Admin, 03 May 2026
យោងតាមសារព័ត៌មានចិន Latepost Auto ក្រុមហ៊ុន Leapmotor មានផែនការដាក់សម្ពោធម៉ាកយីហោទីពីរនៅក្នុងឆ្នាំ 2027 ជាមួយរថយន្តដែលមានតម្លៃលើសពី 43,500 ដុល្លារអាមេរិក។ ផ្អែកតាមផែនការបច្ចុប្បន្ន ម៉ាកថ្មីនេះនឹងមានបណ្តាញលក់ដាច់ដោយឡែកពីបណ្តាញចែកចាយដែលមានស្រាប់របស់ Leapmotor។
បច្ចុប្បន្ន ស្រឡាយរថយន្តរបស់ Leapmotor រួមមានស៊េរី A, B, C, D និងម៉ូដែល Lafa 5 ដែលគ្របដណ្តប់លើតម្លៃចាប់ពី 9,500 ដុល្លារ ដល់ 39,100 ដុល្លារ។ ក្រុមហ៊ុនមានផ្តល់ជូនទាំងរថយន្តប្រភេទ Sedan, SUV និង MPV ដែលមានទាំងជម្រើសអគ្គិសនីសុទ្ធ និងប្រភេទប្រើម៉ាស៊ីនសាំងជំនួយ។
កាលពីឆ្នាំមុន Leapmotor ទទួលបានចំណូលសរុប 9.38 ប៊ីលានដុល្លារ និងប្រាក់ចំណេញសុទ្ធចំនួន 78.26 លានដុល្លារ។ រួមជាមួយក្រុមហ៊ុន Li Auto វាក្លាយជាក្រុមហ៊ុន EV Startup មួយក្នុងចំណោមក្រុមហ៊ុនចិនតែពីរគត់ ដែលអាចសម្រេចបាននូវប្រាក់ចំណេញពេញមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ការឈានចូលទៅក្នុងទីផ្សារកម្រិតមធ្យមទៅកម្រិតខ្ពស់ដែលមានតម្លៃលើសពី 43,500ដុល្លា តម្រូវឱ្យក្រុមហ៊ុនត្រូវបោះជំហានឱ្យផុតពីការដាក់ទីតាំងម៉ាកយីហោដែលមានស្រាប់។
បន្ទាប់ពីដំណើរការអាជីវកម្មអស់រយៈពេលមួយទសវត្សរ៍ Leapmotor បានជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងចំណោមក្រុមហ៊ុន EV Startup របស់ចិនកាលពីឆ្នាំមុន ដោយលក់រថយន្តបាន 596,000 គ្រឿង។
យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែករថយន្ត Land Road តម្លៃលក់ជាមធ្យមរបស់ Leapmotor លើគ្រប់ម៉ូដែលទាំងអស់ក្នុងឆ្នាំ 2025 គឺប្រហែល 18,100 ដុល្លារ ដែលតម្លៃនេះប្រហាក់ប្រហែលនឹងម៉ាក Haval, Mazda និង iCAR ដែរ។ នៅក្នុងឆ្នាំ 2026 នេះ Leapmotor គ្រោងនឹងដំឡើងកម្រិតទីផ្សាររបស់ខ្លួនតាមរយៈម៉ូដែលថ្មីពីរគឺ D19 និង D99 ក្រុមហ៊ុន Leapmotor បើកបង្ហាញរថយន្ត D99 MPV និងកំណត់កាលបរិច្ឆេទដាក់លក់រថយន្ត D19 SUV នៅខែមេសា ឆ្នាំ 2026។
Leapmotor D99. Credit: Leapmotor
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
