Admin, 08 January 2026
អត្ថបទជួរម៉ូដែល Benelli:Benelli TNT 550 គឺជាម៉ូតូប្រភេទ Naked ថ្មី
ម៉ូដែល Benelli BKX 125 ថ្មី គឺជាម៉ូតូប្រភេទ Adventure ទម្ងន់ស្រាល ដែលត្រូវបានកំណត់ថានឹងដាក់លក់នៅតាមហាងចែកចាយក្នុងចក្រភពអង់គ្លេសនៅដើមឆ្នាំ 2026 ខាងមុខនេះ ជាមួយនិងការបំពាក់នូវម៉ាស៊ីនថ្មីសន្លាងទាំងស្រុង។
យោងតាមក្រុមហ៊ុនដែលមានម្ចាស់ជាជនជាតិចិនមួយនេះបានឱ្យដឹងថា "BKX 125 ត្រូវបានរចនាឡើងដោយមជ្ឈមណ្ឌលស្ទីលរបស់ Benelli (Benelli Style Center) នៅក្នុងទីក្រុង Pesaro (ប្រទេសអ៊ីតាលី) ដែលផ្តោតលើខ្សែបន្ទាត់តួខ្លួនសាមញ្ញ ទន់ភ្លន់ និងស្អាតបាត ជាមួយនឹងការយកចិត្តទុកដាក់យ៉ាងខ្លាំងលើព័ត៌មានលម្អិត"។ BKX 125 មានបំពាក់នូវចង្កៀងមុខដែលមានភ្លើង DRL (Daytime Running Lights) មើលទៅទំនើបបំផុត ដែលវាមានរូបរាងដូចគ្នាទៅនឹងម៉ូដែល ‘S’ បែបស្ព័រដែរ។ ចំណែកផ្នែកខាងក្រោយ ភ្លើងហ្វ្រាំងត្រូវបានរចនាឡើងដោយបញ្ជូល គ្នាទៅក្នុងភ្លើង ស៊ីញ៉ូតែម្តង។
BKX 125 ប្រើប្រាស់តួដែកប្រភេទ Steel tubular trellis frame ខណៈដែលប្រព័ន្ធព្យួរ (បូម) រួមមាន មុខទំហំ 41mm ដែលអាចលៃតម្រូវបានពេញលេញទាំងកម្រិតភាពតឹង (preload), កម្រិតសង្កត់ (compression) និងកម្រិតឡើងចុះ (rebound damping)។ នៅផ្នែកខាងក្រោយ គឺជាបូមទោល (monoshock) ដែលអាចលៃតម្រូវកម្រិតភាពតឹង និងកម្រិតឡើងចុះបាន ហើយវាត្រូវបានភ្ជាប់ទៅនឹង swingarm តាមរយៈប្រព័ន្ធដំណភ្ជាប់ (linkage)។ វាត្រូវបានរចនាឡើងដើម្បីយកឈ្នះគ្រប់ស្ថានភាពផ្លូវរួមទាំងផ្លូវលំ BKX 125 ក៏ទទួលបានការផ្គូផ្គងកង់ដុំទំហំ 19/17 អ៊ីញ ព្រមទាំងបូមមុខដែលមានកម្រិតយាររហូតដល់ 180 mm (កម្រិតយារ “Suspension Travel” : វាមានន័យថា បូមមុខនេះមានសមត្ថភាព ស្រូបយកកម្លាំងទង្គិចពី ជង្ហុកបាន យ៉ាងមានប្រសិទ្ធភាព ធ្វើឱ្យអ្នកជិះមិនសូវរលាក់ដៃ)។
បេះដូង និងព្រលឹងរបស់ BKX 125 គឺជាម៉ាស៊ីនដែលមានស៊ីឡាំងតែមួយកម្លាំង 125 cc ថ្មី ត្រជាក់ដោយទឹកស្អំ និងបំពេញតាមស្តង់ដារបំភាយផ្សែង Euro5+។
ដើម្បីបំពេញចន្លោះក្នុងផ្នែកប័ណ្ណបើកបរប្រភេទ A1 សម្រាប់អ្នកជិះវ័យក្មេង BKX 125 ផលិតកម្លាំងបាន 14.7 សេះ (bhp) @ 9,500rpm និងកម្លាំងបង្វិល 12 N.m @7,000rpm។
ចំពោះប្រព័ន្ធហ្វ្រាំងវិញ BKX 125 ទទួលបានអត្ថប្រយោជន៍ពីឌីសមុខទំហំ 280 mm ដែលចាប់ដោយកាលីព័រ Radial-mount 4 ពីស្តុង។ ឌីសក្រោយទំហំ 240 mm ត្រូវបានផ្គូផ្គងជាមួយកាលីព័រប្រភេទអណ្តែត (floating caliper) ពីស្តុងតែមួយ។
BKX 125 មានកម្ពស់កៅអី 860 mm និងកម្ពស់បាត (Ground clearance) 233 mm។ ម៉ូដែលថ្មីនេះអាចផ្ទុកសាំងបានរហូតដល់ 12 លីត្រ ហើយនឹងមានលក់នៅ គ្រប់ហាងចែកចាយ Benelli ចាប់ពីដើមឆ្នាំ 2026 តទៅ។ វាមានតម្លៃ 4,712 ដុល្លាអាមេរិក ហើយមានបួនពណ៌សម្រាប់ជ្រើសរើសគឺ៖ ពណ៌ស (Nordic White), ពណ៌ប្រផេះ (Cement Grey), ពណ៌ខៀវ (Avio Blue) និងពណ៌ខ្សាច់ (Dune Sea)៕
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
