Admin, 02 August 2026
ជាទូទៅ ម៉ូតូគំរូ (Concept bikes) គឺគ្រាន់តែជាម៉ូតូគំរូប៉ុណ្ណោះ។ ពួកវាត្រូវបានបង្កើតឡើងដើម្បីទាក់ទាញការចាប់អារម្មណ៍ សាកល្បងតម្រូវការទីផ្សារ និងបង្កើតព័ត៌មានលេចធ្លោ មុនពេលបាត់ស្រមោលទៅវិញដោយស្ងាត់ៗទៅវិញក៏មាន។ ជាទូទៅ មានតែចំណុចរចនារូបរាងបន្តិចបន្តួចប៉ុណ្ណោះដែលត្រូវបានយកមកប្រើប្រាស់លើម៉ូតូផលិតផលជាផ្លូវការ។
ប៉ុន្តែក្រុមហ៊ុន BMW Motorrad អាចនឹងផ្លាស់ប្តូរនិន្នាការមួយនេះ។
ក្រុមហ៊ុនយក្សរបស់អាល្លឺម៉ង់មួយនេះ បានដាក់ពាក្យស្នើសុំចុះប៉ាតង់ការរចនាសម្រាប់ម៉ូឌែល Concept RR នៅក្នុងប្រទេសឥណ្ឌា ដែលជាជំហានការពាររូបរាងខាងក្រៅនៃម៉ូតូ ហើយវាបានបញ្ជាក់ថា ម៉ាស៊ីនដ៏ទាក់ទាញដែលត្រូវបានបើកបង្ហាញនៅក្នុងព្រឹត្តិការណ៍ Villa d'Este ក្នុងឆ្នាំ 2025 អាចនឹងឈានឆ្ពោះទៅរកការផលិតចេញលក់ពិតប្រាកដ ដោយមានរូបរាងស្រដៀងគ្នាយ៉ាងខ្លាំងទៅនឹងម៉ូតូដែលយើងបានឃើញជាលើកដំបូងនៅឯឆ្នេរសមុទ្របឹង Como។
ចំណុចនោះតែមួយមុខ មិនទាន់ជាភស្តុតាងបញ្ជាក់ថា ម៉ូតូនឹងត្រូវដាក់លក់ក្នុងហាងភ្លាមៗនោះទេ។ ក្រុមហ៊ុនផលិតតែងតែចុះប៉ាតង់ការរចនាជារឿយៗ គ្រាន់តែដើម្បីការពារកម្មសិទ្ធិបញ្ញារបស់ពួកគេប៉ុណ្ណោះ។ ប៉ុន្តែវាបានជួយពង្រឹងនូវអ្វីដែល BMW បាននិយាយនៅពេលបើកបង្ហាញ Concept RR ពោលគឺវា មិនមែនគ្រាន់តែជាការបង្ហាញម៉ូដប្លែករហែកហួសនោះទេ ប៉ុន្តែជាការបើកបង្ហាញជាមុនដ៏ពិតប្រាកដនៃត្រកូលម៉ូតូ superbike ជំនាន់ក្រោយរបស់ខ្លួន។
កម្លាំង និងការរចនាបែបប្រណាំង
នៅពេលដែលវាបង្ហាញខ្លួនដំបូង BMW បានពិពណ៌នាថា Concept RR គឺជាការបង្ហាញពីអនាគតនៃម៉ូតូស្ព័រកំពូលរបស់ខ្លួន។ នៅខាងក្រោមតួខ្លួនកាបោន (carbon bodywork) ដ៏ស្អាតប្លែក គឺជាម៉ាស៊ីន 4 ស៊ីឡាំងជាជួរ (inline-four) ដែលដកស្រង់ចេញពីម៉ូឌែល M1000 RR ដ៏មានប្រជាប្រិយភាពក្នុងការប្រកួត WorldSBK ដោយផលិតកម្លាំងបានលើសពី 230 សេះ (230bhp)។ ម៉ូតូនីក៍មានបំពាក់ប្រព័ន្ធបំពង់ខ្យល់ (aero channels) ជាប់ជាមួយតួ, ស្លាបខ្យល់ (winglets) បែបអុកឡុក និងការប្រើប្រាស់សម្ភារៈកាបោនហ្វាយបឺ និងអាលុយមីញ៉ូមទម្ងន់ស្រាលយ៉ាងទូលំទូលាយ ដែលធ្វើឱ្យវាមើលទៅជិតស្និទ្ធនឹងម៉ូតូប្រណាំងជាងម៉ូតូគំរូធម្មតា។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ប៉ាតង់ការរចនាហាក់ដូចជារក្សាទុកនូវរចនាប័ទ្មលេចធ្លោទាំងនោះទាំងស្រុង។ មិនមានការកាត់បន្ថយគុណភាព មិនមានការបន្ថយភាពស្រស់ស្អាតនៃតួខ្លួន និងមិនមានការថយចុះនៃរូបរាងខាងក្រៅដូចដែលធ្លាប់កើតឡើងរវាងការបង្ហាញម៉ូតូគំរូ និងការចុះប៉ាតង់នោះទេ។
ចុះចំណែកឯ K18 Vision វិញ?
ប្រសិនបើ BMW ពិតជាត្រៀមខ្លួនរួចរាល់ក្នុងការយកការរចនារបស់ Concept RR ភាគច្រើនទៅផលិតពិតប្រាកដមែននោះ វាបង្កើតឱ្យមានសំណួរគួរឱ្យចាប់អារម្មណ៍មួយទៀត៖ តើរឿងដូចគ្នានេះអាចកើតឡើងចំពោះម៉ូឌែល K18 Vision ដែរឬទេក្រុមហ៊ុន BMW បង្ហាញរូបរាង Vision K18 ដែលជាម៉ូតូប្រភេទ Bagger ប៉ុន្តែគ្មានកាបូបដាក់អីវ៉ាន់?
ត្រូវបានបើកបង្ហាញនៅក្នុងព្រឹត្តិការណ៍ Villa d'Este ឆ្នាំនេះ ម៉ូឌែល K18 Vision គឺជាប្រធានបទខុសគ្នាទាំងស្រុង។ ជំនួសឱ្យម៉ូតូ superbike ដ៏ស្រួចស្រាវ វាគឺជាម៉ូតូ power bagger បែបអនាគតដែលសង់ឡើងជុំវិញម៉ាស៊ីន 6 ស៊ីឡាំងជាជួរដ៏ធំសម្បើមរបស់ BMW ដែលបានកើនឡើងទំហំដល់ 1,800cc។ វាមានរាងទាបស្ទើរតែមិនគួរឱ្យជឿ ជាមួយតួខ្លួនរលូន, កាបូបចំហៀងជាប់តួ, ប្រព័ន្ធស៊ីម៉ាំងខ្វាត់ខ្វែង និងសមាមាត្រដែលហាក់ដូចជាមើលរំលងការរៀបចំទម្រង់ម៉ូតូទូទៅ។
ពិតណាស់ K18 Vision ត្រូវប្រឈមមុខនឹងឧបសគ្គធំជាងនេះឆ្ងាយណាស់ ប្រសិនបើវាចង់ឈានដល់ដំណាក់កាលផលិត។ ខុសពី Concept RR បច្ចុប្បន្នវាមិនទាន់មានកន្លែងច្បាស់លាស់សម្រាប់អ្នករួមដំណើរខាងក្រោយ, ផ្តល់ការការពារអាកាសធាតុតិចតួច និងមានតួខ្លួនដែលប្រាកដជាត្រូវតែកែសម្រួលដើម្បីឆ្លើយតបនឹងការអនុម័តផ្លូវច្បាប់ និងភាពជាក់ស្តែងនៃការប្រើប្រាស់ប្រចាំថ្ងៃ។ ហើយគេមិនទាន់និយាយដល់កង់ក្រោយដែលលេចចេញមកក្រៅ ដែលមើលទៅដូចជាអាចបង្កគ្រោះថ្នាក់ដល់អ្នកជិះបានយ៉ាងងាយនោះទេ។ ទោះបីជាវាមានភាពលេចធ្លោ និងអស្ចារ្យយ៉ាងណាក៏ដោយ ប៉ុន្តែចំណុចទាំងនោះធ្វើឱ្យវាមានឱកាសតិចជាង Concept RR ច្រើនក្នុងការផលិតចេញលក់។
ទោះជាយ៉ាងណាក៏ដោយ BMW បានបង្ហាញនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះថា ខ្លួនមានទំនុកចិត្តកាន់តែខ្លាំងឡើងក្នុងការនាំយកម៉ូតូគំរូមកកាន់ទីផ្សារដោយមានការផ្លាស់ប្តូរតិចតួចបំផុត។ ត្រកូល R18 បានរក្សាទម្រង់ស្ទើរតែដូចគ្នាទាំងស្រុងទៅនឹង Concept R18 ដើម ខណៈដែលគំនិតរចនាជាច្រើនដែលបានបង្ហាញជាលើកដំបូងលើម៉ាស៊ីនគំរូរបស់ BMW បានឆ្លងផុតដំណាក់កាលផលិតដោយរក្សាបានទម្រង់ដើមភាគច្រើន។
តើ K18 Vision និង Concept RR នឹងដើរតាមផ្លូវនោះដែរឬទេ វានៅតែត្រូវរង់ចាំមើលបន្តទៀត។ ប៉ុន្តែប្រសិនបើ Concept RR ពិតជាកំពុងឆ្ពោះទៅកាន់ភ្នាក់ងារចែកចាយដោយមានរូបរាងដូចគ្នានឹងម៉ូតូដែលធ្លាប់បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលនៅបឹង Como មែននោះ វាប្រហែលជាដល់ពេលដែលត្រូវឈប់ចាត់ទុកម៉ូតូគំរូរបស់ BMW ថាជាគ្រាន់តែជាការស្រមៃចោលទទេៗទៀតហើយ។
ប្រភព៖ UK. News
ប្រែសំរួល៖ AC Motors
