Admin, 22 April 2026

            ក្រុមហ៊ុន Zontes បានបង្ហាញនូវបញ្ជីនៃការអាប់ដេតយ៉ាងវែងសម្រាប់ម៉ូតូស្កូតឺខ្នាតធំ (Maxi-scooter) ម៉ូដែល ZT368-G ETC សម្រាប់ឆ្នាំ 2026 ដែលឥឡូវនេះវាត្រូវបានបំពាក់ដោយប្រព័ន្ធហ្គែរអគ្គិសនី (Ride-by-wire), ជម្រើសពណ៌ថ្មីៗ និងការបន្ថែមប្រព័ន្ធកម្ដៅដៃចង្កូតមកជាស្តង់ដារ។

ម៉ូដែលដែលត្រូវបានកែសម្រួលយ៉ាងខ្លាំងនេះ នឹងមានជម្រើសពណ៌ដូចជា៖ ពណ៌បៃតង, ពណ៌ប្រផេះ, ពណ៌ខ្មៅ និងពណ៌ខ្សាច់។ ទោះជាយ៉ាងណាក៏ដោយ ពណ៌ថ្មីទាំងនេះគ្រាន់តែជាចំណុចចាប់ផ្ដើមនៃផ្លាស់ប្តូរប៉ុណ្ណោះ។


New Zontes ZT368-G ETC in a sand colour.


ការផ្លាស់ប្តូរបច្ចេកទេស និងមុខងារ

ការផ្លាស់ប្តូរបច្ចេកទេសដ៏សំខាន់បំផុត គឺការដាក់បញ្ចូលនូវប្រព័ន្ធ Ride-by-wire ដែលជួយឱ្យការឆ្លើយតបនៃដៃហ្គែរកាន់តែមានភាពច្បាស់លាស់ និងរលូន ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ការបើកបរក្នុងទីក្រុង។ លើសពីនេះ Zontes ក៏បានដាក់បញ្ចូលប្រព័ន្ធគ្រប់គ្រងការអូសទាញ (Traction control) មកជាមុខងារស្តង់ដារផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ប៊ូតុងបញ្ជានៅលើដៃចង្កូតទាំងសងខាង ក៏ត្រូវបានរចនាឡើងវិញ និងរៀបចំទីតាំងថ្មីដើម្បីឱ្យកាន់តែងាយស្រួលប្រើប្រាស់។

 ផាសុកភាព និងគ្រឿងបង្គុំ

Zontes បានចាត់ទុកផាសុកភាពរបស់អ្នកជិះជាអាទិភាពខ្ពស់បំផុត ដោយក្នុងនោះមានបំពាក់នូវប្រព័ន្ធកម្ដៅដៃចង្កូត និងប្រព័ន្ធកម្ដៅកែប មកជាស្តង់ដារតែម្តង។

  • ម៉ាស៊ីន: ជាប្រភេទស៊ីឡាំងទោល ចំណុះ 368 ស៊ីស៊ី ត្រជាក់ដោយទឹកស្អំ ផលិតកម្លាំងបាន 38.1 សេះ នៅកម្រិត 7,500 ជុំក្នុងមួយនាទី និងកម្លាំងបង្វិល 40Nm នៅកម្រិត 6,000 ជុំក្នុងមួយនាទី។
  • ប្រព័ន្ធបូម: ប្រើប្រាស់បូមមុខប្រភេទបញ្ច្រាស (Upside-down) ទំហំ 41 មីលីម៉ែត្រ ម៉ាក MZKS ដែលអាចសារ៉េកម្រិតយារ និងកម្រិតយឺតបាន។ ចំណែកបូមក្រោយឌុប អាចសារ៉េកម្រិតទម្ងន់ (Preload) បាន 5 កម្រិត។
  • ទំហំ និងទម្ងន់: កម្ពស់កែបមានទំហំ 795មីលីម៉ែត្រ និងទម្ងន់សរុប (Kerb weight) គឺ 197 គីឡូក្រាម។


Front of the new Zontes ZT368-G ETC.


គូប្រជែងនៅលើទីផ្សារ

បើនិយាយពីគូប្រជែង Zontes ZT368-G ETC អាចនឹងតម្រង់ទិសដៅទៅរកម៉ូដែលដូចជា Yamaha XMAX 300 Tech MAX+ ដែលមានបំពាក់ប្រព័ន្ធកម្ដៅដៃ និងកែបជាស្តង់ដារដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ ZT368-G ETC មិនគួរត្រូវបានចាត់ទុកថាជាគូប្រជែងផ្ទាល់នោះទេ ព្រោះវាមានម៉ាស៊ីនធំជាង និងផលិតកម្លាំងបានខ្លាំងជាង XMAX 300 រហូតដល់ទៅ 11 សេះ ឯណោះ។

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors