  • ល្បឿនអតិបរមា: 280 គីឡូម៉ែត្រ/ម៉ោង។
  • អាគុយ: ប្រើអាគុយ Qilin (NMC) របស់ក្រុមហ៊ុន CATL ទំហំ 103 kWh។ វាគាំទ្របច្ចេកវិទ្យាសាកលឿនកម្រិត 6C (សាកពី 10% ទៅ 80% ក្នុងពេល 10 នាទី)។
  • ចម្ងាយបើកបរ: 680 គីឡូម៉ែត្រ (CLTC)

លើសពីនេះ វាក៏បំពាក់នូវប្រព័ន្ធជំនួយការបើកបរ G-Pilot H7 ដែលមានសេនស័រ LiDAR និងប្រើបន្ទះឈីប Nvidia Drive Thor-U ដែលមានសមត្ថភាពគណនាដល់ទៅ 700 TOPS


ប្រភព៖ China

ប្រែសំរួល៖ Chea SokNang (AC Auto)