Admin, 18 October 2026
លោក William Li ដែលជាស្ថាបនិក, ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Nio Inc បានឆ្លើយតបទៅនឹងរថយន្តស្ព័រ Roadster ជំនាន់ទីពីរដែលអាចហោះបានរបស់ក្រុមហ៊ុន Tesla ក្រុមហ៊ុន Tesla បង្ហាញរូបរាងថ្មីរថយន្ត Roadster (ដែលអាចហោះបាន)ជាមួយការបើកទទួលការកក់ទុកមុនដោយទាញយកឱកាសនេះមិនបង្អែបង្អង់ និងការលែងសើចជាមួយការអះអាងដែលរូបលោកបានធ្វើឡើងកាលពីច្រើនឆ្នាំមុន។
កាលពីថ្ងៃសុក្រ លោក Li បានចែករំលែកបន្ត (repost) នូវវីដេអូនៃរថយន្ត Roadster នៅលើបណ្តាញសង្គម Weibo ហើយបានសរសេរថា៖ «អស្ចារ្យណាស់! អាមួយនេះ យើងពិតជាគ្មានមែន។ សូមកោតសរសើរដល់ Tesla»។
ការផុសសារនេះ មានភ្ជាប់ជាមួយនឹងរូបតំណាង (emoji) សើចផងយំផង ហើយត្រូវ បានគេមើលឃើញយ៉ាងច្បាស់ថាជាការសើចចំអកឱ្យខ្លួនឯង ជុំវិញសម្តីរបស់លោកបាននិយាយកំឡុងពេលឆ្នាំ 2018 ថា៖ «អ្វីដែល Tesla មាន យើងក៏មានដែរ; អ្វីដែលយើងមាន Tesla មិនមាននោះទេ»។
លោក Li បានធ្វើការអត្ថាធិប្បាយបែបនេះនៅក្នុងឆ្នាំនោះ នៅឯសាលា Tencent Academy នៅពេលត្រូវបានគេសួរដេញដោលអំពីការយកប្រៀបធៀបជាមួយក្រុមហ៊ុន Tesla ដោយលោកបាននិយាយថា សហគ្រិនចិនគួរតែមានទំនុកចិត្តក្នុងការចូលរួមក្នុងការប្រកួតប្រជែងកម្រិតសកល។
នាពេលនោះ Nio កំពុងរៀបចំការលក់រថយន្តផលិតជាលើកដំបូងរបស់ខ្លួន គឺម៉ូដែល ES8 ដែលត្រូវប្រកួតប្រជែងជាមួយរថយន្ត Model 3 របស់ Teslaដែលកំឡុងពេលនោះ Tesla Model3 មិនទាន់ត្រូវបានលក់នៅក្នុងប្រទេសចិននៅឡើយផងដែរ ដូច្នេះការអត្ថាធិប្បាយនេះមិនបានទាក់ទាញភាពចោទសួរ/ជជែកដេញដោលអ្វីច្រើននោះទេកាលពីពេលនោះ។
នៅពេលបន្ទាប់មក Tesla បានបន្តពង្រីកខ្លួនយ៉ាងខ្លាំង ផ្អែកលើកំណើនបរិមាណលក់កម្រិតសកលនៃម៉ូដែល Model 3 និង Model Y រួមទាំងប្រព័ន្ធបើកបរស្វ័យប្រវត្តពេញលេញ Full Self-Driving (FSD) និងបច្ចេកវិទ្យារ៉ូបូត ហើយសម្តីអត្ថាធិប្បាយមួយនេះ តែងតែលេចឡើងសារជាថ្មីជាញឹកញាប់ នៅក្នុងប្រអប់បញ្ចេញមតិលើបណ្តាញសង្គម។
បន្ទាប់ពី Tesla បានបង្ហាញរថយន្ត Roadster ជំនាន់ទីពីរ កាលពីថ្ងៃព្រហស្បតិ៍ តាមពេលវេលាក្នុងស្រុក រូបភាព screenshots នៃសម្តីអត្ថាធិប្បាយនោះ បានរីករាលដាលយ៉ាងទូលំទូលាយម្តងទៀត ហើយលោក Li បានឆ្លើយតបវិញដោយពាក្យថា «អាមួយនេះ យើងពិតជាគ្មានមែន»។
លោក He Xiaopeng ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Xpeng ក៏បានបញ្ចេញមតិនៅលើ Weibo ផងដែរ ដោយបានហៅរថយន្តថ្មីនេះថាជា «រថយន្តហោះដ៏ត្រជាក់ភ្នែកបំផុតមួយ នៅក្នុងទម្រង់ផ្សេង»។
លោកបានមានប្រសាសន៍ថា តើវាអាចយកទៅប្រើប្រាស់បានឬយ៉ាងណានោះ គឺនៅតែអាស្រ័យលើសុវត្ថិភាពនៃការហោះហើរ និងប៉ារ៉ាម៉ែត្រផ្សេងៗដូចជា ចម្ងាយបើកបរ/ហោះហើរ ហើយមិនមាននរណាម្នាក់អាចមើលរំលងការទទួលស្គាល់សញ្ញាបត្រហោះហើរ (ដូចជា type certification ឬ TC) បាននោះទេ ដែលទាមទារការងាររយៈពេលវែងនៅទូទាំងពិភពលោក។ លោកបានសម្តែងការសង្ឃឹមថា វឌ្ឍនភាពនៅក្នុងវិស័យនេះ អាចនឹងត្រូវ បានពន្លឿន។
ផ្នែករថយន្តហោះ Aridge របស់ក្រុមហ៊ុន Xpeng កំពុងបង្កើតរថយន្តហោះ និងមានគោលដៅសម្រេចឱ្យបាននូវការផលិតក្នុងបរិមាណច្រើន (mass production) ដោយប្រើប្រាស់ខ្សែសង្វាក់ផលិតកម្មបែបយានយន្ត។
Tesla បានបង្ហាញរថយន្ត Roadster ជំនាន់ទីពីរ នៅឯទីតាំងធ្វើតេស្តរបស់ SpaceX ក្នុងទីក្រុង McGregor រដ្ឋតិចសាស់ ដែលនៅទីនោះ យានយន្តបង្ហាញគំរូបានបើកឡើងលើផ្លូវជម្រាល ដោយមានជំនួយពីប្រព័ន្ធកង្ហារបឺត និងម៉ាស៊ីនរុញឧស្ម័នត្រជាក់ (cold-gas thrusters) ដោយបានហោះបង្វិលលើអាកាស និងចុះចត ហើយក៏បានលោតផ្លោះរំលងក្បួនរថយន្ត Tesla រួមទាំងរថយន្តសណ្តោង Semi ផងដែរ។
ប្រភព៖ China News
ប្រែសំរួល៖ Chea SokNang (AC Auto)
