Admin, 22 March 2026

           អាគុយប្រភេទ Solid-state របស់ក្រុមហ៊ុន CATL ដែលមានដង់ស៊ីតេថាមពល 500 Wh/kg និងប្រើប្រាស់សមាសធាតុគីមីផ្អែកលើ Sulfide បានចាប់ផ្តើមការអភិវឌ្ឍសាកល្បងនៅ ក្នុងប្រទេសចិនហើយ។ ឈ្មោះក្នុងស្រុករបស់វាគឺ Ningde Shidai All-Solid-State។ ក្រុមហ៊ុនយក្សផ្នែកអាគុយមួយនេះ កំពុងប្រណាំងជាមួយពេលវេលា ដើម្បីឱ្យទាន់ឱសានវាទ ឆ្នាំ 2027 (ប្រទេសចិនបញ្ឆេះអោយមានការប្រកួតប្រជែងអាគុយ Solid-state៖ ការពង្រីកផលិតកម្មក្នុងឆ្នាំ 2026 និងការបង្ហាញវត្តមានលើរថយន្តនៅឆ្នាំ 2027) សម្រាប់ការផលិតទ្រង់ទ្រាយតូច ខណៈដែលប្រទេសចិនគ្រោងនឹងបញ្ចេញស្តង់ដារ អាគុយ Solid-state នៅខែកក្កដា ឆ្នាំ 2026 ដែលជាការអនុវត្តស្តង់ដារបច្ចេកទេសថ្នាក់ជាតិ លើកដំបូងសម្រាប់ប្រភេទអាគុយនេះ។

ប៉ាតង់ដែលទើបតែចុះផ្សាយលេខ PCT/CN2025/086345 ផ្តោតលើសម្ភារៈសកម្ម​អេឡិចត្រូត​វិជ្ជមានជាក់លាក់ និងវិធីសាស្ត្ររៀបចំដែលរចនាឡើងដើម្បីកាត់បន្ថយភាពមិនស្ថិតស្ថេរដែល​មានស្រាប់នៅក្នុងអេឡិចត្រូលីត Sulfide។ ទិន្នន័យបច្ចេកទេសបង្ហាញថា បច្ចុប្បន្នក្រុមហ៊ុន​ស្ថិតក្នុង​កម្រិតភាពចាស់ទុំនៃបច្ចេកវិទ្យាទី 4 (Level 4) ហើយមានគោលដៅឈានដល់ កម្រិតទី 7 ឬ 8 នៅត្រឹមឆ្នាំ 2027។ កម្រិតនេះមានន័យថាជាការផ្លាស់ប្តូរ ពីគំរូក្នុងមន្ទីរ ពិសោធន៍ទៅជាកោសិកាអាគុយស្តង់ដាររថយន្តដែលត្រៀមរួចជាស្រេចសម្រាប់ការរួមបញ្ចូលក្នុងយានយន្តសាកល្បង។


ចំណុចសំខាន់នៃប៉ាតង់

ការចុះបញ្ជីនេះឆ្លុះបញ្ចាំងពីការផ្តោតអារម្មណ៍របស់ម៉ាកសញ្ញាលើការរក្សាស្ថេរភាពអេឡិចត្រូលីតអាគុយ Solid-state ដែលជាបញ្ហាប្រឈមជាយូរមកហើយទាក់ទងនឹងការដាច់ ទំនាក់ ទំនងរវាងផ្ទៃប៉ះ (Interface contact)។ លោក Wu Kai ប្រធានអ្នកវិទ្យាសាស្ត្របានសង្កត់ធ្ងន់ ម្តងហើយម្តងទៀតថា ផែនទីបង្ហាញផ្លូវត្រូវបានកំណត់យ៉ាងច្បាស់៖ កម្រិតទី 9 តំណាង ឱ្យការផលិតទ្រង់ទ្រាយធំ ប៉ុន្តែគោលដៅរយៈពេលខ្លីគឺការផលិតគំរូកោសិកា 60Ah កម្រិតរថយន្ត។


ការប្តេជ្ញាចិត្តលើសន្លឹកស្ពាន់ (Copper Foil)

កាលពីថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2025 ក្រុមហ៊ុន CATL បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការជាមួយក្រុមហ៊ុន Guangdong Jiayuan Technology ដោយកក់ទុក សមត្ថភាពផលិតសន្លឹកស្ពាន់ចំនួន 626,000 តោន សម្រាប់ឆ្នាំ 2026-2028។ ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់នេះ មានតម្លៃប្រហែល 9.6 ពាន់លានដុល្លារអាមេរិក ដើម្បីធានាបាននូវសម្ភារៈអេឡិចត្រូតអវិជ្ជមានពិសេសសម្រាប់ទាំងអាគុយប្រភេទ Semi-solid និង All-solid-state។ ការកក់ទុកសមត្ថភាពផលិតដ៏មហិមានេះ បង្ហាញពីការបោះជំហានទៅ រកការធ្វើឧស្សាហូបនីយកម្មខ្នាតធំ។


បញ្ហាប្រឈមផ្នែកវិស្វកម្ម៖ កោសិកា 60Ah

"របាំងការពារផ្នែកវិស្វកម្ម" របស់ CATL គឺស្ថិតនៅលើការពង្រីកទំហំពីគំរូ 20Ah ទៅជា កោសិកា 60Ah កម្រិតរថយន្ត។ ខុសពីអាគុយ NCM អេឡិចត្រូលីតរាវ អាគុយប្រភេទ Sulfide Solid-state ត្រូវការការសង្កត់ក្នុងទម្ងន់ធ្ងន់ជាបន្តបន្ទាប់ដើម្បីរក្សាទំនាក់ទំនង ។ វិស្វករបាន ពិពណ៌នាស្រទាប់សេរ៉ាមិចនេះថាដូចជា "ក្បឿងថ្មរលោង" ដែលក្រាស់ ស្រួយ និងពិបាក គ្រប់គ្រង។ លក្ខណៈបច្ចេកទេសនេះតម្រូវឱ្យមានការរចនាសំបកអាគុយដែលរឹងមាំ ដែលអាចប៉ះពាល់ដល់អត្ថប្រយោជន៍នៃទម្ងន់ដ៏ស្រាលរបស់អាគុយ។



ការពិនិត្យមើលតថភាពជាក់ស្តែង

CATL បានបន្ទាបការរំពឹងទុកខ្លះៗ ដោយកាលពីខែតុលា ឆ្នាំ 2025 ក្រុមហ៊ុនបានទទួល ស្គាល់ថា ទោះបីជា "បញ្ហាប្រឈមផ្នែកវិទ្យាសាស្ត្រត្រូវបានដោះស្រាយភាគច្រើន" ក៏ដោយ ប៉ុន្តែឧបសគ្គផ្នែកវិស្វកម្មនៅតែមាន។ តម្លៃគឺជាបញ្ហាចម្បង៖ កោសិកាអាគុយ Sulfide Solid-state បច្ចុប្បន្នមានតម្លៃថ្លៃជាងអាគុយ Lithium-ion ធម្មតាពី 3 ទៅ 5 ដង។ CATL ក៏បាន បដិសេធពាក្យចចាមអារ៉ាមអំពីការផលិតរថយន្ត EV អាគុយ Solid-state ដែលអាចរត់បាន ចម្ងាយ 2,000 គីឡូម៉ែត្រនៅឆ្នាំ 2027 ផងដែរដោយប្តូរមកផ្តោតលើការប្រើប្រាស់ដំបូងក្នុង ដ្រូន​ (Drones) និងមនុស្សយន្ត (Robotics)ដែលដង់ស៊ីតេថាមពលមានសារៈសំខាន់ ជាងតម្លៃ៕


ប្រភព៖ China News

ប្រែសំរួល៖ Chea SokNang (AC Auto)