Admin, 19 April 2026

អត្ថបទមុន៖​ Honda WN7 ឆ្នាំ 2026 ម៉ូតូអគ្គិសនីបង្ហាញខ្លួនជាលើកដំបូង

​​​         ម៉ូតូអគ្គិសនីខ្នាតធំដំបូងបង្អស់របស់ក្រុមហ៊ុន Honda គឺម៉ូដែល WN7 បានបន្តជោគជ័យបន្ទាប់ពីទទួលបានពានរង្វាន់ iF Design Award នាពេលថ្មីៗនេះ ដោយឈ្នះពានរង្វាន់រចនាផលិតផលដ៏មានកិត្យានុភាពបំផុតពីស្ថាប័ន Red Dot។ ម៉ូដែល WN7 បានឈ្នះពានរង្វាន់មាស (Gold Award) កាលពីពាក់កណ្តាលខែមីនាកន្លងទៅ ដែលជាកិត្តិយសខ្ពស់បំផុតនៅក្នុងផ្នែករចនាផលិតផលនៃពានរង្វាន់ iF Design Award

សមិទ្ធផលនេះ រួមជាមួយជ័យជម្នះចុងក្រោយនៅឯកម្មវិធី Red Dot មានន័យថា Honda WN7 ទទួលបានពានរង្វាន់រចនាផលិតផលដ៏ល្បីល្បាញបំផុតចំនួនពីរ ក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ WN7 មិនមែនជាផលិតផលតែមួយគត់របស់ Honda ដែលបានឈ្នះពានរង្វាន់ Red Dot នោះទេ ព្រោះរ៉ូបូតចល័ត Uni-One ក៏បានឈ្នះពានរង្វាន់ “Best of the Best” ដូច WN7 ដែរ។ លើសពីនេះ រថយន្តស្ព័រ Hybrid ម៉ូដែល Prelude និងម៉ាស៊ីនកាត់ស្មៅរ៉ូបូត Miimo 150i/2200i ក៏ត្រូវបានប្រកាសជាអ្នកឈ្នះពានរង្វាន់ Red Dot នៅក្នុងការប្រកួតតែមួយនេះផងដែរ។


លក្ខណៈបច្ចេកទេសសង្ខេបរបស់ Honda WN7

  • តម្លៃ: 12,999 ផោនប្រហែល17,579ដុល្លាអាមេរិក នៅក្នុងចក្រភពអង់គ្លេស។
  • កម្លាំង: ផលិតកម្លាំងបានអតិបរមា 50 គីឡូវ៉ាត់ (67 សេះ)។
  • ចម្ងាយជិះ: អាចរត់បានចម្ងាយរហូតដល់ 140 គីឡូម៉ែត្រ
  • ចំណែកកំណែដែលប្រើបណ្ណបើកបរប្រភេទ A1 អាចជិះបានចម្ងាយប្រហែល 153គីឡូម៉ែត្រ ។


លោក Toshinobu Minami នាយកគ្រប់គ្រង និងជាប្រធានមន្ត្រីប្រតិបត្តិនៃមជ្ឈមណ្ឌលរចនានៅក្រុមហ៊ុន Honda R&D Co., Ltd. បានមានប្រសាសន៍អំពីជោគជ័យបន្តបន្ទាប់របស់ Honda ថា៖​ «យើងមានកិត្តិយសយ៉ាងខ្លាំងដែលបានទទួលពានរង្វាន់ Red Dot ចំនួនប្រាំពីរឆ្នាំជាប់ៗគ្នា។ យើងជឿជាក់ថាពានរង្វាន់ទាំងនេះឆ្លុះបញ្ចាំងពីការពិតដែលថាមនុស្សជាច្រើនអាចយល់ពីចំណង់ចំណូលចិត្តរបស់ Honda ក្នុងការលើកកម្ពស់ការចល័ត និងភាពងាយស្រួលនៃសកម្មភាពប្រចាំថ្ងៃ ដើម្បីធ្វើឱ្យជីវិតរស់នៅរបស់មនុស្សកាន់តែមានភាពសប្បាយរីករាយ។

Honda នឹងបន្តបង្កើតគុណតម្លៃថ្មីៗដែលធ្វើឱ្យមនុស្សមានការភ្ញាក់ផ្អើល និងផ្តល់នូវក្តីរំភើប ព្រមទាំងផ្តល់នូវភាពរីករាយក្នុងការពង្រីកសក្តានុពលនៃជីវិតរបស់ពួកគេ។»

ប្រភព៖ UK. News

ប្រែសំរួល៖ AC Motors