Admin, 19 June 2026
អត្ថបទមុន ក្រុមហ៊ុន Changan ចាប់ដៃគូសហការជាមួយក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់
ក្រុមហ៊ុន Changan បានបើកយុទ្ធនាការផ្សព្វផ្សាយពាក់ព័ន្ធនឹងពានរង្វាន់ពិភពលោក World Cup នៅក្នុងប្រទេសចិន ដោយបានសន្យថានឹងផ្តល់ជូនរថយន្តម៉ាក Deepal «ហ្វ្រី» ចំនួនមួយគ្រឿង សម្រាប់រាល់គ្រាប់បាល់នីមួយៗដែលក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ទាត់បញ្ចូលទីបាន។ ក្រុមហ៊ុនផលិតរថយន្តមួយនេះ បានក្លាយជា «ដៃគូសកលជាផ្លូវការ» របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ បន្ទាប់ពីបានសម្រេចកិច្ចព្រមព្រៀងយុទ្ធសាស្ត្រកាលពីខែឧសភា។
ទោះជាយ៉ាងណា លក្ខខណ្ឌលម្អិតត្រូវបានកំណត់យ៉ាងម៉ត់ចត់ ហើយពាក្យថា «ហ្វ្រី» គឺស្ថិតនៅក្នុងសញ្ញាសម្រង់។ ជំនួសឱ្យការផ្តល់សិទ្ធិកម្មសិទ្ធិជាម្ចាស់ឡានទាំងស្រុង អ្នកឈ្នះរង្វាន់នឹងទទួលបានសិទ្ធិប្រើប្រាស់រថយន្ត Deepal ក្នុងរយៈពេលមួយឆ្នាំ ដែលវាមានតម្លៃស្មើនឹងការជួលបើកបរដោយឥតគិតថ្លៃ។ ម្យ៉ាងវិញទៀត អ្នកចូលរួមប្រកួតប្រជែងក៏ត្រូវទៅបើកបរសាកល្បង (test-drive) រថយន្ត Deepal នៅតាមដេប៉ូចែកចាយក្នុងប្រទេសចិន ដើម្បីចុះឈ្មោះចូលរួមផងដែរ។
យោងតាមការបញ្ជាក់ពីម៉ាក Deepal រថយន្តចំនួនមួយគ្រឿងនឹងត្រូវបន្ថែមទៅក្នុងកញ្ចប់រង្វាន់សរុប សម្រាប់រាល់មួយគ្រាប់បាល់ដែលព័រទុយហ្គាល់ទាត់ចូល។ ចំពោះគ្រាប់បាល់ដែលទទួលបានពីការទាត់បាល់កាត់សេចក្តីប៉េណាល់ទី (penalty shoot-outs) គឺមិនត្រូវបានរាប់បញ្ចូលនោះទេ ដោយសារតែចំនួនគ្រាប់បាល់ក្នុងវគ្គនោះជាទូទៅមានកម្រិតខ្ពស់ជាងការប្រកួតធម្មតា។
Changan បានចូលរួមក្នុងបញ្ជីឈ្មោះក្រុមហ៊ុនផលិតរថយន្តចិនដែលកំពុងកើនឡើង ក្នុងការរំពឹងពង្រីកឥទ្ធិពល និងវិសាលភាពរបស់ខ្លួនតាមរយៈការទាញយកផលប្រយោជន៍ពីវិស័យបាល់ទាត់អឺរ៉ុប។ កាលពីពាក់កណ្តាលខែឧសភា ក្រុមហ៊ុន Chery ក៏បានចុះកិច្ចសន្យាជាមួយកំពូលតារាបាល់ទាត់ជនជាតិប៉ូឡូញ និងជាខ្សែប្រយុទ្ធរបស់ក្លឹប FC Barcelona គឺលោក Robert Lewandowski ដោយតែងតាំងលោកជា «ទូតសុឆន្ទៈម៉ាកយីហោកម្រិតសកល» របស់ក្រុមហ៊ុន។
ក្រុមហ៊ុន BYD ក៏មានសកម្មភាពយ៉ាងខ្លាំងក្លាផងដែរនៅក្នុងវិស័យនេះ ដោយបានចូលខ្លួនមកជំនួសតំណែងរបស់ Nissan ក្នុងនាមជាដៃគូយានយន្តផ្លូវការរបស់ក្លឹប Manchester City នៅក្នុងចក្រភពអង់គ្លេស។ ក្រុមហ៊ុនយក្សរបស់ចិនមួយនេះ ក៏ធ្លាប់បានធ្វើជាអ្នកឧបត្ថម្ភធំ (sponsor) ក្នុងព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប 2024 UEFA European Championship ផងដែរ។
ខណៈពេលដែលបណ្តាក្រុមហ៊ុនរថយន្តរបស់ចិន កំពុងបង្ហាញវត្តមានយ៉ាងលេចធ្លោនៅលើទីលានប្រកួត ប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិរបស់ចិនផ្ទាល់ បែរជាមិនត្រូវបានគេឃើញវត្តមានទាល់តែសោះ។ ទោះបីជាមានការព្យាយាមឆ្លងកាត់វគ្គជម្រុះដើម្បីចូលរួមប្រកួតពានរង្វាន់ World Cup ចំនួន 13 លើកក៏ដោយ ក៏ប្រទេសចិនធ្លាប់ទទួលបានជោគជ័យតែម្តងគត់ក្នុងប្រវត្តិសាស្ត្រ គឺនៅក្នុងឆ្នាំ 2002។ កាលនោះ ក្រុមជម្រើសជាតិចិនត្រូវបានធ្លាក់ចេញត្រឹមវគ្គចែកពូល និងមិនអាចទាត់បញ្ចូលទីបានសូម្បីតែមួយគ្រាប់។
ព័ត៌មានបន្ថែមអំពី Deepal ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2018 Deepal គឺជាម៉ាកយីហោរថយន្តថាមពលថ្មី (NEV) មួយស្ថិតនៅក្រោមក្រុមហ៊ុនមេ Changan។ ដោយកំណត់ទីតាំងស្ថិតនៅចំកណ្តាលនៃប្រព័ន្ធអេកូឡូស៊ីរថយន្តថាមពលថ្មីរបស់ Changan ម៉ាកនេះដើរតួជាស្ពានចម្លងរវាងម៉ាក Nevo (ដែលផ្តោតលើម៉ូដែលកម្រិតដំបូងតម្លៃសមរម្យ) និងម៉ាក Avatr (ដែលជាទិសដៅលើផ្នែកទីផ្សារលំដាប់ខ្ពស់ប្រណីត)។
Deepal បានចែករំលែកគ្រោងតួ (platform) ឡានថាមពលថ្មីរបស់ខ្លួនជាមួយក្រុមហ៊ុនរួមទុន Changan Mazda (JV)។ ម៉ូដែល Mazda 6e និង CX-6e គឺមានទំនាក់ទំនងបច្ចេកវិទ្យាយ៉ាងជិតស្និទ្ធជាមួយម៉ូដែល Deepal SL03 និង S07 ទៅតាមលំដាប់។ លើសពីនេះ ប្រតិបត្តិការរបស់ម៉ាកយីហោរងនេះ ក៏ត្រូវបានរួមបញ្ចូលគ្នាជាមួយ Avatr ផងដែរ ដែល Avatr នេះទើបតែបានជួបប្រទះនូវការធ្លាក់ចុះនៃការលក់យ៉ាងខ្លាំងក្នុងត្រីមាសទី 1 ឆ្នាំ 2026 រហូតដល់ទៅជាង 40%។
ទោះជាយ៉ាងណា Deepal នៅតែជាអ្នកលេងដ៏រឹងមាំមួយរូបនៅក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តចិន។ យោងតាមរបាយការណ៍របស់ China EV DataTracker ម៉ាកនេះសម្រេចបានការលក់រថយន្តក្នុងស្រុកចំនួន 23,589 គ្រឿង ក្នុងខែឧសភា ឆ្នាំ 2026 ដែលធ្វើឱ្យវាក្លាយជាម៉ាកលក់ដាច់បំផុតលំដាប់ទី 25 នៅក្នុងប្រទេសចិន ពោលគឺមានសមត្ថភាពលក់បានល្អជាងម៉ាក Nio ប៉ុន្តែនៅដើរពីក្រោយបងប្អូនបង្កើតរបស់ខ្លួន គឺម៉ាក Nevo។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
