Admin, 29 April 2026
នៅក្នុងព្រឹត្តិការណ៍ ពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026 ពិព័រណ៍រថយន្តក្រុងប៉េកាំងឆ្នាំ 2026ក្រុមហ៊ុន Beijing Hyundai បានប្រកាសជាផ្លូវការនូវយុទ្ធសាស្ត្រម៉ាកយីហោថ្មីរបស់ខ្លួន ដោយបញ្ជាក់ថា ម៉ាក Ioniq ត្រូវបានបង្កើតឡើងជាផ្លូវការនៅក្នុងប្រទេសចិន។ ម៉ាករថយន្តថាមពលថ្មីនេះ តំណាងឱ្យការរួមបញ្ចូលគ្នារវាង “គុណភាពកម្រិតសកល + ប្រាជ្ញារបស់ចិន”។
រថយន្តរបស់ម៉ាកនេះនឹងគាំទ្រទាំងប្រព័ន្ធថាមពលអគ្គិសនីសុទ្ធ (BEV) និងប្រភេទប្រើម៉ាស៊ីនសាំងជំនួយ (EREV)។ រថយន្តទាំងនោះបំពាក់នូវបច្ចេកវិទ្យាសាកថ្មលឿន 800V និងប្រព័ន្ធបើកបរដោយអគ្គិសនី។ ចំពោះផ្នែកបច្ចេកវិទ្យាឆ្លាតវៃ ម៉ាកនេះបានសហការជាមួយក្រុមហ៊ុនធំៗដូចជា Momenta, បន្ទះឈីបកាប៊ីនរបស់ Qualcomm, អាគុយ CATL, ម៉ូដែលភាសាខ្នាតធំ Wenxin របស់ Baidu និងប្រព័ន្ធ Volcano Engine របស់ ByteDance។
រាល់ការរចនារបស់ Ioniq ទាំងអស់ត្រូវបានដឹកនាំដោយមជ្ឈមណ្ឌលរចនា Hyundai ប្រចាំប្រទេសចិន ដែលកែច្នៃឱ្យស្របតាមតម្រូវការរបស់អ្នកប្រើប្រាស់ចិន និងគ្រោងនឹងនាំចេញទៅកាន់ទីផ្សារសកលផងដែរ។
ការបង្ហាញខ្លួនជាលើកដំបូងនៃ Ioniq V
ទន្ទឹមនឹងនេះ រថយន្ត Ioniq V ស៊េរីថ្មីស្រឡាង បានធ្វើការសម្ពោធជាលើកដំបូងនៅលើពិភពលោកក្នុងពិព័រណ៍នេះ។ រថយន្តនេះមានលក្ខណៈពិសេសដូចជា៖
- ការរចនា: រូបរាងបែបត្រីមាត្រ (3D) ដែលមានកម្លាំងទប់ខ្យល់ទាប, ចង្កៀងមុខបែប “Dimensional Light Blade” និងការរចនាចង្កៀងពីរជាន់។
- រូបរាងចំហៀង: បំពាក់ទ្វារគ្មានដងកញ្ចក់ (Frameless doors) និងយ៉ាន់កង់រាងអក្សរ V។
- វិមាត្រ: បណ្តោយប្រវែង 4,900mm ទទឹងប្រវែង 1,890mm និងកម្ពស់ 1,470mm ជាមួយប្រវែងចន្លោះកង់មុខក្រោយ (wheelbase) 2,900mm។
- ផ្នែកខាងក្រោយ: មានចង្កៀងក្រោយបែប “Dimensional Star Track”។
ផ្នែកខាងក្នុង និងបច្ចេកវិទ្យាកាប៊ីន
ផ្នែកខាងក្នុងនៃ Ioniq V ត្រូវបានរចនាឡើងយ៉ាងប្រណីត៖
- អេក្រង់កម្សាន្តកម្រិត 4K កម្រាស់ស្តើងបំផុតទំហំ 27 អ៊ីញ។
- ប្រព័ន្ធភ្លើងលម្អ “Nebula lighting” និងភ្លើងបរិយាកាសក្នុងឡាន។
- ប្រព័ន្ធបញ្ចាំងព័ត៌មានលើកញ្ចក់មុខ “Cyber Eye” HUD។
កាលពីមុន ក្រុមហ៊ុន Hyundai Motor បានប្រកាសថា ម៉ាករថយន្តអគ្គិសនី Ioniq បានឈានជើងចូលទីផ្សារប្រទេសចិន ជាមួយរថយន្តគំរូចំនួនពីរគឺ Venus Concept និង Earth Concept។ នៅក្នុងពិព័រណ៍រថយន្តក្រុងប៉េកាំងលើកនេះ រថយន្ត Ioniq V គឺជាកំណែផលិតកម្មពិតប្រាកដនៃរថយន្តគំរូ Ioniq Venus ដែលបានប្រកាសកាលពីមុន។
យោងតាមប្រភពព័ត៌មានពីសារព័ត៌មានចិន ម៉ូដែល Ioniq នឹងប្រើប្រាស់ platform E-GMP របស់ Hyundai ប៉ុន្តែប្រភពគួរឱ្យជឿជាក់ផ្សេងទៀតបានលើកឡើងថា រថយន្តនេះតាមពិតទៅប្រើប្រាស់ស្ថាបត្យកម្មថ្មីដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយក្រុមហ៊ុន BAIC។ កាលពីឆ្នាំមុន Hyundai ក៏បានដាក់លក់រថយន្ត EV មួយម៉ូដែលឈ្មោះថា EO នៅក្នុងប្រទេសចិន ដែលប្រើប្រាស់ platform E-GMP ផងដែរ៕
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
