Admin, 17 April 2026
អត្ថបទមុន៖ការបង្ហាញរូបភាពផ្លូវការនៃ Lynk & Co 10+ រថយន្តអគ្គិសនី Sedan កម្លាំងខ្លាំង នៅក្នុងប្រទេសចិន
ម៉ាករថយន្ត Lynk & Co របស់ក្រុមហ៊ុន Geely បានដាក់សម្ពោធជាផ្លូវការនូវរថយន្តអគ្គិសនីប្រភេទ Sedan ស្ព័រខ្នាតធំម៉ូដែល Lynk & Co 10+ និង Lynk & Co 10 កាលពីថ្ងៃទី 7 ខែមេសា ឆ្នាំ 2026។ ម៉ូដែលទាំងនេះពីមុនត្រូវបានគេស្គាល់ថាជាម៉ូដែល Z10។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានបង្ហាញនូវបច្ចេកវិទ្យាបញ្ជូនកម្លាំងអគ្គិសនីចុងក្រោយបង្អស់ រួមមានស្ថាបត្យកម្មតង់ស្យុងខ្ពស់ 900V, ប្រព័ន្ធបើកបរដែលមានប្រសិទ្ធភាពដល់ 93.7% និងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនបំផុត Energee Golden Brick Battery។
ការបំបែកកំណត់ត្រាសមត្ថភាពលើទីលានប្រណាំង
Lynk & Co 10+ ដែលជាម៉ូដែលដំបូងគេរបស់ប្រ៊េនដែលប្រើប្រាស់និមិត្តសញ្ញា "+" (តំណាងឱ្យសមត្ថភាពខ្លាំង) បានបញ្ចប់ការរត់មួយជុំទីលានក្នុងរយៈពេលត្រឹមតែ 1 នាទី 40.14 វិនាទី ដែលបានយកឈ្នះលើ Porsche Taycan GT ដើម្បីក្លាយជារថយន្តដែលរត់លឿនបំផុតលើទីលាន Asian Ridge Track។ នៅលើទីលានដដែលនេះ AUDI E7X បានបញ្ចប់ក្នុងនាមជា SUV ដែលលឿនបំផុតក្នុងរយៈពេល 1 នាទី 47.93 វិនាទី។
ការរចនាខាងក្រៅ និងខាងក្នុង
ម៉ូដែលទាំងពីរប្រើប្រាស់ភាសារចនា "The Next Day" របស់ Lynk & Co។ ម៉ូដែល 10+ បំពាក់ដោយស្លាបក្រោយ Carbon fibre ដែលអាចសារ៉េបាន, យ៉ាន់កង់ Forged ទំហំ 21 អ៊ីញ និងហ្វ្រាំង Brembo។ រថយន្តនេះណែនាំពណ៌ខាងក្រៅថ្មី "Racing Shadow Blue" និងពណ៌ខាងក្នុង "Shadow Red"។
វិមាត្រ៖ បណ្តោយប្រវែង 5,050mm, ទទឹងប្រវែង 1,966mm, កម្ពស់ 1,468mm និងមានប្រវែងចន្លោះកង់មុខក្រោយ(wheelbase) 3,005mm
កម្លាំងម៉ាស៊ីន និងសមត្ថភាព
Lynk & Co 10+ បំពាក់ប្រព័ន្ធបើកបរវិសមភាគី (AWD) ម៉ូទ័រភ្លោះ ដែលផ្តល់កម្លាំងអតិបរមា 680 គីឡូវ៉ាត់ (912 សេះ)។
- ការស្ទុះ៖ ពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល 3.2 វិនាទី។
- បច្ចេកវិទ្យា៖ ប្រព័ន្ធបើកបរប្រើប្រាស់លោហៈធាតុ Magnesium កម្រិតឧស្សាហកម្មអវកាស ដែលមានទម្ងន់ត្រឹមតែ 75 គីឡូក្រាម ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។ វាមានល្បឿនឆ្លើយតបក្នុងការប្តូរទៅប្រព័ន្ធ AWD ក្នុងពេលត្រឹមតែ 10 មីលីវិនាទី និងមានប្រព័ន្ធការពារការរអិលឆ្លាតវៃកម្រិត 2 មីលីវិនាទី។
អាគុយ និងការសាកភ្លើង
Lynk & Co 10 បំពាក់អាគុយ Energee Golden Brick 800V ទំហំ 77kWh ដែលគាំទ្រអត្រាសាកកម្រិត 5.5C (សាកពី 10% ទៅ 80% ក្នុងពេល 10.5 នាទី)។ ចំណែកប្រភេទ 900V ទំហំ 95kWh អាចរត់បានចម្ងាយរហូតដល់ 816 គីឡូម៉ែត្រ (CLTC)។ សម្រាប់ការសាកភ្លើង៖
- សាកពី 10% ទៅ 70% ចំណាយពេលត្រឹមតែ 4 នាទី 22 វិនាទី។
- សាកពី 10% ទៅ 97% ចំណាយពេលត្រឹមតែ 8 នាទី 42 វិនាទី (លឿនជាងកំណត់ត្រារបស់ BYD ដែលចំណាយពេល 9 នាទី)។
- វាអាចបន្ថែមចម្ងាយបើកបរបាន 2 គីឡូម៉ែត្រ ក្នុងរាល់ 1 វិនាទី នៃការសាក។
រថយន្ត Lynk & Co 10 EV មានតម្លៃលក់មុនចន្លោះពី ប្រហែល 29,000ដល់ 33,300 ដុល្លារអាមេរិក ដែលធ្វើឱ្យវាក្លាយជាគូប្រជែងផ្ទាល់របស់ Xiaomi SU7៕
ប្រភព៖ China
ប្រែសំរួល៖ Chea SokNang (AC Auto)
