Admin, 15 January 2026
បន្ទាប់ពីមានការបញ្ជាក់ជាផ្លូវការរបស់ក្រុមហ៊ុន Zeekr អំពីរថយន្ត SUV ប្រភេទ Plug-in Hybrid ម៉ូដែល Zeekr 8X ដែលនឹងមកដល់នាពេលខាងមុខជាមួយ ព័ត៌មានលម្អិតបន្ថែមផ្សេងទៀតដែលត្រូវបានលេចធ្លាយតាមរយៈក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT)។ រថយន្តនេះបំពាក់ដោយម៉ាស៊ីនសាំង 2.0T កម្លាំង 205 គីឡូវ៉ាត់ (275 សេះ) និងអាគុយប្រភេទ Ternary Lithium ដែលមានទំហំដល់ទៅ 70 គីឡូវ៉ាត់ម៉ោង។ រថយន្តប្រភេទនេះនិងមានការដាក់លក់នៅលើទីផ្សារត្រូវបានគេរំពឹងថាមកដល់ នៅក្នុងឆមាសទីមួយនៃឆ្នាំ 2026 ជាមួយនឹងជម្រើសកៅអីផ្ទុកអ្នកដំណើរ 5 និង 6នាក់ហើយវាត្រូវបានកំណត់ទីតាំងនៅក្រោមម៉ូដែល Zeekr 9X។លក្ខណៈពិសេសរបស់ Zeekr 8Xនេះមានដូចជា
វិមាត្រ និងរូបរាងខាងក្រៅ៖ ស្ថិតក្នុងប្រភេទរថយន្ត SUV ខ្នាតធំ (Mid-to-large SUV) Zeekr 8X មានវិមាត្រ៖
- បណ្តោយប្រវែង 5,100mm, ទទឹង 1,998mm, កម្ពស់ 1,780mm ។
- ចម្ងាយពីកង់មុខទៅកង់ក្រោយ (Wheelbase)៖ មានប្រវែង 3,069mm
- សមត្ថភាពអូសសណ្តោង៖ 2,000 គីឡូក្រាម។
ជារួម Zeekr 8X នៅតែរក្សារចនាបថប៉ាណាខាងមុខបែបទឹកធ្លាក់ (Waterfall-style grille) និងចង្កៀងមុខពីរជាន់ដូចទៅនឹង Zeekr 9X ដែរ។ នៅលើដំបូលមានបំពាក់ប្រព័ន្ធ LiDAR សម្រាប់បច្ចេកវិទ្យាជំនួយការបើកបរ។ ផ្នែកខាងក្រោយមានចង្កៀងកន្ទុយពីរជាន់ ដែលជាន់ខាងលើរត់កាត់ទទឹងតួរថយន្តទាំងមូល។ រថយន្តនេះមានជម្រើសថាសកង់ចំនួន 6 ប្រភេទ ជាមួយសំបកកង់ទំហំ 20, 21 និង 22 អ៊ីញ ព្រមទាំងមានដង្កៀប ហ្វ្រាំងពណ៌ក្រហម ដ៏មានភាពទាក់ទាញ។
កម្លាំងម៉ាស៊ីន និងអាគុយ៖ ថាមពលរបស់វាបានមកពីប្រព័ន្ធ Plug-in Hybrid ដែលរួមមាន៖
- ម៉ាស៊ីនសាំង៖ 2.0T (ម៉ូដែល DHE20-PFZ) ផលិតដោយក្រុមហ៊ុន Aurobay Technologies ដែលផ្តល់កម្លាំង 205 គីឡូវ៉ាត់ (275 សេះ)។
- អាគុយ៖ ផ្គត់ផ្គង់ដោយក្រុមហ៊ុនរួមទុន CATL-Geely ដែលមានពីរជម្រើសគឺ 55.1គីឡូវ៉ាត់ម៉ោង និង 70 គីឡូវ៉ាត់ម៉ោង។
- ចម្ងាយបើកបរដោយអគ្គិសនីសុទ្ធ (WLTC)៖ អាចរត់បានចម្ងាយ 265 គីឡូម៉ែត្រ (សម្រាប់អាគុយតូច) និង 328 គីឡូម៉ែត្រ (សម្រាប់អាគុយធំ)។
សមត្ថភាពបន្ថែម និងតម្លៃរំពឹងទុក៖ យោងតាមរបាយការណ៍កន្លងមក ប្រភេទ High-end (Full Option) របស់ Zeekr 8X ត្រូវបានរំពឹងថានឹងបំពាក់ម៉ូទ័រអគ្គិសនីចំនួន 3 ដែលផ្តល់កម្លាំង សរុបដ៏មហិមាដល់ទៅ 1,030 គីឡូវ៉ាត់ (1,381 សេះ) រួមជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្រិត 6C និងប្រព័ន្ធសាក់ស៊ីឆ្លាតវៃ Haohan AI Digital Chassis ដូចទៅនឹង Zeekr 9X ដែរ។
ចំពោះតម្លៃវិញ ត្រូវបានគេព្យាករណ៍ថាអាចនឹងចាប់ផ្តើមពីខ្ទង់ប្រហែល 57,300 ដុល្លារអាមេរិក នៅក្នុងទីផ្សារប្រទេសចិន៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
