Admin, 17 February 2026

អត្ថបទមុនប្រធានក្រុមហ៊ុន JAC និងស្ថាបនិក Huawei ពង្រឹងកិច្ចសហការ ខណៈរថយន្ត Maextro S800 ទទួលបានជោគជ័យយ៉ាងខ្លាំង     

      

        រថយន្តថាមពលថ្មីប្រភេទ Sedan ម៉ូដែល Maextro S800 ដែលជាកិច្ចសហការរវាងក្រុមហ៊ុន Huawei និង JAC នៅតែរក្សាបាននូវតំណែងជារថយន្តលំដាប់ប្រណីត (Luxury Saloon) ដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិន គិតត្រឹមខែមករា ឆ្នាំ 2026។ តួលេខលក់របស់វាគឺខ្ពស់ជាងការលក់របស់ BMW 7 Series និង Mercedes-Benz Maybach S-Class បូកបញ្ចូលគ្នាទៅទៀត។

Maextro S800 បានគ្រប់គ្រងចំណែកទីផ្សាររថយន្ត Sedan ប្រណីតដែលមានតម្លៃលើសពី ប្រហែល 100,000 ដុល្លារអាមេរិក ចាប់តាំងពីការចាប់ផ្តើមចែកចាយក្នុងខែសីហា ឆ្នាំ 2025។ រថយន្តនេះមានតម្លៃចន្លោះពី 102,600-147,520 ដុល្លារអាមេរិក។ កាលពីខែធ្នូ ឆ្នាំ2025 ម៉ូដែល S800 បានបង្កើតកំណត់ត្រាលក់បានដល់ទៅ 4,376 គ្រឿង ដែលបានយកឈ្នះ គូប្រជែងល្បីៗមកពីអឺរ៉ុបយ៉ាងងាយស្រួល។


ក្នុងខែមករា ឆ្នាំ 2026 Maextro បានចែកចាយរថយន្ត S800 ចំនួន 2,625 គ្រឿង។ ទោះបីជាមានការធ្លាក់ចុះ 38.6% បើធៀបនឹងខែមុនក៏ដោយ ប៉ុន្តែវានៅតែឈរនៅ លេខរៀងទីមួយក្នុងផ្នែកនេះ។ ចំណាត់ថ្នាក់លេខពីរគឺ BMW 7 Series (មិនរាប់បញ្ចូលម៉ូដែល i7) ដែលលក់បាន 1,188 គ្រឿង និងលេខបីគឺ Mercedes-Benz Maybach S-Class លក់បាន 1,040 គ្រឿង។ នេះមានន័យថា Maextro S800 លក់បានច្រើនជាងគូប្រជែងជិតស្និទ្ធទាំងពីរ របស់ខ្លួនបូកបញ្ចូលគ្នា។

យោងតាម China EV DataTracker បរិមាណលក់សរុបរបស់ Maextro S800 សម្រេចបាន 14,078 គ្រឿង ដោយក្នុងនោះទីក្រុងដែលមានការលក់ខ្ពស់បំផុតរួមមាន ទីក្រុងសិនជិន (Shenzhen), ក្វាងចូវ (Guangzhou), ស៊ាងហៃ (Shanghai) និងប៉េកាំង (Beijing)។ កន្លងមក លោក Richard Yu នាយកប្រតិបត្តិផ្នែករថយន្តរបស់ Huawei ធ្លាប់បានចែករំលែកថា Maextro S800 នឹងក្លាយជារថយន្តដែលលក់ដាច់បំផុតក្នុងកម្រិតតម្លៃលានយ័ន។


PlaceModelSale (Jan 2026)
1Maetro s8002,625
2BMW7 Series1,188
3Maybach S-Class1,040
4Mercedes-Benz S-Class1,005
5Audi A8460
6Porsche Panamera451
7Yangwang U7111
8Nio ET985
9Porsche Taycan37
10BMW i734

ម៉ូដែលនេះត្រូវបានដាក់លក់តាមរយៈហាង HIMA (Harmony Intelligent Mobility Alliance) របស់ Huawei ដែលលក់ម៉ាករថយន្តផ្សេងទៀតដូចជា Aito, Stelato, Luxeed និង Saic (Shangjie) ផងដែរ ដែលនេះជាមូលហេតុចម្បងមួយនាំឱ្យមានសមត្ថភាព លក់ដ៏អស្ចារ្យបែប នេះ។


ព័ត៌មានបន្ថែមអំពី Maextro S800

Maextro S800 គឺជារថយន្ត Sedan ខ្នាតធំ (Large sedan) ដែលមានវិមាត្រ៖

  • បណ្តោយប្រវែង 5,480mm,ទទឹង​ប្រវែង 2,000mm ​និងកម្ពស់​ 1,536mm។
  • ចម្ងាយពីកង់មុខទៅកង់ក្រោយ៖ 3,370mm វែងជាង BMW 7 Series ស៊េរីថ្មី ចំនួន 89mm។
  • ផ្នែកខាងក្នុង៖ បំពាក់អេក្រង់ប៉ះកណ្តាលទំហំ 15.6 អ៊ីញ និងមានអេក្រង់សម្រាប់ អ្នកដំណើរខាងមុខទំហំ 16 អ៊ីញ។ បង្អួចអ្នកដំណើរខាងក្រោយអាចសារ៉េពន្លឺ (Dimmed) បានដោយគ្រាន់តែប្រើដៃអូស។


ជម្រើសកម្លាំងម៉ាស៊ីន៖

  • ប្រភេទអគ្គិសនីសុទ្ធ (BEV): ប្រើម៉ូទ័រភ្លោះកម្លាំង 390 គីឡូវ៉ាត់ (523 សេះ) និងអាគុយ 95 គីឡូវ៉ាត់ម៉ោង ផ្តល់ចម្ងាយបើកបរបាន 702គីឡូម៉ែត្រ (តាមស្តង់ដារ CLTC)។
  • ប្រភេទប្រើម៉ាស៊ីនជំនួយ (EREV): មានជម្រើសម៉ូទ័រភ្លោះ 390 គីឡូវ៉ាត់ និងជម្រើសម៉ូទ័របី (Tri-motor) កម្លាំងដល់ទៅ 635 គីឡូវ៉ាត់ (852 សេះ)។ វាមានម៉ាស៊ីនសាំង 1.5 លីត្រ ជាគ្រឿងបង្កើតថាមពល និងមានអាគុយ 65 គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរដោយអគ្គិសនីសុទ្ធបានចម្ងាយចន្លោះពី 365 ទៅ 400គីឡូម៉ែត្រ។



ថ្មីៗនេះ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) ក៏បានបង្ហាញពីលក្ខណៈ បច្ចេកទេសនៃម៉ូដែល S800 ដែលត្រូវបានធ្វើបច្ចុប្បន្នភាពថ្មី ដែលនឹងបញ្ចេញលក់ក្នុងពេល ឆាប់ៗនេះ ជាមួយនឹងកម្លាំងម៉ាស៊ីនជំនួយ (Range-extender) ខ្លាំងជាងមុន៕

ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)